មេដឹកនាំ​ចិន​ប្ដេជ្ញា​រក្សា​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះនៅឯកិច្ចប្រជុំសន្តិសុខជាមួយរដ្ឋមន្ត្រីការបរទេសមកពីតំបន់អាស៊ីថា ប្រទេសចិននឹងមិនអនុញ្ញាតឲ្យសន្តិសុខនៅលើឧបទ្វីបកូរ៉េមានបញ្ហាអាក្រក់នោះឡើយ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia។

លោក ស៊ី បានថ្លែងថា៖ «ជាប្រទេសនៅជាប់បង្កើយនឹងប្រទេសកូរ៉េទាំងពីរ ប្រទេសចិននឹងមិនអនុញ្ញាតឲ្យមានសង្គ្រាមឬចលាចលផ្ទុះឡើងនៅឧបទ្វីបកូរ៉េនោះឡើយ»។

លោក ស៊ី ថ្លែងបន្តថា៖ «ប្រសិនបើវាកើតឡើង គ្មានភាគីណាមួយនឹងទទួលបានផលចំណេញនោះឡើយ។ ខ្ញុំសង្ឃឹមថា ភាគីទាំងអស់នឹងដកខ្លួនចេញពីការបង្កហេតុទៅលើភាគីមួយផ្សេងទៀត និងត្រឡប់មករកការចរចាវិញ»។

លោក ស៊ី បាននិយាយថាប្រទេសចិនបានខិតខំយ៉ាងខ្លាំងក្លាដើម្បីរក្សាសន្តិភាពនៅឧបទ្វីបកូរ៉េ ហើយចិននឹងបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ក្រុមប្រឹក្សាអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតទៅលើកូរ៉េខាងជើងកាលពីខែមីនាកន្លងមកឆ្លើយតបទៅនឹងការបាញ់សាកល្បងគ្រាប់មីស៊ីលនិងនុយក្លេអ៊ែរម្ដងហើយម្ដងទៀតរបស់ប្រទេសនេះ។

រដ្ឋាភិបាលក្រុងព្យុងយ៉ាងត្រូវបានគេរំពឹងថានឹងបន្តសាកល្បងបន្ថែមទៀតនៅពេលដែលប្រទេសនេះកំពុងឈានទៅរៀបចំសមាជបក្សដ៏កម្ររបស់ខ្លួននៅថ្ងៃទី០៦ខែឧសភាខាងមុខនេះ។

ខណៈដែលភាពតានតឹងកាន់តែកើនឡើង ភាគីជាច្រើនកំពុងជំរុញឲ្យក្រុងប៉េកាំងដាក់សម្ពាធបន្ថែមទៀតទៅលើសម្ព័ន្ធក្រុងព្យុងយ៉ាងរបស់ខ្លួន៕

មេដឹកនាំ​ចិន​ប្ដេជ្ញា​រក្សា​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េប្រធានាធិបតីចិនលោក ស៊ី ជិនពីង (រូបភាពពី CNA)

ប្រភពៈ VOD