ពលរដ្ឋ​ជាង​ ៦០០ ​នាក់​​មក​ដាក់​ញត្តិ​ជាថ្មី​រឿង​​វិវាទ​ដីធ្លី

ភ្នំពេញៈ ប្រជាពលរដ្ឋជាង ៦០០ នាក់តំណាងឲ្យពលរដ្ឋជាង ៤ ពាន់គ្រួសារមកពីស្រុកមេមត់ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនឯកជន ឈ្មួញ និងអាជ្ញាធរមានអំណាចបានលើកគ្នាមកដាក់ញត្តិនៅរដ្ឋសភា ក្រសួង និងស្ថាប័នរដ្ឋមួយចំនួនកាលពីថ្ងៃម្សិលមិញដើម្បីសុំអន្តរាគមន៍ដោះស្រាយបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគាត់ និងផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ដល់ពួកគាត់។

ស្ថាប័នដែលពលរដ្ឋទាំង ៣០ សហគមន៍បានដាក់ញត្តិនោះរួមមាន រដ្ឋសភា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងអង្គភាពប្រឆាំងអំពើពុករលួយជាដើម។

អ្នកស្រី ឃុត ស្រីអូន តំណាងពលរដ្ឋ ៥២៤ គ្រួសារនៅស្រុកមេមត់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់បានរៀបរាប់ថាពួកគាត់បានរស់នៅលើដីទំហំជិត ២៩ ហិកតានៅភូមិខ្នងក្រពើខាងលិច និងភូមិខ្នងក្រពើខាងកើតតាំងពីឆ្នាំ ១៩៧៩ និងធ្លាប់បានដាក់ញត្តិសុំអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធមួយចំនួនច្រើនលើកច្រើនសាហើយតែពុំមានដំណោះស្រាយទើបពួកគាត់ឡើងមកដាក់ញតិ្តជាថ្មីនៅក្រសួងរៀបចំដែនដីដើម្បីសុំសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ដីលំនៅឋានពួកគាត់។

ពលរដ្ឋ​ជាង​ ៦០០ ​នាក់​​មក​ដាក់​ញត្តិ​ជាថ្មី​រឿង​​វិវាទ​ដីធ្លី

ប្រជាពលរដ្ឋមកដាក់ញត្តិសុំអន្តរាគមន៍រឿងដីធ្លីនៅមុខរដ្ឋសភាកាលពីថ្ងៃម្សិលមិញ។ ស្រេង ម៉េងស៊្រុន

អ្នកស្រីបញ្ជាក់ថា៖ «ពួកខ្ញុំដើរដាក់ញត្តិអស់ហើយតាំងពីថ្នាក់ខេត្តខាងខេត្តលោកថាគ្មានសមត្ថភាពដោះស្រាយទេអ៊ីចឹងខ្ញុំមិនដឹងទៅពឹងអ្នកណាអ៊ីចឹងមានតែសុំឲ្យក្រសួងដែនដីចេញប្លង់កម្មសិទ្ធិឲ្យពួកខ្ញុំ ព្រោះពួកខ្ញុំមានសលាកបត្រអស់ហើយ»។

ប្រជាពលរដ្ឋម្នាក់ទៀតមកពីស្រុកតំបែរលោក ផុន ឈឿន បានឲ្យដឹងថាបញ្ហាជម្លោះដីធ្លីនៅសហគមន៍របស់ពួកគាត់កើតឡើងដោយសារមានជនខិលខូចមួយចំនួនឃុបឃិតគ្នាជាមួយមន្ត្រីមានអំណាចលួចលក់ដីទៅឲ្យក្រុមហ៊ុនចិនហាម៉ូនី អ៊ីនវេសមេន ធ្វើការឈូសឆាយបំផ្លាញព្រៃឈើធនធានធម្មជាតិ និងដីស្រែចម្ការរបស់សហគមន៍។

លោកបានអំពាវនាវ «សុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយចុះទៅពិនិត្យមើលផងយកដីពួកខ្ញុំរាប់រយហិកតាទៅលក់ឲ្យក្រុមហ៊ុនបណ្តាលឲ្យប្រជាពលរដ្ឋយើងខ្ញុំជំពាក់លុយធនាគារច្រើនណាស់អ៊ីចឹងសុំឲ្យរដ្ឋសភាដោះស្រាយប្រគល់ដីមកឲ្យសហគមន៍គ្រប់គ្រងថែរក្សាព្រៃឈើ ជម្រកសត្វព្រៃទាំងអស់ហ្នឹងវិញ។ សូមឲ្យសម្តេចទាំង ២ ទាំង ៣ ជួយយើងខ្ញុំផង»។

ក្រៅពីនេះប្រជាសហគមន៍ផ្សេងទៀតដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន KVSB international co.ltd និងឈ្មួញមួយចំនួនទៀតក៏បានដាក់ញត្តិផ្សេងៗគ្នាទៅក្រសួងស្ថាប័នទាំងនោះឲ្យជួយអន្តរាគមន៍ប្រគល់ដីព្រៃទៅឲ្យសហគមន៍គ្រប់គ្រង និងទាញយកអនុផលព្រៃឈើដើម្បីចិញ្ចឹមជីវិតផងដែរ។

តំណាងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ដែលបានទទួលញត្តិរបស់ប្រជាពលរដ្ឋបានថ្លែងថាក្រោយពីទទួលញត្តិពីពលរដ្ឋហើយពួកគេបានត្រឡប់ទៅលំនៅឋានវិញ។

លោកថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ឯកឧត្តមទេសរដ្ឋមន្ត្រីនឹងដឹកនាំក្រុមការងារពាក់ព័ន្ធក្នុងក្រសួងពិនិត្យការងារនេះ និងសហការជាមួយនឹងអាជ្ញាធរដែនដីក៏ដូចជាប្រជាពលរដ្ឋដើម្បីមើលករណីនេះថាវាយ៉ាងម៉េចដើម្បីឈានទៅរកដំណោះស្រាយសមស្របទទួលយកបានទាំងអស់គ្នា»។

តំណាងក្រុមហ៊ុនឯកជនខាងលើមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត បានថ្លែងថាបញ្ហាដីធ្លីនៅតែជាបញ្ហាក្តៅគគុក និងប្រឈមសម្រាប់កម្ពុជាបើទោះបីជារដ្ឋាភិបាល និងអាជ្ញាធរប្តេជ្ញាក្នុងការដោះស្រាយក៏ដោយ។

លោកថ្លែងថា៖ «ប្រសិនបើទំនាស់ដីធ្លីនេះមិនមានពាក់ព័ន្ធនឹងអ្នកមានអំណាចនោះការដោះស្រាយនឹងទៅដោយរលូន និងមានលទ្ធផលល្អតែបើប៉ះជាមួយអ្នកមានអំណាចបញ្ហាដីធ្លីនៅតែរ៉ាំរ៉ៃដដែល»។

លោកបន្តថា៖ «បញ្ហាដីធ្លីគឺជាឆ្នាំងបាយរបស់ប្រជាពលរដ្ឋបើសិនជាពលរដ្ឋបាត់បង់ដីធ្លីគាត់នឹងមិនមានអ្វីទ្រទ្រង់ជីវភាពទេអ៊ីចឹងបើគាត់បាត់បង់ដីធ្លីគាត់ប្រឹងរើបម្រះហើយអ៊ីចឹងនេះហើយអាចនឹងមានបដិវត្តន៍ដីធ្លីកើតឡើងបើសិនជាបញ្ហាដីធ្លីរីកដុះដាលដោយយើងមិនបានដោះស្រាយបញ្ចប់នោះ»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍