កូរ៉េ​ខាង​ជើង​ កំណត់​ថ្ងៃ​ធ្វើ​សមាជ​បក្ស​ ខណៈ​ភ័យ​ខ្លាច​ការ​ធ្វើតេស្ត​នុយក្លេ​អ៊ែរ​

ក្រុងសេអ៊ូលៈ កូរ៉េខាងជើងពី ថ្ងៃពុធ បានកំណត់ជាផ្លូវការយកថ្ងៃទី ៦ ឧសភា សម្រាប់ការបើក សមាជបក្សកំពុងកាន់អំណាចជាប្រវត្តិសាស្ត្រមួយ ដែលជាលើកទីមួយក្នុងពេលជិត ៤ ទសវត្សរ៍ និងជាព្រឹត្តិការណ៍មួយ ដែលមនុស្សជាច្រើនភ័យខ្លាចថានឹងត្រូវចាប់ផ្តើមដោយការធ្វើតេស្តនុយក្លេអ៊ែរ ទី ៥ មួយ។

ក្តីរំពឹងជុំវិញសមាជ ដែលបានរៀបចំធ្វើចុងក្រោយនៅក្នុងឆ្នាំ ១៩៨០ បាននិងកំពុងកើនឡើងចាប់តាំងពីកូរ៉េខាងជើងបានផ្តល់សញ្ញាពីបំណងរបស់ពួកគេដើម្បី រៀបចំការជួបជុំនោះកាលពីខែ តុលា។

លោកគីម ជុងអ៊ុន ត្រូវបានគេរំពឹងថាប្រើព្រឹត្តិការណ៍នោះដើម្បី ពង្រឹងជំហររបស់លោកជាមេដឹកនាំកំពូល និងដើម្បីបង្កើនក្រេឌីតសម្រាប់ជំរុញកម្មវិធីអាវុធនុយក្លេអ៊ែរទៅកាន់កម្ពស់ថ្មីមួយ។ ពុំមានសេចក្តីពិស្តារ ត្រូវបាន ផ្តល់ឲ្យអំពីរបៀវារៈនោះទេ ប៉ុន្តែ វានឹងត្រូវត្រួតពិនិត្យសម្រាប់ការកែប្រែ គោលនយោបាយសំខាន់ណាមួយ ឬការរុះរើក្នុងចំណោមវីរជនរបស់ប្រទេស។

កាលបរិច្ឆេទចាប់ផ្តើមពិត គឺជាការសម្ងាត់បំផុត មុនពេលការប្រកាសពីថ្ងៃពុធ ដោយការិយាល័យនយោបាយមជ្ឈិម របស់បក្សកំពុងកាន់អំណាច។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA ការិយាល័យនយោបាយនោះ បាននិយាយថា សមាជ ដែលជាលើកទី ៧ នៅក្នុងប្រវត្តិសាស្ត្ររបស់បក្សនេះ នឹងបើកនៅថ្ងៃទី ៦ ឧសភា ប៉ុន្តែពុំបានបញ្ជាក់ថា នឹងមានរយៈពេលប៉ុន្មានថ្ងៃនោះទេ។

សមាជឆ្នាំ ១៩៨០ បានប្រើពេល ៤ ថ្ងៃ ហើយក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង បាននិ-យាយថា ខ្លួនរំពឹងថា ជំនួបនៅ សប្តាហ៍ក្រោយនេះ នឹងដំណើរការ ៤ ឬ ៥ ថ្ងៃដែរ។មានការប៉ាន់ស្មានកំពុងកើនឡើងថា កូរ៉េខាងជើង អាចធ្វើតេស្តនុយក្លេអ៊ែរថ្មីមួយទៀត នៅ មុនព្រឹត្តិការណ៍នោះ ជាការបង្ហាញពីមោទនភាពជាតិ និងកម្លាំង។

កាលពីថ្ងៃអង្គារ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឿនហ៊ី បាននិយាយថា កូរ៉េខាងជើង ត្រូវបានគេយល់ថា បានបង្ហើយការរៀបចំសម្រាប់ការធ្វើតេស្តមួយ និងអាចចុចប៊ូតុងនោះ ដើម្បីបាញ់ឡើង នៅក្នុងពេលណាមួយ៕

កូរ៉េ​ខាង​ជើង​ កំណត់​ថ្ងៃ​ធ្វើ​សមាជ​បក្ស​ ខណៈ​ភ័យ​ខ្លាច​ការ​ធ្វើតេស្ត​នុយក្លេ​អ៊ែរ​

មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន (កណ្តាល) ធ្វើជាអធិបតី ក្នុងជំនួបទីបីនៃក្រុមសកម្មជននេសាទក្រោមកងទ័ពប្រជាជនកូរ៉េ ខែធ្នូ ឆ្នាំ ២០១៥។ Afp

ប្រភពៈ ភ្នំពេញប៉ុស្តិ៍