បក្ស​កាន់​អំណាច​របស់​កូរ៉េខាង​ជើង​ធ្វើ​សមាជ​ជា​លើក​ដំបូង​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ជិត​៤០​ឆ្នាំ​

ប្រទេសកូរ៉េខាងជើងបានប្រកាសថា គណបក្សកាន់អំណាចរបស់ប្រទេសនេះគឺគណបក្សកម្មករ (Workers Party) នឹងធ្វើសមាជដ៏កម្ររបស់ខ្លួននៅថ្ងៃទី៦ ខែឧសភា ដែលសមាជនេះគឺជាសមាជលើកទី១ក្នុងរយៈពេលជិត៤០ឆ្នាំមកនេះ។

សមាជដែលនឹងធ្វើឡើងនៅទីក្រុងព្យុងយ៉ាងនេះគឺជាសមាជទី៧របស់គណបក្សកម្មករ ហើយវាជាសមាជលើកទី១បន្ទាប់ពីលោក គីម ជុងអ៊ុន ឡើងកាន់អំណាច។ នេះបើយោងតាមបណ្ដាញផ្សាយព័ត៌មាន BBC។

សមាជចុងក្រោយរបស់បក្សនេះគឺធ្វើឡើងកាលពីឆ្នាំ១៩៨០ ពោលគឺមុនលោក គីម ជុងអ៊ុន កើតទៅទៀត ដោយលោក គីម ជុងអ៊ុន ត្រូវគេជឿថាពេលនេះមានអាយុ៣៣ឆ្នាំ ឬកើតក្នុងឆ្នាំ១៩៨៣។

ក្រុមអ្នកវិភាគបានលើកឡើងថា សមាជរបស់គណបក្សនេះនឹងត្រូវគេតាមដានយ៉ាងដិតដល់ទៅលើការផ្លាស់ប្ដូរលើគោលនយោបាយសំខាន់ៗ និងចលនារបស់ក្រុមមន្ត្រីជាន់ខ្ពស់។

យោងតាមសេចក្ដីថ្លែងការណ៍ដែលបានផ្សព្វផ្សាយដោយសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA សមាជនេះនឹងធ្វើឡើងនៅថ្ងៃទី៦ ខែឧសភា ប៉ុន្តែមិនបានបញ្ជាក់ថានឹងធ្វើចំនួនប៉ុន្មានថ្ងៃនោះទេ។ សមាជចុងក្រោយរបស់បក្សនេះកាលពីឆ្នាំ១៩៨០បានប្រព្រឹត្តទៅចំនួន៤ថ្ងៃ។

គម្រោងនៃការធ្វើសមាជនេះត្រូវបានប្រកាសជាលើកដំបូងកាលពីខែតុលា ឆ្នាំ២០១៥ ដោយកាលនោះ ក្រុមអ្នកវិភាគរំពឹងថា ប្រទេសកូរ៉េនឹងអនុម័តលើគោលនយោបាយ “Byongjin” របស់លោក គីម ជុងអ៊ុន។ គោលនយោបាយ “Byongjin” ជំរុញឲ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសមត្ថភាពនុយក្លេអ៊ែរក្នុងពេលដំណាលគ្នា។

នៅប៉ុន្មានខែចុងក្រោយនេះ ប្រទេសកូរ៉េខាងត្បូងបានសាកល្បងអាវុធនុយក្លេអ៊ែរជាបន្តបន្ទាប់ដែលនាំឲ្យមានការថ្កោលទោសពីអន្តរជាតិ។ ការសាកល្បងចុងក្រោយគេត្រូវគេជឿថាបានធ្វើឡើងកាលពីសប្ដាហ៍មុន ដោយកូរ៉េខាងបានអះអាងថាខ្លួនបានប្រើបច្ចេកវិទ្យា “cold launch” ដើម្បីបាញ់កាំជ្រួចចេញពីនាវាមុជទឹក៕

បក្ស​កាន់​អំណាច​របស់​កូរ៉េខាង​ជើង​ធ្វើ​សមាជ​ជា​លើក​ដំបូង​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ជិត​៤០​ឆ្នាំ​លោក គីម ជុងអ៊ុន (រូបភាពពី BBC)

ប្រភពៈ VOD