កសិករ​ថៃ​នឹង​ធ្វើ​បាតុកម្ម​ បើ​រដ្ឋាភិបាល​ចូល TPP

ក្រុងបាងកកៈ កសិករទូទាំងប្រទេសថៃបានគំរាមរៀបចំការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលបើរដ្ឋាភិបាលសម្រេចថាប្រទេសថៃគួរចូលរួមក្នុងកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក (TPP)។

លោក Prapat Panyachatrak ប្រធានក្រុមប្រឹក្សាជាតិកសិករ (NFC) បានឲ្យដឹងកាលពីថ្ងៃពុធថាលោកមានក្តីបារម្ភថាវិស័យកសិកម្មនឹងរងផលប៉ះពាល់បើរដ្ឋាភិបាលសម្រេចចូលរួមកិច្ចព្រមព្រៀងនេះដោយធ្វើឲ្យប្រតិបត្តិករកសិកម្មខ្នាតតូច និងមធ្យមដួលរលំ។

ក្រុមប្រឹក្សា NFC នឹងដាក់ញត្តិទៅក្រសួងកសិកម្ម និងសហករណ៍ថៃដើម្បីប្រឆាំងការចូលរួមកិច្ចព្រមព្រៀង TPP នេះ និងដើម្បីពាំនាំក្តីបារម្ភរបស់ក្រុមកសិករទៅគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចអន្តរជាតិដែលមានលោកនាយករដ្ឋមន្ត្រី Prayut Chanocha ជាប្រធានវិញ។ រដ្ឋាភិបាលថៃបានឲ្យដឹងថាខ្លួនកំពុងពិចារណាពីកិច្ចព្រមព្រៀងនេះ។

លោកបានថ្លែងក្នុងសិក្ខាសាលាមួយស្តីពីផលប៉ះពាល់របស់កិច្ចព្រមព្រៀង TPP ដែលរៀបចំដោយក្រុមប្រឹក្សា NFC ថា៖ «បើរដ្ឋាភិបាលពិតជាមិនអាចចៀសផុតពីការចូលរួមកិច្ចព្រមព្រៀង TPP នេះមែនយើងមិនអាចគេចផុតពីការតវ៉ាដូចគ្នាដែរ។ កសិករទាំងអស់នៅទូទាំងប្រទេសបានត្រៀមខ្លួនចូលមកការពារផលប្រយោជន៍របស់ខ្លួនផ្ទាល់»។

កសិករ​ថៃ​នឹង​ធ្វើ​បាតុកម្ម​ បើ​រដ្ឋាភិបាល​ចូល TPP

កសិករនៅស្ថានីយប្រព័ន្ធស្រោចស្រពមួយក្នុងខេត្តឆៃណាតប្រទេសថៃ។ រូបថត Bloomberg

លោកបានបន្តថាកិច្ចព្រមព្រៀង TPP អាចមានផលប៉ះពាល់ជាវិជ្ជមានលើវិស័យមួយចំនួនតែផលប៉ះពាល់ជាអវិជ្ជមានធំនឹងកើតឡើងចំពោះវិស័យកសិកម្ម ជីវចម្រុះ សន្តិសុខស្បៀង និងអធិបតេយ្យភាពរបស់ប្រទេសថៃ។

លោកបានបន្តថារដ្ឋាភិបាលថៃគួរអនុវត្តដោយមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការពិចារណាពីបញ្ហានេះ។

លោក Sitthiporn Boorananath លេខាប្រចាំសមាគមចិញ្ចឹមគោនៅប្រទេសថៃបានឲ្យដឹងថាកសិករចិញ្ចឹមសត្វក្នុងស្រុក នឹងមានមធ្យោបាយតិចតួចក្នុងការសម្របខ្លួនទៅនឹងកិច្ចព្រមព្រៀងនេះ។

កសិករភាគច្រើននឹងឈប់ធ្វើអាជីវកម្មដោយសារពួកគេនឹងមិនអាចប្រកួតប្រជែងជាមួយលំហូរចូលផលិតផលពីបរទេសដែលមានតម្លៃថោកជាងស្ថិតក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។

លោកបានបន្តថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសថៃ និងអូស្រ្តាលីដែលបានបញ្ចប់នៅឆ្នាំ ២០០៥ ផ្តល់ជាឧទាហរណ៍មួយស្តីពីផលប៉ះពាល់ត្រលប់ដែលអាចកើតមានដោយសារកិច្ចព្រមព្រៀងនេះបានបង្កឲ្យចំនួនសត្វគោក្នុងស្រុកធ្លាក់ចុះយ៉ាងខ្លាំងពី ៩ លានក្បាលមកនៅត្រឹម ៥ លានក្បាលនាពេលថ្មីៗនេះ។

លោក Withoon Lianchamroon នាយកក្រុមហ៊ុន Biothai បានឲ្យដឹងថាកិច្ចព្រមព្រៀង TPP នឹងបង្ខំឲ្យប្រទេសថៃចូលរួមក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិសម្រាប់ការការពារប្រភេទរុក្ខជាតិថ្មីៗ និងអនុសញ្ញាក្រុងប៊ុយដាប៉ែលស្តីពីការទទួលស្គាល់ជាអន្តរជាតិនៃបរិមាណមីក្រូសព៌ាង្គកាយសម្រាប់គោលបំណងនៃនីតិវិធីប៉ាតង់។

កម្មវិធីទាំងនេះនឹងផ្តល់កិច្ចគាំពារផ្តាច់មុខចំពោះសហគ្រាសបរទេសទាក់ទងនឹងការស្វែងរកជីវចម្រុះ ការរារាំងប្រទេសថៃពីការចែករំលែកអត្ថប្រយោជន៍។

ក្រសួងពាណិជ្ជកម្មថៃនឹងរៀបចំកិច្ចប្រជុំជាមួយកសិករ និងសង្គមស៊ីវិលដើម្បីពិភាក្សាពីគុណសម្បត្តិ និងគុណវិបត្តិនៃកិច្ចព្រមព្រៀង TPP នេះទៅលើវិស័យ និងក្តីបារម្ភរបស់ពួកគេបើប្រទេសនេះចូលរួមក្នុងកិច្ចព្រមព្រៀងនេះ។

មានការព្យាករថាប្រទេសថៃអាចខាតបង់ថវិកាចំនួន ៤៩ ពាន់លានបាតនៅក្នុងមួយឆ្នាំដោយសារបាត់បង់ជីវៈចម្រុះទៅក្នុងឧស្សាហកម្មផ្នែកជីវសាស្ត្រ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍