តារា​ពីរ​ដួង​ស្លាប់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ បន្សល់​ពាក្យ​រិះ​គន់​សង្គម

ពេញ: ក្រោយពី​មរណភាព​​តារា​ចម្រៀង និង​សម្តែង រាជ បូរី បង្ក​ពី​ហេតុការណ៍​ក្រឡាប់​រថយន្ត ពេល​នាំ​ដល់​មន្ទីរពេទ្យ ដោយ​​អង្គុយ​ស្លាប់​លើ​កៅអី​មុន​ពេល​ពេទ្យ​ជួយ​សង្គ្រោះ ក៏​មាន​ហេតុ​ស្លាប់​តារា​សម្តែង​ជើង​ចាស់​ដ៏​ចម្រូង​ចម្រាស​នៅ​ទឹកដី​នៃ​ខេត្តព្រៃវែង អ្នកនាង ហួត សារ៉ាវឌី តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ១ ខណៈ​ប៉ូលិស​រក​ឃើញ​ថា ជា​គ្រោះថ្នាក់​​ចរាចរណ៍ ប៉ុន្តែ​កូន​ស្រី​សព បាន​អះអាង​ថា ជា​ករណី​ប្លន់​រំលោភ​សម្លាប់។

លោក រាជ បូរី ជាតារា​សម្តែង​​​ភាព​យន្ត​ភាគរឿង ​«សេដ្ឋី​វ័យ​ក្មេង» ទើប​បាន​ចាក់​បញ្ចាំង​ចប់​ និង​តារា​ចម្រៀង​នៅ​ផលិតកម្ម Classic។

លោក ហួរ សុផល ចាងហ្វាង​ផលិតកម្ម Classic បាន​ឲ្យ​ដឹងថា៖ «​ហេតុការណ៍​ក្រឡាប់​រថយន្ត​នៅ​ម៉ោង ៩ និង ៣០ នាទី​យប់​​ក្បែរ​ក្រុង ប៉ោយប៉ែត ដោយ​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ បណ្ដាល​ឲ្យ​លោក រាជ បុរី និង​ស្រ្តី​ចំណាស់​ម្នាក់​ទៀត​ស្លាប់ ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​ក្រុង ប៉ោយប៉ែត»។

តារា​ពីរ​ដួង​ស្លាប់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ បន្សល់​ពាក្យ​រិះ​គន់​សង្គម

តារា​សម្ដែងជើង​ចាស់ អ្នកនាង​ ហួត សារ៉ាវឌី និងលោក រាជ បុរី​ កាល​គ្រា​នៅ​មាន​ជីវិត​​​​។ រូបថត សហ​ការី

រសៀល​ថ្ងៃ​ទី ១៧ ខែ​មេសា រូប​ភាព​សព​តម្កល់​នៅ​វត្ត​ចាក់​អង្រែក្រោម​​ដែល​ត្រូវ​បាន​ធ្វើ​​បុណ្យ​តាម​ប្រពៃណី និង​ការ​ចូល​រួម​​រំលែក​ទុក្ខពី​សាច់ញាតិ និង​មិត្ត​រួម​អាជីព​សិល្បៈ​ដ៏​សស្រោក​សស្រាំ​នោះ ពីហ្វេស​ប៊ុក​អ្នក​សិល្បៈ ​និង​ជាមិត្ត​​ភក្ដិ​ជិត​ដិត​សព បាន​សរសេរ​បង្ហោះ​ជា​សាធារណៈ​ថា៖ «ក្រោយ​រថយន្ត​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ ​មាន​តែ​ម្ដាយ​ម្ចាស់​​រថយន្ត​ម្នាក់​គត់​ស្លាប់​ភ្លាមៗ​នៅ​ក្នុង​ហេតុការណ៍។ ចំណែក ៤ នាក់​ទៀត​រង​របួស​ស្រាលៗ​ លើក​លែង​តែ បូរី​ដែល​បោក​ផ្ទប់​ធ្លុះ​កញ្ចក់​រថយន្ត និង​ត្រូវ​រថយន្ត​សង្កត់​ពី​លើ។ តែ​ភ្លាម​ៗ​ លោក​នៅ​អាច​ឈរ​និយាយ និង​ដើរ​ឡើង​គោក មក​អង្គុយ​ចាំ​ឡាន​ពេទ្យ​មក​យក​ប្រហែល​ជាង​កន្លះ​ម៉ោង​​ទើប​ឡាន​ពេទ្យ​មក​ដល់​ ក៏​ដឹក​យក​ទៅ​ពេទ្យ​នៅ​ប៉ោយប៉ែត ដោយ​ទី​នោះ​គ្មាន​ឧបករណ៍​សម្រាប់​សង្គ្រោះ​បឋម»។

គណនី ហ្វេសប៊ុក ដដែល បាន​សរសេរ​ទៀត​ថា៖ «បូរី​នៅ​អង្គុយ​ចាំ​ការ​សង្គ្រោះ​រហូត​ផុត​ដង្ហើម​ទាំង​និយាយ​គ្នាក​កោក​ជាមួយ​អ្នក​រួម​ដំណើរ។ គាត់​បាន​​ដាច់​ខ្យល់​ខណៈ​អង្គុយ​លើ​កៅអី»។

ដោយ​ឡែក​​ពី​ហេតុការណ៍​បាត់​បង់​ជីវិត​តារា​សម្តែង​ជើង​ចាស់ អ្នក​នាង ហួត សារ៉ាវឌី ខណៈ​ពេល​ដែល​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ផ្ទុយ​ពី​ការ​អះអាង​សាច់​ញាតិ​សព​ដែល​សរសេរ​បរិយាយ​​នៅ​ក្នុង​ហ្វេសប៊ុក​ថា ម្តាយ​គេ​ស្លាប់​ដោយ​អំពើ​ប្លន់​រំលោភ និង​សម្លាប់។

ហ្វេសប៊ុក Sarachan Elf ជា​​របស់​​កូន​ស្រី​សព​សរសេរ​បន្ត​ថា៖ «ការ​ស្លាប់​របស់​ម៉ាក់​ខ្ញុំ វា​មិន​មែន​ជា​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទេ។ វាជា​ករណី​ប្លន់ រំលោភ និង​សម្លាប់​​បំបិទ​មាត់​ទៀត។ តែប៉ូលិស​នៅ​មូល​ដ្ឋាន មិន​ជួយ​ធ្វើ​កោសល្យ​វិច័យ​​ទេ បែរ​ជា​គិតថា វា​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍ ទាំង​មាន​​ភ័ស្តុ​តាង​បញ្ជាក់​ច្បាស់​ណាស់​»។

តារា​ពីរ​ដួង​ស្លាប់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ បន្សល់​ពាក្យ​រិះ​គន់​សង្គម​សព​លោក រាជ​ បុរី និង​អ្នក​នាង ហួត សារ៉ាវឌី​។ រូបថត ហ្វេសប៊ុក​

កូនស្រី​សព​សរសេរ​បញ្ជាក់​ទៀតថា៖​ «យប់ថ្ងៃទី​១៤ ​ម៉ោង​ប្រហែល ៦ ឬ ៧ ល្ងាច ម៉ាក់​របស់​ខ្ញុំ​បាន​ចេញ​ដំណើរ​ដោយ​​ម៉ូតូ​ទៅ​ខេត្ត​ ព្រៃវែង ឯស្រុក​ក​អណ្តើក ដើម្បី​ចូល​រួម​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ស្រុក​កំណើត។ តែ​នៅ​ពេល​មក​ដល់​ជិត​ផ្ទះ​ទៅ​ហើយ ម៉ោង​ប្រហែល ៨ កន្លះ​យប់ ​គាត់​ខល​ទូរស័ព្ទ​មកថា​ មាន​ក្មេងស្ទាវ​មួយ​ហ្វូង​​ប្រហែល ៤ – ៥ នាក់​បាន​រត់​ចេញ​ពី​កៀន​ថ្នល់ ដៃ​មាន​កាន់​ដំបង បាន​រត់​មក​វាយ​ក្បាល​អ្នក​បើកម៉ូតូ​ចំ​កញ្ចឹងក ហើយ​ក៏​រេ​ដៃ​ចង្កូត​ទៅ​ខាង​ឆ្វេង​ថ្នល់»។

កូន​ស្រី​តារា​សម្ដែង​ ហួត សារ៉ាវឌី បន្ដ​ថា៖ «ឥឡូវ​អ្នក​បើក​ម៉ូតូ សន្លប់​បាត់​ហើយ ឆាប់​មក​ជួយ​គាត់។ ពេល​នោះ អ្នក​ផ្ទះ​ក៏​​ចេ​ញ​ទៅ​រក​ភ្លាម តែ​តេ​ទៅ​ក៏លែង​មាន​អ្នក​លើក»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍