ស្វា​ច្រើន​ក្បាល​​នៅ​តំបន់​ទន្លេ​សាប​ខេត្ត​បាត់ដំបង​ងាប់​ជា​បន្ត​បន្ទាប់​ដោយសារ​អត់​ទឹក

អ្នក​ភូមិ​ប្រទះ​ឃើញ​សត្វ​ស្វា​ខ្មៅ​ជា​ច្រើន​ក្បាល​​ងាប់​​ជាប់​នៅ​​​លើ​ដើម​ឈើ​ និង​តាម​មាត់​បឹង​​​ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេ​សាប នៃ​ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ជា​បន្តបន្ទាប់។

អនុ​ប្រធាន​សហគមន៍​នេសាទ​ស្ដីក្រោម-រហាលសួង ឃុំ​ព្រែកហ្លួង លោក ហោ សំអាត​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា មក យ៉ាង​ហោច​ណាស់​​សត្វ​ស្វា​ប្រមាណ ៣០​ក្បាល​ហើយ​​ បាន​ងាប់​នៅ​​​ក្នុង​ព្រៃ​លិច​ទឹក​វាល​ដូនអំ នៃ​តំបន់​អភិរក្ស​របស់​សហគមន៍​នេសាទ​ស្ដីក្រោម។

លោក​អះអាង​ថា មូលហេតុ​ចម្បង​ដែល​ធ្វើ​អោយ​ស្វា​ងាប់​នោះ ដោយសារ​អត់​​ទឹក​ផឹក​ និង​​មាន​អាកាស​ធាតុ​ក្ដៅ​ខ្លាំង៖ «ព្រោះ​ស្វា​អត់​មាន​ងាប់​ដោយសារ​ភ្លើង​ឆេះ​ខ្លោច​នោះ​ទេ ហើយ​ស្វា​ងាប់​ភាគ​ច្រើន​នៅ​ក្បែរ​មាត់​បឹង​ដែល​ស្វា​ធ្លាប់​រស់​នៅ។ អ៊ីចឹង​រូបភាព​ស្វា​ខ្លះ​ងាប់​នៅ​នឹង​បាតបឹង និង​នៅ​ជុំវិញ​បឹង​ក៏​មាន​ដែរ​ គឺ​អត់​មែន​​ងាប់​ដោយសារ​ថ្នាំ​ពុល​អី​ទេ គឺ​ងាប់​ដោយសារ​អត់​ទឹក និង​អត់​ចំណី​តែម្ដង»

លោក​បន្ថែម​ថា ស្វា​អាច​នឹង​ងាប់​បន្ត​ទៅ​​ទៀត​ ប្រសិន​បើ​ពុំ​មាន​ភ្លៀង​ធ្លាក់​រយៈ​ពេល​ប្រមាណ ១​សប្ដាហ៍​ខាង​មុខ។

នាយក​គ្រប់គ្រង​ព្រៃលិចទឹក​តំបន់​ស្នូល​​បឹង​ទន្លេសាប ខេត្ត​បាត់ដំបង លោក​ ឡុង ខេង អះអាង​ថា ស្វា​​ភាគ​ច្រើន​ងាប់​​នៅ​តំបន់​ព្រៃ​លិចទឹក​ ឆ្ងាយ​ពី​​តំបន់​ស្នូល​ដែន​ជម្រក​សត្វស្លាប។ ចំណែក​នៅ​តំបន់​ស្នូល​​កៀក​បឹង​ទន្លេសាប​ មាន​ទឹក​​នៅ​តាម​ដងអូរ និង​បឹងបួ​​មួយ​ចំនួន​​ ហើយ​​ពុំ​​មាន​សត្វ​ស្វា​ងាប់​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។