ស្ថាន​ទូត​អង់គ្លេស​បង្កើត​កម្មវិធី​ស្មាតហ្វូន​គណិត​វិទ្យា​សម្រាប់​សិស្ស​ថ្នាក់​ទី​១២

ភ្នំពេញៈ ស្ថាន​ទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ ដាក់​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​កម្ម​វិធី​ស្មាតហ្វូន​ «Maths Diagnostic Questions» ​កាល​ពី​ចុង​សប្ដាហ៍​មុននេះ​​ ដើម្បី​ជា​​​ជំនួយ​​ដល់​​ការ​ប្រឡង​ និង​ការ​សិក្សា​គណិត​វិទ្យា​របស់​សិស្ស​វិទ្យា​ល័យ​​ថ្នាក់​ទី ១២ ដោយ​កម្ម​វិធី​នេះ​ បាន​បញ្ចូល​នូវ​លំហាត់​គម្រូ​ឲ្យ​សិស្ស​អនុវត្ដន៍​ជា​ច្រើន​ រួម​ជា​មួយ​និង​លំហាត់​ដែល​ពិបាក​ៗ​ផង​ដែរ​។

កម្មវិធី​នេះ បាន​ណែ​នាំ​ដល់​សិស្ស​ អំពី​វិធី​សាស្រ្ដ​ប្រកប​ដោយ​ភាព​ឆ្នៃ​ប្រឌិត​ថ្មី​តាម​បែប​អង់គ្លេ ដែល​បាន​រៀប​ចំ​ដោយ សាស្រ្ដាចារ្យ​ជំនាញ​ ​គណិត​​វិទ្យា​របស់​អង់គ្លេស លោក Craig Barton និង​បាន​បង្កើត​ឡើង​តាម​បែប​ «Diagnostic Questions» ដែល​ស្ថាន​ទូត​អង់គ្លេស​ បាន​សម្ពោធ​ ជាមួយ​ក្រសួង​អប់រំ​ យុវជន​និង​កីឡា កាល​ពី ខែ​តុលា ឆ្នាំ​ ២០១៥ កន្លង​ទៅ​។

ការ​ប្រើ​ប្រាស់​ កម្រង​សំណួរ Diagnostic Questions គឺ​បាន​ប្រើ​ប្រាស់​​នូវ​ជម្រើស​ជា​ច្រើន​ដល់​សិស្ស​ក្នុង​ការ​កំណត់​​ជម្រើស​ខុសៗ​គ្នា​នៃ​លំហាត់​នីមួយ​ៗ។ រាល់​កំហុស​នៃ​លំហាត់ កម្ម​វិធី​នេះ​នឹង​ពន្យល់​ដល់​សិស្ស​យ៉ាង​ច្បាស់​លាស់​ ពី​និយមន័យ និង​កំហុស​ទាំង​នោះ​ តើ​កើត​ឡើង​មក​ពី​អ្វី ​។

កម្ម​វិធី​នេះ​ ក៏​បាន​ផ្ដល់​ភាព​កាន់​តែ​ងាយ​ស្រួល​ និង​គំនិត​ជា​ច្រើន​នៃ​ការ​ធ្វើ​លំហាត់​លំបាកៗ ដល់​លោក​គ្រូ​អ្នក​គ្រូ និង​ការ​សិក្សា​របស់​សិស្ស​បន្ថែម​ផងដែរ​។ ​

សិស្សា​នុសិស្ស​អាច​ទាញ​យក​ កម្មវិធីនេះ​ដោយ​សេរី និង​ដំឡើង​ប្រើ​ប្រាស់​បាន​ទាំង​លើ​ឧបករណ៍​ដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ Android និង iOS ៕

ស្ថាន​ទូត​អង់គ្លេស​បង្កើត​កម្មវិធី​ស្មាតហ្វូន​គណិត​វិទ្យា​សម្រាប់​សិស្ស​ថ្នាក់​ទី​១២

ប្រភពៈ ភ្នំពេញប៉ុស្តិ៍