ពលរដ្ឋ​ជិត​១០​សហគមន៍​នៅ​ខេត្ត​ព្រះសីហនុ​ស្នើ​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ដី

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី និង​អាជីវករ​លក់ដូរ​តាម​ឆ្នេរសមុទ្រ​ស្នើ​ឲ្យ​អភិបាល ខេត្ត​ព្រះសីហនុ ជួយ​ចុះ​វាស់ដី​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់ ព្រោះ​បច្ចុប្បន្ន ត្រូវ​ក្រុមហ៊ុន និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​បន្ត​រំលោភ​កាន់កាប់​ជា​បន្តបន្ទាប់។

មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម បាន​រិះគន់​ចំពោះ​ចំណាត់​ការ​របស់​ថ្នាក់ដឹកនាំ​ខេត្ត​នេះ ថា​គ្មាន​ឆន្ទៈ និង​អំណាច​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នា​មូលដ្ឋាន​នេះ​ទេ ហើយ​គិត​ពី​ប្រយោជន៍​បក្ស​ពួក​ច្រើន​ជាង​ស្វែង​រក​យុត្តិធម៌​ជូន​ពលរដ្ឋ។

តំណាង​អាជីវករ​លក់ដូរ​តាម​ឆ្នេរ​អូរឈើទាល ឬ​អតីត​ឆ្នេរ​មុខ​ក្រុមហ៊ុន​អារីស្តុន និង​តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មកពី​សហគមន៍​នានា ជិត ១០​សហគមន៍ និង​មាន​គ្នា​ជិត ១០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ពី​មុខ​បរិវេណ​សាលា​ខេត្ត​ព្រះសីហនុ កាល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​មេសា ដើម្បី​ស្នើ​ចូល​ជួប​លោក យន្ត មីន ជា​អភិបាល​ខេត្ត ឲ្យ​ជួយ​ពន្លឿន​ការងារ​ចុះ​កាត់​ឆ្វៀល​ដី​ផ្ដល់​ប្លង់​កម្មសិទ្ធិ និង​ជួយ​រក​ដំណោះស្រាយ​លើ​ករណី​អាជ្ញាធរ​ឈូស​បំផ្លាញ​តូប​លក់ដូរ​របស់​ពួកគេ។

ស្ត្រី​វ័យ​ចាស់​ឈ្មោះ ស៊ុន កាណា អាយុ ៦៥​ឆ្នាំ ស្ថិត​ក្នុង​ចំណោម​ក្រុម​អាជីវករ​មាន​តូប​លក់ដូរ​នៅ​តាម​ឆ្នេរ​អូរឈើទាល ឬ​អតីត​ឆ្នេរ​មុខ​ក្រុមហ៊ុន​អារីស្តុន ដែល​ត្រូវ​អាជ្ញាធរ​ប្រើ​គ្រឿងចក្រ​ឈូស​កម្ទេច​ស្តង់ ឬ​តូប​លក់ដូរ​បំផ្លាញ​ចោល​រាប​ដល់​ដី​ទាំង​គ្មាន​សំណង កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា បាន​លើក​ដៃ​សំពះ​ស្នើ​ដល់​អភិបាល​ខេត្ត​នេះ ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ខេត្ត​នេះ​ឈូស​កម្ទេច​តូប​ពួកគាត់៖ «ខ្ញុំ​ជឿជាក់ ឬ​មាន​ជំនឿ​ថា សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ចង់​ឲ្យ​កូនចៅ​សម្ដេច​រង​ទុក្ខ​វេទនា និង​រស់​នៅ​ក្រោម​ដើមឈើ​ហាលសន្សើម កម្ដៅ​ថ្ងៃ​ទេ។ សូម​សម្ដេច​ជួយ​ដល់​កូន​ចៅ​ឲ្យ​បាន​លក់ដូរ​តាម​ស្តង់ដារ​ជា​របស់​រដ្ឋ»

ចំណែក​ប្រធាន​សហគមន៍​ព្រែក​ត្របែក អណ្ដូងទឹក និង​ថ្មធំ លោក សេន ចន្ថា ហៅ​តា ឆក ក៏​ស្នើ​ដល់​ប្រមុខ​ដឹកនាំ​ជួយ​ជំរុញ​សកម្មភាព​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ឲ្យ​ពន្លឿន​ចុះ​កាត់​ឆ្វៀល​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ក្នុង​សហគមន៍​នេះ​មាន​ចំនួន ១០៦​គ្រួសារ នៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន យិះជៀ។ លោក​ចោទ​ក្រុមហ៊ុន​ចិន ឈ្មោះ យិះជៀ ថា បាន​គំរាម​បណ្ដេញ​ពួកគាត់​ចេញ​ពី​លំនៅឋាន និង​ដី​កសិកម្ម​ធ្លាប់​បង្ក​បង្កើន​ផល​តាំង​ពី​ឆ្នាំ​១៩៩២ ដោយ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​យាម​ដី​ឲ្យ​ក្រុមហ៊ុន​នេះ ដើម្បី​គំរាម​ពួកគាត់​មិន​ឲ្យ​ធ្វើ​របរ​កសិកម្ម និង​សង់ផ្ទះ​លើ​ដី​រស់​នៅ​ជាក់ស្ដែង​ជាដើម។

តំណាង​រូប​នេះ​អំពាវនាវ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ជំរុញ​កាត់​ឆ្វៀល​ដី​លំនៅឋាន និង​ដី​កសិកម្ម ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់ ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន យិះជៀ ឲ្យ​បាន​ឆាប់ ហើយ​ស្នើ​ឲ្យ​ពលរដ្ឋ​អភិវឌ្ឍ​មូលដ្ឋាន​ខ្លួន​នៅ​នឹង​កន្លែង៖ «ពួក​ខ្ញុំ​បាន​រង​ទុក្ខ ៧​ឆ្នាំ​មក​ហើយ។សូម​សម្ដេច​នាយករដ្ឋមន្ត្រី​ជួយ​បញ្ជា​អោយ​ថ្នាក់​ខេត្ត​កាត់​ដី​អោយ​ពួក​ខ្ញុំ​ដាច់​ចេញ​ពី​ក្រុមហ៊ុន យិះជៀ»

ងាក​មក​ប្រធាន​សហគមន៍​អណ្ដូង​ថ្ម លោកស្រី ហែន សម្បត្តិ ជា​ស្ត្រី​មេម៉ាយ និង​មាន​របរ​ដើរ​លក់​ថ្នាំ​បុរាណ​សម្រាប់​ចិញ្ចឹម​ជីវិត រស់​នៅ​ភូមិ​ត្រពាំងស្អុយ ឃុំ​អណ្ដូងថ្ម ស្រុក​ព្រៃនប់។ ស្ត្រី​វ័យ​ចាស់​ដែល​អះអាង​ថា ជា​អតីត​កងទ័ព​ចូលនិវត្តន៍​រូប​នេះ ក៏​សំណូមពរ​ឲ្យ​ប្រមុខ​ដឹកនាំ​ជួយ​អន្តរាគមន៍​មក​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​ចុះ​វាស់​កសិកម្ម ផ្ដល់​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ពលរដ្ឋ​ក្នុង​សហគមន៍​នេះ​ជិត ៥០​គ្រួសារ​ដោយ​អនុគ្រោះ ព្រោះ​កន្លង​មក អាជ្ញាធរ​ចាប់ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ខេត្ត មិន​ខ្វល់​អំពី​កង្វល់​ពលរដ្ឋ​ទេ ៖ «សូម​សម្ដេច (ហ៊ុន សែន) ជួយ​ដល់​ប្រជាពលរដ្ឋ​យើង​ខ្ញុំ​ដែល​មាន​ដី​ពាក់​ព័ន្ធ​ជាមួយ​អាជ្ញាធរ​នោះ សូម​ជួយ​ដោះស្រាយ​ដើម្បី​យក​ប្លង់​កម្មសិទ្ធិ​ឲ្យ​បាន​ពលរដ្ឋ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​មក​វិញ។ សហគមន៍​ខ្ញុំ​មាន ២៥​គ្រួសារ»

ស្រដៀង​គ្នា​ដែរ លោកស្រី អឿន ង៉ែត តំណាង​សហគមន៍​អន្លង់​បាតខ្ទះ ស្ថិត​ក្នុង​ភូមិ​អូរត្រជាក់ចិត្ត ឃុំ​សំរ៉ុង ស្រុក​ព្រៃនប់ ជា​តំណាង​ឲ្យ​ពលរដ្ឋ​ជាង ៤០​គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឋានសួគ៌។ ស្ត្រី​រូប​នេះ​បាន​លើកដៃ​សំពះ​សំណូមពរ​ប្រមុខ​ដឹកនាំ​ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ក្នុង​សហគមន៍​នេះ ដែល​កន្លង​មក​ត្រូវ​ក្រុមហ៊ុន​ឋានសួគ៌​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ដុត​កម្ទេច​ផ្ទះ និង​ប្រើ​ប្រព័ន្ធ​តុលាការ​ចាប់​ពលរដ្ឋ​ដាក់គុក ដើម្បី​បង្ខំ​ឲ្យ​ចាក់​ចេញ​ពី​ទីតាំង​ធ្លាប់​រស់​នៅ និង​ដី​ចំការ​បង្កបង្កើន​ផល។

លោកស្រី អឿន ង៉ែត ក៏​សំណូមពរ​ដល់​ប្រមុខ​ដឹកនាំ​ជួយ​អន្តរាគមន៍​ឲ្យ​ពលរដ្ឋ​ពួកគាត់​បាន​ចូល​ទៅ​សង់​ផ្ទះ និង​ប្រកប​របរ​កសិកម្ម​ចិញ្ចឹម​ជីវិត​នៅ​លើ​ទីតាំង​ធ្លាប់​រស់​នៅ​ដូច​ដើម​វិញ ព្រោះ​រាល់​ថ្ងៃ​នេះ ពួកគាត់​មិន​មាន​ដី​សង់ផ្ទះ ឬ​ប្រកប​របរ​កសិកម្ម​ទេ៖ «ឥឡូវ​នេះ ក្រុម​គ្រួសារ​នាង​ខ្ញុំ​រងគ្រោះ​ដោយ​ខ្វះ​ចំណី​អាហារ រងគ្រោះ​ដោយសារ​ដីធ្លី ហើយ​ជំពាក់​បំណុល​គេ គេ​មក​ទារ​ផង។ នាង​ខ្ញុំ​មិន​ដឹង​បាន​អី​ដោះស្រាយ​ទេ សូម​សម្ដេច និង​អភិបាល​ខេត្ត​កាត់​ឆ្វៀល​ដី​អោយ​នាង​ខ្ញុំ និង​ពលរដ្ឋ​ទាំង ៤៣​គ្រួសារ​អោយ​ចូល​ទៅ​រស់​នៅ​វិញ​ផង»

ចំណែក​ប្រធាន​សហគមន៍​អូរត្រជាក់ចិត្ត លោក សំ សុផាត តំណាង​ប្រជាពលរដ្ឋ​ចំនួន ៦៨​គ្រួសារ​រស់​នៅ​ឃុំ​សំរ៉ុង ដែល​ដើម​ឡើយ​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ឋានសួគ៌ និង​បច្ចុប្បន្ន​មាន​ទំនាស់​ជាមួយ​ស្ថាប័ន​រដ្ឋបាល​ព្រៃឈើ និង​ប្រធាន​សហគមន៍​ស្វាយចន្ទី ឈ្មោះ កែវ ពិសិដ្ឋ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ៧០​គ្រួសារ មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​យិះជៀ ស្ថិត​នៅ​ស្រុក​ព្រៃនប់។ តំណាង​សហគមន៍​ទាំង​ពីរ​នេះ ក៏​សំណូមពរ​ដល់​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ពិសេស​ប្រមុខ​ដឹក​នាំ​ឲ្យ​ជួយ​អន្តរាគមន៍​បញ្ជូន​មន្ត្រី​ចុះ​វាស់ដី​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ពលរដ្ឋ​ក្នុង​សហគមន៍​នីមួយៗ ឲ្យ​បាន​ឆាប់ ព្រោះ​ត្រូវ​រង​ការ​គំរាម​បណ្ដេញ​ពី​ដី​បង្ក​បង្កើន​ផល និង​ដី​លំនៅឋាន​ពី​សំណាក់​ក្រុមហ៊ុន​ជា​ប្រចាំ។

ទោះ​យ៉ាង​ណា បំណង​ចូល​ជួប​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ របស់​ប្រជា​សហគមន៍​មាន​ទំនាស់​ដីធ្លី និង​ក្រុម​អាជីវករ​ឆ្នេរ​អារីស្តុន ឬ​ឆ្នេរ​អូរឈើទាល នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មេសា ត្រូវ​ខកខាន ព្រោះ​មន្ត្រី​រដ្ឋបាល​ខេត្ត​នេះ​ដែល​ចេញ​មក​ជួប​តំណាង​សហគមន៍ ប្រមូល​ផ្តុំ​គ្នា​នៅ​ពីមុខ​បរិវេណ​សាលាខេត្ត​ព្រះសីហនុ និយាយ​ថា លោក​អភិបាល​ខេត្ត យន្ត មីន មិន​មាន​វត្តមាន​នៅ​ក្នុង​ការិយាល័យ​របស់​លោក​ទេ គឺ​បាន​ចុះ​ទៅ​ដោះស្រាយ​កង្វល់​ខ្វះ​ទឹក​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ឆ្ងាយ​ពី​ទីប្រជុំជន។ ប៉ុន្តែ​បាន​ឲ្យ​តំណាង​សហគមន៍​ទាំង​នោះ​វិល​មក​ជួប​លោក​អភិបាល​នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ខាង​មុខ។

ទាក់ទិន​បញ្ហា​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ផ្ដល់​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី​ថា នឹង​ផ្ដល់​ពេល​វេលា​ជូន​តំណាង​សហគមន៍​មាន​ទំនាស់​ដីធ្លី និង​ក្រុម​អាជីវករ​មាន​របរ​លក់ដូរ​នៅ​តាម​ឆ្នេរសមុទ្រ បាន​ជួបពិភាក្សា និង​លើក​ពី​កង្វល់​របស់​ពួកគេ​ទៅ​តាម​ពេលវេលា​សមស្រប​ណា​មួយ។ លោក​បន្ត​ថា ចំពោះ​ការងារ​ចុះ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​នៅ​តាម​សហគមន៍​នានា អាជ្ញាធរ​ខេត្ត​នេះ​មាន​ផែនការ​រួច​ហើយ ហើយ​នឹង​ចុះ​ពិនិត្យ​ជាក់ស្ដែង ឈាន​ដល់​វាស់​បែងចែក​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ឲ្យ​ស្របតាម​ច្បាប់​ជា​ធរមាន។

យ៉ាង​នេះ​ក្ដី លោក យន្ត មីន ស្នើសុំ​ពេល​វេលា និង​ការ​យោគយល់​ពី​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​នានា ចំពោះ​ភាព​យឺតយ៉ាវ​នេះ ព្រោះ​មន្ត្រី​ជំនាញ​ខេត្ត​ព្រះសីហនុ មាន​ចំនួន​តិច ហើយ​មាន​ការងារ​ច្រើន​ត្រូវ​ដោះស្រាយ​ជា​ប្រចាំ​ថ្ងៃ។

អ្នកស្រី ជៀប សុធារី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​ចុះ​ឃ្លាំមើល​ការ​ប្រមូលផ្ដុំ​របស់​ប្រជាពលរដ្ឋ​មក​ពី​តាម​សហគមន៍​នានា ដល់​មុខ​សាលា​ខេត្ត​ព្រះសីហនុ។ អ្នកស្រី​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត ពិសេស​រដ្ឋាភិបាល ត្រូវ​មាន​យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ ឬ​ជួយ​ពន្លឿន​ការងារ​ចុះ​កាត់​ឆ្វៀល​ដី​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​នៅ​តាម​សហគមន៍​នីមួយៗ ជាមួយ​ក្រុមហ៊ុន និង​ការ​រំលោភ​បំពាន​ផ្សេងៗ​ចប់​ឲ្យ​បាន​ឆាប់។ ជាង​នេះ​ទៀត ចំពោះ​កង្វល់​នៃ​ការ​ប្រើ​គ្រឿងចក្រ និង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​កម្រោល ឈូស​បំផ្លាញ​តូប​លក់ដូរ​របស់​ក្រុម​អាជីវករ​លក់ដូរ​នៅ​តាម​ឆ្នេរ​អូរឈើទាល កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ក៏​ត្រូវ​តែ​រក​ដំណោះស្រាយ និង​ផ្ដល់​យុត្តិធម៌​ជូន​អាជីវករ​ទាំង​នោះ​ឲ្យ​បាន​សមរម្យ ប្រសើរ​ជាង​ប្រើ​កម្លាំង​គំរាមកំហែង​ពួកគេ៖ «អាច​ធ្វើ​ចំណាកស្រុក​ដែរ ប្រសិន​បើ​អត់​មាន​ការងារ​ធ្វើ របរ​រកស៊ី​ត​ទៅ​ទៀត អ៊ីចឹង​ឪពុក​ម្ដាយ កូន​ចៅ​មុខ​ជា​បែក​គ្នា​ទៅ​រក​ការងារ​ធ្វើ​ដើម្បី​ចិញ្ចឹម​ជីវិត»

របាយការណ៍​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ ឆ្នាំ​២០១៦ បាន​បង្ហាញ​ថា ខេត្ត​នេះ​មាន​ប្រជាពលរដ្ឋ​ជាង ២០​សហគមន៍​បាន​បន្ត​កើត​មាន​ទំនាស់​ដីធ្លី ហើយ​អាជ្ញាធរ​មិន​ទាន់​ដំណោះស្រាយ​ជូន​ពលរដ្ឋ​នៅ​ឡើយ​ទេ។ ទំនាស់​ខ្លះ​បាន​អូស​បន្លាយ​ពេល​ចន្លោះ​ពី ៥​ឆ្នាំ ទៅ​ដល់ ១៥​ឆ្នាំ ឬ​ច្រើន​ជាង​នេះ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ឲ្យ​ទទួល​បាន​យុត្តិធម៌​ពិតប្រាកដ​នោះ​ទេ ហើយ​មាន​ពលរដ្ឋ​ខ្លះ​ដែល​ទន្ទឹង​រង់ចាំ​យុត្តិធម៌​នេះ ក៏​មាន​វ័យ​ជរា និង​ស្លាប់​បាត់​បង់ជីវិត​ជា​បណ្ដើរៗ​ហើយ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។