បញ្ហា​អន្តោ​ប្រវេសន៍​កំពុង​ឡើង​កម្ដៅ​នៅ​មុន​ការ​បោះ​ឆ្នោត​នៅ​អូស្ត្រាលី

ប្រទេសអូស្ត្រាលីនិងប៉ាពួញូវហ្គីណេ នឹងរៀបចំកិច្ចពិភាក្សាបន្ទាន់មួយអំពីជោគវាសនាជនស្វែងរកសិទ្ធិជ្រកកោន៩០០នាក់ បន្ទាប់ពីប្រទេសប៉ាពួញូវហ្គីណេ ប្រកាសពីការបិទមជ្ឈមណ្ឌលឃុំខ្លួននៅលើដែនកោះដែលបណ្ដាលឲ្យគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងតែងរបស់អូស្ត្រាលីស្ថិតក្នុងភាពមិនច្បាស់លាស់ចំពេលពេលយុទ្ធនាការបោះឆ្នោតសកល។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia។

លោក Charles Lepani ស្នងការជាន់ខ្ពស់ប្រទេសប៉ាពួញូវហ្គីណេប្រចាំប្រទេសអូស្ត្រាលី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កិច្ចពិភាក្សានឹងធ្វើឡើងនៅសប្ដាហ៍ក្រោយហើយនឹងពិភាក្សាទៅលើភារកិច្ចដែលត្រូវបំពេញជាមួយជនស្វែងរកសិទ្ធិជ្រកកោនដែលប្រទេសអូស្ត្រាលីនៅតែរក្សាជំហរមិនទទួលយកពួកគេដដែល។

ការសម្រេចបិទមណ្ឌលឃុំខ្លួននៅលើ Manus របស់ប្រទេសប៉ាពួញូវហ្គីណេ បានកើតឡើងក្រោយពីមានសេចក្ដីសម្រេចពីតុលាការកំពូលរបស់ប្រទេសនេះថា មណ្ឌលនោះត្រូវបានបង្កើតផ្ទុយពីច្បាប់។ ការសម្រេចចិត្តនេះគឺជាការវាយប្រហារមួយទៅលើគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងតែងរបស់អូស្ត្រាលី។

បញ្ហា​អន្តោ​ប្រវេសន៍​កំពុង​ឡើង​កម្ដៅ​នៅ​មុន​ការ​បោះ​ឆ្នោត​នៅ​អូស្ត្រាលី

ចំនួនជនស្វែងរកសិទ្ធិជ្រកកោនដែលបានព្យាយាមធ្វើដំណើរទៅអូស្ត្រាលីនោះមានចំនួនតិចទេបើប្រៀបធៀបទៅនឹងចំនួនជនស្វែងរកសិទ្ធិជ្រកកោនដែលបានធ្វើដំណើរទៅដល់អឺរ៉ុប ប៉ុន្តែសន្តិសុខព្រំដែនបានក្លាយជាបញ្ហានយោបាយដ៏ក្ដៅគគុកនិងកាន់តែក្លាយជាទិដ្ឋភាពសំខាន់នៅក្នុងយុទ្ធនាការមុនការបោះឆ្នោតនាខែកក្កដាខាងមុខនេះ។

វិធានការនានា ដូចជាការចាប់ឃាត់ទូកជនស្វែងរកសិទ្ធិជ្រកកោននៅតាមសមុទ្រ និងការបញ្ជូនពួកគេត្រឡប់ទៅប្រទេសកំណើតវិញ ឬការផ្ទេរពួកគេទៅមណ្ឌលឃុំឃាំងនៅលើកោះ ខណៈមិនអនុញ្ញាតឲ្យពួកគេតាំងទីនៅអូស្ត្រាលីនោះ បានទទួលរងការរិះគន់យ៉ាងខ្លាំងក្លាពីអង្គការសហប្រជាជាតិនិងទីភ្នាក់ងារសិទ្ធិមនុស្សអន្តរជាតិ។

ប៉ុន្តែវិធានការបែបនេះបានដើរតួយ៉ាងសំខាន់នៅក្នុងការបោះឆ្នោត ដោយអតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Tony Abbott បានឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីកាលពីឆ្នាំ២០១៣ ដោយសារតែពាក្យស្លោករបស់គាត់ «បញ្ឈប់ទូក»។

លោក Lepani បាននិយាយថាមណ្ឌលឃុំឃាំង Manus ដែលឃុំខ្លួនជនភៀសខ្លួនប្រហែល៤០០នាក់នោះមិនមែនជាមណ្ឌលឃុំឃាំងរយៈពេលវែងនោះឡើយ ហើយលោកបានចោទប្រកាន់អូស្ត្រាលីថាបណ្ដោយឲ្យរឿង«អូសបន្លាយពេល»៕

ប្រភពៈ VOD