ធ្លាយ​រឿង​រថយន្ត​ Audi​ Q7​ ពាក់​ស្លាក​លេខ​នគរបាល​ដែល​ឧក្រិដ្ឋជន​គ្រឿងញៀន​ប្រើប្រាស់​ ហើយ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ម្សិលមិញ​ គឺជា​កម្មសិទ្ធិ​របស់​ឧត្តមសេនីយ៍​ប៉ូលិស​ម្នាក់​

ប្រភពព័ត៌មានពីមន្ត្រីស្និទ្ធនឹងក្រសួងមហាផ្ទៃម្នាក់ បានបង្ហើបប្រាប់ឲ្យដឹងថា រថយន្តទំនើបម៉ាក Audi Q7 ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខនគរបាល 2-0621 ដែលក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនប្រើប្រាស់ និងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបានកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ម្សិលមិញ នៅត្រង់ចំណុចផ្ទះលេខ៣៧ ផ្លូវលេខ៣៥១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រហូតបង្កឲ្យមន្ត្រីកងរាជអាវុធហត្ថម្នាក់ពលីជីវិតនោះ គឺជាកម្មសិទ្ធិរបស់លោកឧត្តមសេនីយ៍ប៉ូលិសម្នាក់បម្រើការងារនៅក្រសួងមហាផ្ទៃ ។

មន្ត្រីដដែលបានបង្ហើបប្រាប់ឲ្យដឹងថា កម្មសិទ្ធិករនៃរថយន្តទំនើបម៉ាក Audi Q7 ពណ៌ស ពាក់ស្លាកលេខនគរបាល 2-0621 ដែលឧក្រិដ្ឋជនជួញដូរគ្រឿងញៀនប្រើប្រាស់នោះ គឺលោកឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ អត្តលេខ៦៥៨៨៨ កាន់តំណែងជាអគ្គាធិការរងនៃអគ្គាធិការដ្ឋានកិច្ចការនយោបាយ រដ្ឋបាល និងនគរបាលក្រសួងមហាផ្ទៃ ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញរបស់ក្រសួងមហាផ្ទៃកំពុងធ្វើការសាកសួរយកចម្លើយពីលោកឧត្តមសេនីយ៍ រស់ ឧស្សាហ៍ ទាក់ទងនឹងដំណើររឿងដែលនាំឲ្យរថយន្តទំនើបនេះធ្លាក់ទៅក្នុងដៃក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនប្រព្រឹត្តបទល្មើសរហូតទទួលរងការបង្ក្រាបយ៉ាងកក្រើករាជធានីភ្នំពេញ នាំឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថម្នាក់ពលីជីវិតផងនោះ ៕

ធ្លាយ​រឿង​រថយន្ត​ Audi​ Q7​ ពាក់​ស្លាក​លេខ​នគរបាល​ដែល​ឧក្រិដ្ឋជន​គ្រឿងញៀន​ប្រើប្រាស់​ ហើយ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ម្សិលមិញ​ គឺជា​កម្មសិទ្ធិ​របស់​ឧត្តមសេនីយ៍​ប៉ូលិស​ម្នាក់​

ប្រភពៈ DTN7