សហគមន៍​ខេត្ត​បាត់ដំបង​បារម្ភ​ខ្លាច​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​បំផ្លាញ​ជម្រក​សត្វ​បឹង​ទន្លេសាប

សហគមន៍​នេសាទ​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង និង​មន្ត្រី​អភិរក្ស​ធនធាន​ជលផល​តំបន់​បឹង​ទន្លេសាប កំពុង​ព្រួយ​បារម្ភ​ពី​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​តំបន់​ស្នូល ដែល​ជា​ដែន​ជម្រក​សំខាន់​របស់​សត្វ​ស្លាប និង​មច្ឆជាតិ។ ការ​ព្រួយ​បារម្ភ​នេះ ដោយសារ​ភ្លើង​ឆេះ​ព្រៃ​កាន់​តែ​ខ្លាំង​ឡើង ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ពុំ​មាន​វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។

ប្រជា​សហគមន៍​នេសាទ​ស្រុក​ឯកភ្នំ ស្នើ​ឲ្យ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​នានា រួម​គ្នា​ទប់ស្កាត់​ព្រៃ​លិច​ទឹក​តំបន់​បឹង​ទន្លេសាប​ជា​បន្ទាន់ ដើម្បី​រក្សា​ព្រៃ​ជម្រក​សត្វ និង​មច្ឆជាតិ​រស់នៅ។

ប្រជា​សហគមន៍​នេសាទ​ភូមិ​អន្លង់តាអួ ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ គឺ​លោក តុន ណៃ។ លោក​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ មេសា ថា ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​តំបន់​ស្នូល​ដែន​ជម្រក​សត្វ​ស្លាប​ដ៏​ធំ​នៅ​បឹង​ទន្លេសាប នៅ​ចំណុច​ព្រែក​ដា នៃ​ឃុំ​កោះជីវាំង ធ្វើ​ឲ្យ​ហិនហោច​អស់​ព្រៃ​រាប់​ពាន់​ហិកតារ។ លោក​អះអាង​ថា ភ្លើង​ឆេះ​ព្រៃ​ខ្លាំង​ចាប់​ពី​ថ្ងៃ​ទី​២៤ មេសា រហូត​មក ហើយ​បណ្ដាល​ឲ្យ​សត្វ​ពស់ ស្វា អណ្ដើក និង​សត្វ​ស្លាប​មួយ​ចំនួន​ទៀត បាន​ងាប់​រាប់​រយ​ក្បាល​ស្អុយ​ពេញ​ព្រៃ។ លោក​ព្រួយ​បារម្ភ​ខ្លាច​ហិនហោច​ជម្រក​សំខាន់​របស់​សត្វ​ស្លាប​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ៖ «ខ្ញុំ​សោកស្ដាយ​ព្រៃ​លិច​ទឹក​ណាស់ តែ​ខ្ញុំ​មិន​ដឹង​ធ្វើ​យ៉ាង​ណា ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ភ្លើង​ឆេះ​រាល​ដាល​ទៅ​មុខ​ទៀត​បាន​នោះ​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ នាយក​គ្រប់គ្រង​ព្រៃ​លិច​ទឹក​តំបន់​ស្នូល​ព្រែក​ទាល់ លោក ឡុង ខេង ទទួល​ស្គាល់​ថា ពិត​ជា​មាន​ភ្លើង​ឆេះ​ព្រៃ​តំបន់​ដែន​ជម្រក​សំខាន់​របស់​សត្វ​បក្សី​នៅ​បឹង​ទន្លេសាប​ប្រាកដ​មែន។ លោក​អះអាង​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន បាន​សហការ​គ្នា​ចុះ​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ជា​បន្តបន្ទាប់​ដែរ តែ​មិន​អាច​ទប់ស្កាត់​បាន។ លោក​ក៏​សម្ដែង​ការ​ព្រួយ​បារម្ភ​ភ្លើង​ឆេះ​ព្រៃ​ជម្រក​សត្វ​នេះ​ដូច​គ្នា ក៏ប៉ុន្តែ​លោក​ថា​គ្មាន​លទ្ធភាព​ដើម្បី​ទប់ស្កាត់​ភ្លើង​នោះ​បាន៖ «យើង​បាន​ដាក់​ម៉ាស៊ីន​បូម​ទឹក​ចំនួន ១០​គ្រឿង ដើម្បី​ជួយ​ពន្លត់​ភ្លើង​កាត់​បន្ថយ​មិន​ឲ្យ​រាល​ដាល​ទៅ​មុខ​ទៀត ប៉ុន្តែ​យើង​មិន​អាច​ទប់ស្កាត់​ភ្លើង​ឆេះ​ទាំង​ស្រុង​នោះ​ទេ។ បើ​ទប់ស្កាត់​ទាំង​ស្រុង ទាល់​តែ​មាន​យន្តហោះ​សម្រាប់​ពន្លត់​ភ្លើង ទើប​អាច​ជួយ​បាន»

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​តំបន់​បឹង​ទន្លេសាប អ្នកស្រី នូ សារឹម មាន​ប្រសាសន៍​ថា ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ឆ្នាំ​នេះ​មាន​សភាព​ខ្លាំងក្លា​ជាង​ឆ្នាំ​មុនៗ ជាពិសេស​នៅ​តំបន់​ស្នូល​សំខាន់​ដែន​ជម្រក​សត្វ​ស្លាប និង​មច្ឆជាតិ​បឹង​ទន្លេសាប​តែ​ម្ដង។ អ្នកស្រី​ពន្យល់​ថា ប្រជា​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន មិន​អាច​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​បាន​ទេ ប្រសិន​បើ​អាជ្ញាធរ​ថ្នាក់​ជាតិ និង​មន្ត្រី​ពាក់ព័ន្ធ​មិន​ជួយ​ពួក​គាត់​នោះ៖ «ហើយ​សំខាន់​ជាង​គេ គឺ​ប្រជាពលរដ្ឋ​ខ្លួន​ឯង ក៏​ត្រូវ​យល់​ដឹង​អំពី​ប្រយោជន៍​ព្រៃ​លិច​ទឹក និង​ជួយ​ថែ​រក្សា​ព្រៃ​ដែរ ពីព្រោះ​បើ​បាត់បង់​ព្រៃ​លិច​ទឹក នឹង​ប៉ះពាល់​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​មិន​អាច​រក​ប្រាក់​ចំណូល​ពី​របរ​នេសាទ​បាន​នោះ​ទេ»

ព្រៃ​លិច​ទឹក​តំបន់​ស្នូល​បឹង​ទន្លេសាប ដែល​ជា​ដែន​ជម្រក​សត្វ​ស្លាប​ផង​នោះ មាន​ផ្ទៃដី​ប្រមាណ​ជាង ២​ម៉ឺន ១​ពាន់​ហិកតារ។ នាយក​តំបន់​ឲ្យ​ដឹង​ថា រយៈពេល​ប្រមាណ ២​ខែ​មក​នេះ ភ្លើង​ឆេះ​ព្រៃ​តំបន់​ស្នូល​អស់​ប្រមាណ ២​ពាន់​ហិកតារ ហើយ​ភ្លើង​ចេះ​តែ​បន្ត​ឆេះ​មិន​ទាន់​រលត់​នៅ​ឡើយ។ ប្រជាពលរដ្ឋ​អះអាង​ថា ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ចុះ​ទប់ស្កាត់​ទាន់​ពេល​ទេ ភ្លើង​នឹង​ឆេះ​ជម្រក​សត្វ​ស្លាប​អស់​ក្នុង​រយៈពេល​ប្រមាណ ១​ខែ​ខាង​មុខ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។