មេក្លោង​ជួញ​ដូរ​គ្រឿង​ញៀន​បំផ្លាញ​ភស្តុតាង​​និង​គ្រឿងញៀន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប

ក្រោយពីប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនដ៏ធំ នៅរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី ២៧មេសា កងរាជអាវុធហត្ថ នៅមិនទាន់អាចកំណត់អត្តសញ្ញាណមេក្លោងជួញដូរគ្រឿងញៀន ដែលក្រុមសមត្ថកិច្ច បានបាញ់សម្លាប់ពេលប្រតិបត្តិការនោះនៅឡើយទេ។ មិនទាន់កំណត់បាន ដោយសារតែក្រុមជនល្មើស បានដុតបំផ្លាញឯកសារពាក់ព័ន្ធ ព្រមទាំងយកគ្រឿងញៀន ចាក់ចោលបង្ហូរក្នុងបង្គន់អស់ នៅសល់តែកំទេចកំទីប៉ុណ្ណោះ។ សរុបទៅ ក្នុងប្រតិបត្តិការនោះ កងរាជអាវុធហត្ថ បានខាតបង់ ស្លាប់អស់មន្ត្រីកម្លាំងអាវុធហត្ថម្នាក់ ដោយសារត្រូវក្រុមជនល្មើសបាញ់តបត។ ប៉ុន្តែសមត្ថកិច្ច បានសម្លាប់មេក្លោងជួញដូរគ្រឿងម្នាក់ និងចាប់បានគ្នីគ្នាជនល្មើស ៥នាក់ទៀត រួមទាំងប្រមូលបានទ្រព្យសម្បត្តិរបស់ក្រុមនេះ មួយចំនួន។

រឿងរ៉ាវដំបូង ដែលបណ្តាលឲ្យកងរាជអាវុធហត្ថរាជធានីភ្នំពេញ លើកគា្នទៅបង្ក្រាបក្រុមជួញដូរគ្រឿងញៀន នៅផ្ទះលេខ៣៧ ផ្លូវលេខ៣៥១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី ២៧មេសា ដោយសារជនល្មើសជួញដូរគ្រឿងញៀនម្នាក់ ឈ្មោះលី វីរៈ អាយុ ៣៧ឆ្នាំ ដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនបានកាលពីពេលកន្លងទៅ បានសារភាពថា មេក្លោងជួញដូរគ្រឿងញៀនធំ រស់នៅក្នុងតំបន់ខាងលើនេះ។ បន្ទាប់មកកម្លាំងសមត្ថកិច្ច បានសុំគោលការណ៍ពីព្រះរាជអាជ្ញារងតុលាការក្រុង ចុះទៅបង្ក្រាប ដោយសហការជាមួយអាវុធហត្ថខណ្ឌទួលគោក។

មេក្លោង​ជួញ​ដូរ​គ្រឿង​ញៀន​បំផ្លាញ​ភស្តុតាង​​និង​គ្រឿងញៀន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប

សកម្មភាពបង្ក្រាបក្រុមជួញដូរគ្រឿងញៀន នៅរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី ២៧មេសា ឆ្នាំ២០១៦។

ពេលទៅដល់ផ្ទះជនល្មើស ដែលមានកំពស់ ២ជាន់ សមត្ថកិច្ចអាវុធហត្ថ ក៏សំរុកចូល ដល់ក្នុងផ្ទះជាន់ខាងក្រោម ឃាត់ខ្លួនជនសង្ស័យបាន ៣នាក់ និងបន្តឡើងទៅជាន់លើ ឃាត់ខ្លួនបានបក្សពួក ម្នាក់ទៀត។ ប៉ុន្តែភ្លាមៗនោះ ស្រាប់តែជនល្មើស ដែលជាមេក្លោងធំ បានចេញមកបាញ់ប្រហារ លើកម្លាំងសមត្ថកិច្ច បណ្តាលអោយអាវុធហត្ថម្នាក់ត្រូវ ១គ្រាប់។ ពេលនោះ សមត្ថកិច្ច ត្រូវតែបាញ់តបតទៅវិញ ដើម្បីរំដោះអ្នករបួសយកទៅមន្ទីរពេទ្យ ប៉ុន្តែមន្ត្រីអាវុធហត្ថដែលរងរបួសខ្លាំងនោះ គឺលោកអនុសេនីយ៍ឯក ទៀន ករុណា នាយរងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

សមត្ថកិច្ច នៅតែបន្តរុលទៅមុខបាញ់តបតជាមួយជនល្មើសម្នាក់នោះ ប៉ុន្តែត្រូវរងផលវិបាកដោយសារផ្ទះជនល្មើស មានកាមេរ៉ាសុវត្ថិភាពគ្រប់កន្លែង។ យ៉ាងណាក៏ដោយ សមត្ថកិច្ចសម្រេចបាញ់កំទេចកាមេរ៉ានោះ ហើយសម្រុកទៅបាញ់ជនល្មើស រហូតដល់ស្លាប់ក្នុងបន្ទប់ដេកតែម្តង។ ប្រតិបត្តិការ បានបញ្ចប់នៅពេលមេក្លោងនោះ ស្លាប់!

សរុបទៅក្នុងប្រតិបត្តិការបាញ់ប្រហារគ្នា រវាងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងក្រុមជួញដូរគ្រឿងញៀននោះ គឺមានស្លាប់មន្ត្រីកងរាជអាវុធម្នាក់ (លោកអនុសេនីយ៍ឯក ទៀន ករុណា នាយរងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ) ស្លាប់មេក្លោងជួញដូរគ្រឿងញៀនម្នាក់ និងកម្លាំងអាវុធហត្ថ ៣នាក់ រងរបួស។ កងរាជអាវុធហត្ថ មិនទាន់អាចកំណត់អត្តសញ្ញាណមេក្លោងនោះនៅឡើយទេ ដោយសារពេលចុះទៅឆេកឆេរ ជនល្មើស បានដុតបំផ្លាញឯកសារពាក់ព័ន្ធមួយចំនួន រួមទាំងបានចាក់គ្រឿងញៀនចោល បង្ហូរចូលទៅក្នុងបង្គន់ទាំងអស់ ដែលធ្វើឲ្យសមត្ថកិច្ចប្រមូលបានតែ កំទេចកំទីថ្នាំញៀនមួយចំនួនដែលជនល្មើសធ្វើកំពប់ក្រៅបង្គន់ប៉ុណ្ណោះ

ក្រៅពីនោះ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួនជនល្មើសបាន៥នាក់ ដកហូតអាវុធ បាន ៦ដើម ដោយក្នុងនោះមាន អាវុធខ្លី ៥ដើម និងអាវុធវែងAK ១ដើម។ សមត្ថកិច្ច ក៏រឹបអូស បានរថយន្តទំនើបៗរបស់ក្រុមជនល្មើសចំនួន ២គ្រឿង ដោយសុទ្ធតែមានស្លាកលេខ ន.ប ផងដែរ៕

ប្រភពៈ RFI