អាជ្ញាធរ​ដាក់​ឱសានវាទ​ស្រង់​ស្ថិតិ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២

ក្រុម​ការងារ​ស្រង់​ស្ថិតិ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ទាក់ទិន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង កំណត់​ឱសានវាទ​ឲ្យ​ប្រជាពលរដ្ឋ​សហការ​ផ្តល់​ទិន្នន័យ​ផល​ប៉ះពាល់​ជូន​ក្រុម​ការងារ ដើម្បី​ក្រុម​ការងារ​មាន​មូលដ្ឋាន​គ្រប់គ្រាន់​គណនា និង​ទូទាត់​ដោះស្រាយ​សំណង​ជូន​ពលរដ្ឋ​បាន​គ្រប់​ក្រុម​គ្រួសារ ខណៈ​ប្រជាពលរដ្ឋ​ប្រមាណ ៣០​ភាគរយ​នៃ​អ្នក​រង​ផល​ប៉ះពាល់​ជាង ១​ពាន់​គ្រួសារ មិន​ព្រម​ទទួល​យក​សំណង។

ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៦ គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ស្រង់​ស្ថិតិ​សម្រាប់​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់ ទាក់ទិន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ១ និង​ស្រែគរ២ ឃុំ​ស្រែគរ ជិត ១០០​នាក់ បាន​ចូលរួម​ស្តាប់​ការ​ផ្សព្វផ្សាយ​លិខិត​ជូន​ដំណឹង​ស្ដីពី​ឱសានវាទ​នេះ តាម​រយៈ​អាជ្ញាធរ​ឃុំ​ស្រែគរ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា នៅ​សាលា​បុណ្យ​វត្ត​ស្រែគរ ក៏ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​យល់ព្រម​ទទួល​សំណង​ផល​ប៉ះពាល់​ប្រមាណ ១០​នាក់​ប៉ុណ្ណោះ បាន​ទៅ​ចូលរួម​ស្តាប់​ការ​ផ្សព្វផ្សាយ​នេះ។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ថ្លែង​បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​បង្ខំ ឬ​ដាក់​គំនាប​ណា​មួយ​ឲ្យ​ប្រជាពលរដ្ឋ​យល់ព្រម​ទទួល​សំណង​ផល​ប៉ះពាល់​នោះ​ទេ ក៏ប៉ុន្តែ​លោក​ថា អាជ្ញាធរ​មាន​តួនាទី​ផ្សព្វផ្សាយ​ការ​ជូន​ដំណឹង​ឱសានវាទ​ជូន​ប្រជាពលរដ្ឋ​ដើម្បី​ជ្រាប និង​ប្រើ​សិទ្ធិ​សម្រេច​ចូលរួម​សហការ។ លោក​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​គោរព​ច្បាប់ និង​អនុវត្ត​កាតព្វកិច្ច​ចូលរួម​ការ​អភិវឌ្ឍ​ដើម្បី​ផល​ប្រយោជន៍​ជាតិ៖ «គោល​បំណង​ប្រជុំ​ថ្ងៃ​នេះ គឺ​អាទិភាព​ប្រជុំ​ផ្សព្វផ្សាយ​ពី​ឱសានវាទ​នេះ។ ប្រើ​អំណាច​បិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ទេ សិទ្ធិ​អំណាច​តួនាទី​ថ្នាក់​ខេត្ត​បាន​សម្រេច​ជា​ឯកច្ឆន្ទ ហើយ​បាន​ចេញ​ជា​ផ្លូវ​ការ»

រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង ចេញ​លិខិត​ជូន​ដំណឹង​ស្ដីពី​ឱសានវាទ​នេះ ដល់​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​យល់ព្រម​ឲ្យ​ក្រុម​ការងារ​វាស់វែង​ស្ថិតិ​ដីធ្លី ផ្ទះ​សម្បែង ផល​ដំណាំ ខណៈ​ពួក​គាត់​ដែល​នឹង​ត្រូវ​ប្ដូរ​ទីលំនៅ​ទៅ​តំបន់​តាំង​ទីលំនៅ​ថ្មី។

នៅ​ឃុំ​ស្រែគរ ប្រជាពលរដ្ឋ​ជាង ៥០០​គ្រួសារ​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ក្នុង​នោះ​ប្រជាពលរដ្ឋ​ជាង ២៥០​គ្រួសារ បាន​យល់ព្រម​ទទួល​សំណង​ផល​ប៉ះពាល់។ ដោយឡែក​ប្រជាពលរដ្ឋ​ជិត ២៤០​គ្រួសារ​ទៀត មិន​ព្រម​ទទួល​សំណង និង​មួយ​ចំនួន​បដិសេធ​មិន​ព្រម​ចាក​ចេញ​ពី​ភូមិ​ចាស់។

អ្នក​ភូមិ​ដែល​មិន​ព្រម​ចាក​ចេញ​ម្នាក់​ដែល​បាន​មក​ស្តាប់​ការ​ផ្សព្វផ្សាយ​លិខិត​ជូន​ដំណឹង​ឱសានវាទ លោកស្រី ដាត ស៊ូតា រស់នៅ​ភូមិ​ស្រែគរ២ បញ្ជាក់​ថា អ្នក​ភូមិ​មួយ​ចំនួន​នៅ​ស្ដាយ​ស្រណោះ​ភូមិ​កំណើត ទើប​មិន​ព្រម​ចាក​ចេញ។ លោកស្រី​បន្ត​ថា សំណង​ផល​ប៉ះពាល់​របស់​រាជ​រដ្ឋាភិបាល និង​ក្រុមហ៊ុន គឺ​សមស្រប ក៏ប៉ុន្តែ​អ្នក​ភូមិ​ស្នើសុំ​រស់នៅ​ទីតាំង​ភូមិ​ចាស់ បើ​ទោះ​តំបន់​នោះ​ក្លាយ​ជា​អាង​ស្តុក​ទឹក​ក្តី៖ «យើង​ខ្ញុំ​មិន​ថ្នាំងថ្នាក់​អ្វី​ទេ​រឿង​បេះ​មិន​ដាច់​ពី​ភូមិ​កំណើត។ ខ្លាច​ដូច​ភូមិ​ចាស់​វា​មាន​ឈើ​គ្រុន​អបិយ​ជំនឿ ហើយ​ស្លាប់​ត​គ្នា​រហូត​មួយ​ថ្ងៃ​មួយៗ បាន​ជា​ខ្ញុំ​ផ្លាស់​មក​នៅ​ភូមិ​នេះ​បាន​សុខសាន្ត ហើយ​ខ្ញុំ​មិន​ទៅ​ទេ»

គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ជា​គម្រោង​ខ្នាត​ធំ​ទី​១ នៅ​ប្រទេស​កម្ពុជា ដែល​អនុម័ត​ដោយ​សម័យ​ប្រជុំ​របស់​គណៈរដ្ឋមន្ត្រី​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២។ ទំនប់​វារីអគ្គិសនី​នេះ គ្រោង​នឹង​សាងសង់​រួច​រាល់​នៅ​ចុង​ឆ្នាំ​២០១៦ ឬ​ដើម​ឆ្នាំ​២០១៧ ខាង​មុខ។ តាម​ការ​កំណត់ នៅ​អំឡុង​ខែ​មេសា ឆ្នាំ​២០១៧ គម្រោង​នឹង​ចាប់​ផ្ដើម​បិទ​ទំនប់​ទឹក។

ទីប្រឹក្សា​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​សេសាន ស្រែពក និង​សេកុង លោក មៀច មាន កត់​សម្គាល់​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​ហាក់​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ទូលំទូលាយ​ស្ដីពី​គម្រោង​សាងសង់​ទំនប់ និង​សំណង​ផល​ប៉ះពាល់​នៅ​ឡើយ ទើប​ពួក​គេ​ជំទាស់​មិន​ព្រម​ផ្តល់​ទិន្នន័យ​ផល​ប៉ះពាល់ និង​ខ្លះ​មិន​ព្រម​ទទួល​យក​គម្រោង​នេះ។ លោក​ថា អ្នក​ភូមិ​គួរ​ចូលរួម​ទទួល​ព័ត៌មាន និង​ផ្តល់​ទិន្នន័យ​ផល​ប៉ះពាល់ រួម​ទាំង​បង្កើត​ក្រុម​ការងារ​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ស្ដីពី​សំណង​ផល​ប៉ះពាល់ ឬ​ផល​លំបាក​ផ្សេងៗ​ដែល​អ្នក​ភូមិ​តវ៉ា ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​នៅ​សេសសល់៖ «រៀបចំ​ផ្សព្វផ្សាយ​មួយ​សា​ទៀត ឬ​រៀបចំ​អង្គ​ប្រជុំ​ផ្សព្វផ្សាយ​មួយ​សា​ទៀត។ ស្នើសុំ​ឲ្យ​សហគមន៍​ទាំងអស់ មិន​ថា​អ្នក​ទទួល​យក​ហើយ​ក្តី អ្នក​មិន​ទាន់​ទទួល​យក​គោលការណ៍​សំណង​ក្តី ក៏​សូម​អញ្ជើញ​ចូលរួម​ស្តាប់»

ទាក់ទិន​ករណី​នេះ​ដែរ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង បញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​តែ​មាន​សិទ្ធិ​ជួប​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ស្ដីពី​ការ​តវ៉ា និង​សំណង​ផល​ប៉ះពាល់​អ្នក​ភូមិ។ លោក​ថា គម្រោង​មិន​អាច​បញ្ឈប់​បាន​ទេ ហេតុ​នេះ​ប្រជាពលរដ្ឋ​ត្រូវ​សហការ​ផ្តល់​ទិន្នន័យ​ផល​ប៉ះពាល់ ដើម្បី​ទទួល​សំណង​ពី​គម្រោង​អភិវឌ្ឍន៍​មួយ​នេះ៖ «យើង​នៅ​តែ​ពិភាក្សា​ជាមួយ​គាត់ ដើម្បី​រក​ដំណោះស្រាយ ឲ្យ​គាត់​ផ្តល់​ព័ត៌មាន​សិក្សា​ស្វែង​យល់​ទាំងអស់​គ្នា។ ចៀស​មិន​រួច​ទេ​កន្លែង​ហ្នឹង ត្រូវ​តែ​លិច ហើយ​គាត់​ត្រូវ​តែ​រើ​ហើយ។ យើង​មិន​ទុក​ឲ្យ​ពួក​គាត់​នៅ​លិចលង់​អ៊ីចឹង​បាន​ទេ»

យ៉ាង​ណា​ក៏ដោយ លិខិត​ឱសានវាទ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ព្រម​ផ្តល់​ទិន្នន័យ​ផល​ប៉ះពាល់​ឲ្យ​រួសរាន់​សហការ​ដើម្បី​បុព្វហេតុ​ជាតិ និង​ការ​អភិវឌ្ឍ។ បន្ថែម​លើ​នេះ​ទៀត រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង មិន​ទទួល​ខុស​ត្រូវ​ការ​បាត់បង់​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ ដែល​មិន​សហការ​ផ្តល់​ទិន្នន័យ​ផល​ប៉ះពាល់​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។