ជនជាតិ​ចាម​ប្រតិកម្ម​នឹង​គម្រោង​ធ្វើ​ផ្លូវ​កាត់​វិហារ​បឹងកក់

សាសនិក​ឥស្លាម ដែល​ភាគ​ច្រើន​បាន​ចូលរួម​ថ្វាយបង្គំ​ព្រះ​នៅ​វិហារ​បឹងកក់ បង្ហាញ​ជំហរ​មិន​គាំទ្រ​ការ​ធ្វើ​ផ្លូវ​កាត់​វិហារ​នេះ របស់​សាលាក្រុង​ភ្នំពេញ។ ចំណែក​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ អះអាង​ថា គម្រោង​នេះ មាន​ការ​យល់ព្រម​ពី​ថ្នាក់ដឹកនាំ​ជនជាតិ​ចាម ដែល​ជា​ម្ចាស់​ដី​រួចរាល់​ហើយ។ ផ្លូវ​នេះ​ទៀត ទោះ​ជា​ប៉ះពាល់​ដី​វិហារ​ក្តី ប៉ុន្តែ​មិន​ប៉ះពាល់​សំណង់​នៃ​វិហារ​ទេ។

តំណាង​ជនជាតិ​ចាម កំពុង​ប្រមូល​ស្នាម​មេ​ដៃ និង​សរសេរ​លិខិត​ចំហ​ដាក់​ទៅ​ប្រមុខ​រដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ ប្រឆាំង​ការ​ធ្វើ​ផ្លូវ​នេះ ហើយ​គេ​អះអាង​ថា ការ​ទាមទារ​នោះ​ធ្វើ​ដោយ​សន្តិវិធី។

ប្រធាន​មណ្ឌល​ព័ត៌មាន​ឥស្លាម​កម្ពុជា លោក ស្លេះ ណាស៊ី ឲ្យ​ដឹង​ថា ក្រុម​របស់​លោក​កំពុង​ប្រមូល​ស្នាម​មេដៃ​ដែល​ផ្ដិត​នៅ​លើ​លិខិត​ចំហ​មួយ ដើម្បី​ជំទាស់​ការ​សាងសង់​ផ្លូវ​កាត់​ដី​វិហារ​ចាម។ លោក​ថា ខ្លឹមសារ​លិខិត​នេះ ទាមទារ​ឲ្យ​មាន​ការ​បកស្រាយ​នៃ​គម្រោង​ធ្វើ​ផ្លូវ និង​ស្នើ​ឲ្យ​មាន​ការ​ពិភាក្សា​ពី​គម្រោង​នេះ៖ «គ្រប់​រូប​សាសនិក​ឥស្លាម​ត្រូវ​តែ​ការ​ធ្វើ​ប្រណិប័តន៍​ដោយ​ភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​បើ​មាន​ផ្លូវ​ជិត​វិហារ​មែន​ទែន​នោះ​នាំ​ឲ្យ​មាន​សំឡេង​រំខាន»

​ក្នុង​ចំណោម​ជនជាតិ​ចាម ប្រមាណ ១០០​នាក់ កំពុង​លើក​ឡើង​ពី​​គម្រោង​ប្រឆាំង​ការ​ធ្វើ​ផ្លូវ​នេះ ក៏​ថ្នាក់​ដឹក​នាំ​ជនជាតិ​ចាម បង្ហាញ​វត្តមាន​នៅ​ទី​នោះ​ដែរ គឺ​រដ្ឋលេខាធិការ​ក្រសួង​​ការងារ លោក អូស្មាន់ ហាស្សាន់ និង​ជា​ប្រធាន​មូលនិធិ​អភិវឌ្ឍ​មូស្លីម​កម្ពុជា និង​រដ្ឋលេខាធិការ​ក្រសួង​ធម្មការ លោក សុះ មុះសិន នៅ​វិហារ​សាសនា​ឥស្លាម​បឹងកក់ ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ប៉ុន្តែ​អ្នក​ទាំង​ពីរ​ស្ទាក់​ស្ទើរ​នឹង​បង្ហាញ​ជំហរ​លើ​រឿង​នេះ។

លោក អូស្មាន់ ហាស្សាន់ ថ្លែង​យ៉ាង​ខ្លី​ថា បើ​មតិ​ភាគ​ច្រើន​គាំទ្រ​ការ​ធ្វើ​ផ្លូវ​នេះ លោក​ក៏​មិន​ជំទាស់​ដែរ៖ «គេ​គូស​ផ្លូវ​គេ​ទុក​ឱកាស​ឲ្យ​យើង​ពិភាក្សា​គ្នា តែ​បើ​មតិ​ភាគ​ច្រើន​គេ​ទៅ​ហើយ យើង​មិន​អាច​នៅ​តាម​មតិ​ភាគ​តិច​បាន​ទេ ហើយ​បើ​រឿង​នេះ​មាន​ប្រយោជន៍​សម្រាប់​សាធារណៈ យើង​នឹង​ធ្វើ​ហើយ»

អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​​លោក​ថា សាលា​រាជធានី​ភ្នំពេញ ពិនិត្យ និង​ជំរុញ​ការ​រៀបចំ​ត​ភ្ជាប់​ផ្លូវ​ក្រោយ​សណ្ឋាគារ​ភ្នំពេញ កាត់​តាម​វិហារ​ឥស្លាម ចេញ​មក​ផ្លូវ​ក្នុង​តំបន់​បឹងកក់។

នាយក​រដ្ឋបាល​សាលា​រាជធានី លោក មាស ចាន់យ៉ាដា ថា​គម្រោង​ធ្វើ​ផ្លូវ​នេះ​ដើម្បី​រំដោះ​ការ​កក​ស្ទះ​ចរាចរណ៍​ដែល​ជា​ប្រយោជន៍​សាធារណៈ​ដូច្នេះ អាជ្ញាធរ​នឹង​បន្ត​គម្រោង​របស់​ខ្លួន។ មន្ត្រី​ដដែល​អះអាង​ថា គម្រោង​នេះ​អាច​ដំណើរ​ការ​​ទៅ​បាន ព្រោះ​ថ្នាក់ដឹកនាំ​ជនជាតិ​ចាម ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ចំណែក​ដី​នោះ បាន​ព្រមព្រៀង​រួច​ហើយ។ ប៉ុន្តែ​លោក​បដិសេធ​មិន​ប្រាប់​ថា បុគ្គល​នោះ​ជា​អ្នក​ណា​នោះ​ទេ៖ «យើង​បាន​ធ្វើ​ការងារ​នេះ​ជា​យូរ​មក​ហើយ ព្រោះ​វា​ស្ថិត​ក្នុង​ផែនការ​មេ ដើម្បី​យើង​ត​ភ្ជាប់​តំបន់​នោះ ហើយ​ម្ចាស់​ក្បាលដី​ដែល​ជា​ម្ចាស់​សហកម្មសិទ្ធិ​នោះ​ក៏​បាន​ព្រមព្រៀង​ហើយ​ដែរ»

សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចុះផ្សាយ​ដោយ​ដក​ស្រង​សម្ដី​ប្រភព​របស់​ខ្លួន​ថា លោក​ឧកញ៉ា អូស្មាន ហាស្សាន់ ជា​អ្នក​គូរ​ប្លង់​ផ្លូវ​ឲ្យ​សាលាក្រុង​ដើម្បី​ផលប្រយោជន៍​របស់​លោក។ ក្រុម​ជនជាតិ​ចាម​ថា ក្រៅ​ពី​ការ​ប្រមូល​ស្នាម​មេដៃ ពួក​គេ​បំផុស​គំនិត​បង្ហា​ញ​មិន​គាំទ្រ​សាងសង់​ផ្លូវ តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​ប្ដឹង​សុំ​អន្តរាគមន៍​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​ហ្វេសប៊ុក ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។