វិចិត្រ​ករ ​ហូឡង់ ​ដាំ​ព្រៃ​បណ្ដែត​ទឹក​លម្អ​ក្រុង​ព័ទ្ធ​ដោយ​សមុទ្រ

ក្រុងរ៉ូតធឺដាម: នៅពេល​ Mothership Art Collective ចង់​បន្ថែម​សម្រស់​រុក្ខជាតិ​ទៅកាន់​ទីទំនេរ​ក្នុង​ទីក្រុង​រ៉ូតធឺដាម​ នៃ​ប្រទេស​ហូឡង់ វា​ត្រូវតែ​ស្ថិត​នៅ​ក្នុង​មហា​សមុទ្រ។

កាល​ពីខែ​មីនា​កន្លង​ Mothership បាន​ដាំ​ដើម​ឈើ​ ២០ ដើម​ក្នុង​កំសួល​កែច្នៃ​នៅឯ​ក្រុង​កំពង់​ផែ​។

ក្រុម​វិចិត្រករ​ទាំង​នោះ​ប្រែក្លាយ​ផ្ទៃ​ទឹក​សមុទ្រ​ទៅ​កាន់ព្រៃ​បណ្ដែត​ទឹកក្នុង​បរិវេណ​កំពង់​ផែ​ប្រវត្ដិសាស្ដ្រ រីនហាវេន នៃ​ទីក្រុង​រ៉ូត​ធឺដាម ជា​គម្រោង​បើកមុខ​សម្រាប់កៀរ​គរ​ក្រុម​វិចិត្រករ​ដែល​ស្រឡាញ់​បរិស្ថាន​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​រហូត​ដល់​ឆ្នាំ ២០១៨។

ជាស្ថាបនិក Mothership លោក ជេរឿន អេវើវឺត​ បាន​ប្រាប់ Tech Insider ថា៖ «ព្រៃ​កំសួល​ ឬព្រៃ​បណ្ដែតទឹក ជា​ភាពទាក់​ទាញ​ដ៏​វិសេស​មួយថ្មី​ទៀត​សម្រាប់ក្រុង​កំពង់ផែ។ គម្រោង​នេះ​ក៏ជួយ​គាំទ្រ​ដល់​យុទ្ធនាការ​ថែទាំ​បរិស្ថាន​បៃតង​នៅ​កណ្ដាល​ក្រុង​ផងដែរ»។

ក្រុមការងារ​នេះ​នឹក​ឃើញ​គំនិត​ច្នៃប្រឌិត​ពីស្នាដៃ​ចម្លាក់​របស់​ លោក ចក ប៊េកឃ័រ «In Search of Habitus» ដែល​រំលេច​នូវ​រុក្ខជាតិ​តូច​ៗបណ្ដែត​ខ្លួន​កំសួល​ប្លាស្ទិក​ពីទសវត្សរ៍ ១៩៧០​។ Mothership ចង់ប្រែ​ក្លាយ​ស្នាដៃ​ចម្លាក់​នោះ​ទៅជា​ការពិត​ក្នុង​សណ្ឋាន​ជាព្រៃ​កំសួល​។

វិចិត្រ​ករ ​ហូឡង់ ​ដាំ​ព្រៃ​បណ្ដែត​ទឹក​លម្អ​ក្រុង​ព័ទ្ធ​ដោយ​សមុទ្រ

ទិដ្ឋភាព​ព្រៃ​បណ្ដែត​ទឹក ឬព្រៃ​កំសួល​ ជា​គម្រោង​ស្នាដៃ​របស់​វិចិត្រករ​ Mothership នៅ​ហូឡង់​

Mothership បាន​ខិតខំ​ធ្វើ​កិច្ចការ​លើ​គំរូព្រៃ​សាកល្បង​តាំង​ពីឆ្នាំ ២០១៣ ដោយ​បាន​ប្រឈម​ការ​លំបាក​ជាច្រើន​។ លោក អេវើវឺត បាន​និយាយ​ថា មិនខុស​ពីសរីរៈ​មាន​ជីវិត​ដទៃ​ឡើយ ដើម​ឈើ​ក៏មាន​ប្រតិបត្ដិ​ជាមួយនឹង​ទឹក​ប្រៃ​ផងដែរ​។ នៅពេល​រលក​បោកបក់​ខ្លាំង​ វាមិនឲ្យ​ឈើ​លូត​លាស់​ឡើយ​។

ក្រោយពី Mothership សហការ​ជាមួយ​និស្សិត​វិស្វកម្ម​បរិស្ថាន ក្រុម​ការងារ​បាន​យក​ពូជ​ឈើ Dutch Elm ដែលធន់​អានុភាព​ទឹក​សមុទ្រ​។ ពួកគេ​បាន​ឃើញ​ពូជ​ឈើ​នេះ​ដុះលូត​លាស់​យ៉ាង​ឆាប់​រហ័ស​ ដែល​ធន់​នឹងទឹក និង​ផល​ប៉ះពាល់​ផ្សេងៗ ជា​ពិសេស វា​មិន​ត្រូវការ​ការ​ថែទាំ​ខ្លាំង​នោះ​ទេ។

ពួកគេ​បាន​យកពូជ​ឈើ​ទាំងនោះ ២០ ដើម​ទៅ​ជួស​ដើម​ឈើចាស់​ដែល​ងាប់​ដោយ​សារតែ​ប្រតិកម្ម​ទឹកប្រៃ។

គំនិត​ចម្បង​គឺថា ពួកគេ​ខិតខំ​ស្វែងរក​ទំនាក់​ទំនង​រវាង​អ្នក​រស់​នៅ​ក្នុង​ទីក្រុង និង​ធម្មជាតិ​ ខណៈ​មាន​សម្រស់​ព្រៃព្រឹក្សា​ដុះត្រៀប​ត្រាលើ​ផ្ទៃ​សាគរ​នេះ​។

លោក អេវើវឺត បន្ដថា សម្រស់​ធម្មជាតិ​សិប្បនិម្មិត​នេះ​អាចជា​គម្រោង​ឧទ្យាន​អនាគត​កាល​សម្រាប់​លម្អទី​ក្រុង​ពោរ​ពេញ​ដោយ​ផ្ទៃ​ទឹក​សមុទ្រ​នេះដែរ។

គួរ​បញ្ជាក់ថា ទីក្រុង​កំពង់ផែ រ៉ូតធឺដាម ជា​ទីក្រុង​ទឹក​ ហើយ​ដែនដី​ជាង ៨០ ភាគរយ​នៃក្រុង​ស្ថិតនៅ​ក្រោម​នីវ៉ូទឹក​សមុទ្រ​។ វាអាច​ទៅ​រួច​ដែល​ទីក្រុង​ព្រៃថ្មី​គួរតែ​រំលេច​រូបរាង៕

វិចិត្រ​ករ ​ហូឡង់ ​ដាំ​ព្រៃ​បណ្ដែត​ទឹក​លម្អ​ក្រុង​ព័ទ្ធ​ដោយ​សមុទ្រ វិចិត្រ​ករ ​ហូឡង់ ​ដាំ​ព្រៃ​បណ្ដែត​ទឹក​លម្អ​ក្រុង​ព័ទ្ធ​ដោយ​សមុទ្រ

ប្រភពៈ ភ្នំពេញប៉ុស្តិ៍