អូទ្រីស​អនុម័តច្បាប់​ដែល​អាច​ដាក់​ប្រទេស​ក្នុងភាព​អាសន្នអន្តោប្រវេសន៍

សភាអូទ្រីស ទើបបានអនុម័តនៅល្ងាចថ្ងៃពុធទី ២៧មេសា ម្សិលមិញ ច្បាប់មួយដែលអនុញ្ញាតរដ្ឋាភិបាលចេញក្រិត្យដាក់ប្រទេសក្នុងភាពអាសន្នអន្តោប្រវេសន៍ លុបបំបាត់ស្ទើរតែទាំងស្រុងសិទ្ធិសុំជ្រកកោន។ អង្គការការពារសិទ្ធិជនភៀសខ្លួន អង្គការសហប្រជាជាតិ តាមរយៈប្រសាសន៍របស់លោកអគ្គលេខាធិការ បាន គីមូន នៅថ្ងៃនេះ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះនយោបាយដ៏តឹងតែងនេះ។

រៀបចំតាក់តែងតាំងពីជាច្រើនខែ និងដែលអង្គការក្រៅរដ្ឋាភិបាលទាំងឡាយ ព្រមទាំងបក្សបក្សប្រឆាំងខ្លះបានស្រែករិះគន់ ច្បាប់អូទ្រីសថ្មី គឺច្បាប់អន្តោប្រវេសន៍ដ៏តឹងតែងបំផុតមួយនៅក្នុងសហភាពអឺរ៉ុប។ មានតែប្រទេសហុងគ្រីមួយប៉ុណ្ណោះដែលអាចប្រៀបធៀបគ្នាបាន។
តាមរយៈច្បាប់ថ្មីនេះ ជនអន្តោប្រវេសន៍-ភៀសខ្លួនស៊ីរី អ៊ីរ៉ាក់ ឬអាហ្វាហ្កានីស្ថាន នឹងមានសិទ្ធជ្រកកោនលើទឹកដីអូទ្រីស ក្នុងរយៈពេលកំណត់ត្រឹមបីឆ្នាំ។ បីឆ្នាំក្រោយ បើស្ថានភាពនៅក្នុងប្រទេសកំណើតបានធូរស្បើយ សង្គ្រាមត្រូវបញ្ចប់ ជនភៀសខ្លួនត្រូវត្រលប់ទៅវិញ។ ក្នុងអំឡុងពេលនោះ សិទ្ធសុំរស់ជួបជុំគ្រួសារត្រូវកាត់បន្ថយយ៉ាងខ្លាំង ដើម្បីកុំឱ្យអ្នកនៅលីវ អាចទៅរៀបការអូសយកប្តីប្រពន្ធមកបាន។

អូទ្រីស​អនុម័តច្បាប់​ដែល​អាច​ដាក់​ប្រទេស​ក្នុងភាព​អាសន្នអន្តោប្រវេសន៍គំនូសបំព្រួញបង្ហាញផ្លូវទៅអូទ្រីសនៅព្រំដែនអ៊ីតាលី

ព្រំដែនក៏នឹងត្រូវបណ្តុះរឹងជាមុន ដាក់សម្រាស ពង្រាយវត្តមានប៉ូលិសនៅតាមព្រំដែន។ ទម្លាយកញ្ចប់ថវិកាដល់ ១,៣ពាន់លានអឺរូ សម្រាប់យោធា និង១,១ពាន់លានសម្រាប់ប៉ូលិស។

ដាក់ប្រទេសក្នុងភាពអាសន្នអន្តោប្រវេសន៍

ជាងនេះទៅទៀត ដើម្បីទប់ស្កាត់រលកអន្តោប្រវេសន៍ដែលនឹងអាចមានបុកខ្លាំងនៅរដូវក្តៅ អូទ្រីស បានចែងក្នុងច្បាប់ លទ្ធភាពដាក់ប្រទេសក្នុងភាពអាសន្នអន្តោប្រវេសន៍ ដើម្បីអាចរុញជនភៀសខ្លួនមិនរើសមុខ ឱ្យចេញផុតពីដីអូទ្រីស។ របបអាសន្នពិសេសបែបនេះ អាចមានរយៈពេលដល់ទៅពីរឆ្នាំ។ ក្នុងករណីអូទ្រីប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន គ្មានជនអន្តោប្រវេសន៍ណាអាចមានសិទ្ធិសុំជ្រកកោនបានឡើយ មិនថាស៊ីរី ឬអ៊ីរ៉ាក់ទេ !

គឺចំណុចនេះហើយដែល គ្រប់អង្គការការពារសិទ្ធិមនុស្ស សិទ្ធិជនភៀសខ្លួនរិះគន់ប្រឆាំងខ្លាំង។ តែសម្រាប់អូទ្រីស គឺជាមធ្យោបាយដាក់សម្ពាធជាពិសេសលើអ៊ីតាលីជិតខាង ឱ្យត្រួតពិនិត្យលំហូរអន្តោប្រវេសន៍ឱ្យម៉ត់ហ្មត់និងមានប្រសិទ្ធិភាព។ អ៊ីតាលីដែលភ្លាមមួយរំពេច បានប្រកាសចាប់ផ្តិតក្រយៅដៃជនភៀសខ្លួននៅលើដីគោក ឬលើដែនទឹកអ៊ីតាលី។

អន្តោប្រវេសន៍តំណាងឱ្យ១%នៃប្រជាជនអូទ្រីសសរុប

អូទ្រីសមានទីតាំងភូមិសាស្ត្រ ស្ថិតនៅចំផ្លូវខ្វែងគ្នាពីរ នៃចរន្តអន្តោប្រវេសន៍ ដែលចង់ចូលអឺរ៉ុប ៖ ម្ខាងជាលំហូរចូលមកពីច្រកបាល់កង់ និងមួយទៀតមកអ៊ីតាលី។ កាលពីឆ្នាំកន្លងទៅ មានជនភៀសខ្លួនរាប់សិបរយពាន់នាក់ បានឆ្លងកាត់ និងយកប្រទេសអូទ្រីស ជាសំណាក់។ ពោលគឺប្រមាណជាង៩ម៉ឺននាក់ ដែលបើគិតជាភាគរយទៅ ស្មើនឹង១%នៃប្រជាជនសរុបរបស់អូទ្រីស។ មានន័យថា អូទ្រីសទទួលអន្តោប្រវេសន៍ច្រើនខ្លាំង ចាញ់តែប្រទេសស៊ុយអែតមួយប៉ុណ្ណោះ នៅក្នុងចំណោមសមាជិកអឺរ៉ុបទាំងអស់។

នៅឆ្នាំ២០១៦ ក្រុងវីយ៉ែន បានកំណត់កម្មវត្ថុទទួលអ្នកសុំសិទ្ធជ្រកកោនតែ៣៧៥០០នាក់បន្ថែមប៉ុណ្ណោះ ដោយអះអាងថាប្រទេសលែងមានសមត្ថភាពទទួលជនភៀសខ្លួនបានទៀតហើយ។ គិតចាប់ពីខែមករា មកទល់ពេលនេះ គេឃើញមានអ្នកសុំសិទ្ធជ្រកកោនមកចុះឈ្មោះប្រមាណតែ១៨០០០នាក់ទេ។

ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ក្រោមសម្ពាធជាតិនិយមជ្រុល

ភ្នាក់ងារអឺរ៉ុបដែលជាអ្នកទទួលខុសត្រូវការគោរពច្បាប់ គោរពសិទ្ធិមនុស្សជាមូលដ្ឋានគ្រឹះរបស់អឺរ៉ុប គឺមានទីស្នាក់ការនៅក្នុងក្រុងវីយ៉ែន ប្រទេសអូទ្រីសនេះតែម្តង ! នៅអូទ្រីស សមាគមន៍ការពារសិទ្ធិជនភៀសខ្លួន មានជាអាទិ៍វិហារកាតូលិក មានសកម្មភាពខ្លាំងណាស់។ គេសង្ស័យថានឹងអាចមានបណ្តឹងច្រើនប្តឹងទៅតុលាការសិទ្ធិមនុស្សអឺរ៉ុប ចំពោះច្បាប់ដ៏តឹងរឹងហួសហេតុរបស់អូទ្រីសនៅពេលនេះ។

ពីខាងអ៊ីតាលីវិញ ប្រមុខការទូតអ៊ីតាលី បានចាត់ទុកច្បាប់អូទ្រីសនេះ ថាគ្មានមូលដ្ឋានត្រឹមត្រូវ និងមិនស្របច្បាប់អឺរ៉ុបទេ។ លោកបានគីមូន បានថែមទាំងឡើងថែ្លងនៅចំពោះមុខសភាអូទ្រីស សម្តែងការព្រួយបារម្ភចំពោះការរឹងបន្តឹងច្បាប់ ដែលបើតាមលោក គឺផ្ទុយស្រឡះពីកាត្វពកិច្ចរបស់រដ្ឋមួយនៅចំពោះមុខច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ និងច្បាប់អឺរ៉ុប។

ប៉ុន្តែបញ្ហានៅត្រង់ថា នៅពេលនេះ នៅក្នុងប្រទេសអូទ្រីស ដែលធ្លាប់ល្បីខាងមានសមានចិត្តល្អ ធ្លាប់ទទួលស្វាគមន៍ជនភៀសខ្លួនផ្តាច់ខ្លួនពីរបបសហភាពសូវៀត ជនជាតិជីហ្វនៅអឺរ៉ុបខាងកើត ឬមេដឹកនាំអារ៉ាប ពេលនេះលែងអាចទ្រាំរង់ចាំដំណោះស្រាយដ៏យឺតយ៉ាវរបស់សហភាពអឺរ៉ុប។ ម្យ៉ាងវិញទៀត នៅក្នុងផ្ទៃប្រទេសចលនាជាតិនិយមជ្រុលកំពុងឡើងខ្លាំង ! ក្នុងសម័យបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យកន្លងទៅ បេក្ខជនមកពីបក្សស្តាំនិយមជ្រុល បានទទួលសំឡេងគាំទ្រដល់ទៅ ៣៥% និងកំពុងឈានទៅដណ្តើមតួនាទីជាប្រធានាធិបតីអូទ្រីសផងនៅក្នុងជុំទីពីរ។

រដ្ឋាភិបាលចម្រុះអូទ្រីស ជាបន្សំនៃបក្សអភិរក្សនិងបក្សសង្គមប្រជាធិបតេយ្យ ដែលធ្លាប់មានសណ្តានចិត្តល្អចូលរួមចំណែកដោះស្រាយវិបត្តិអន្តោប្រវេសន៍ និងជាបក្សកាន់អំណាច ត្រូវចាញ់ឆ្នោត តាំងពីនៅជុំទីមួយ! ដូច្នេះចង់មិនចង់ អូទ្រីសត្រូវពង្រឹងនយោបាយអន្តោប្រវេសន៍ក្រែងស្តារបានខ្លះ។ បើទោះបីជាត្រូវរំលោភច្បាប់អឺរ៉ុបខ្លះ ក៏ដោយក្តី។

ក្រុមប្រឹក្សាអឺរ៉ុបក៏បានសម្តែងការសោកស្តាយចំពោះ ការគំរាមកំហែងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធមនុស្សនៅអឺរ៉ុប ដោយហេតុតែការស្ទុះឡើងនៃចលនាជាតិនិយមជ្រុល៕

ប្រភពៈ RFI