ទ្វីប​អាស៊ី​រង​ការ​ឡើង​កំដៅ​ខ្លាំង

សីតុណ្ហភាពក្តៅខ្លាំងនិងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបានក្លាយជាក្តីបារម្ភចំពោះពលរដ្ឋអាស៊ីរាប់រយលាននាក់។

អាកាសធាតុវិទូ Maximiliano Herrera ដែលស្រាវជ្រាវកំណត់ត្រាសីតុណ្ហភាពពិភពលោកដ៏ល្បីល្បាញបានថ្លែងថា នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ស៊ីតុណ្ហភាពក្តៅខ្លាំងនេះបានក្លាយជាកំណត់ត្រាប្រវត្តិសាស្ត្រដូចកំណត់ត្រាកាលពីឆ្នាំ១៩៦០ ១៩៨៣ និងឆ្នាំ១៩៩៨ ដែរ តែចំពោះរយៈពេលឡើងកំដៅ អាំងតង់ស៊ីតេ និងតំបន់រងគ្រោះ វាពិតជាមានភាពក្តៅខ្លាំងបំផុតក្នុងប្រទេសថៃ ឡាវ និងកម្ពុជា។

តួលេខនៃចំនួនមនុស្សស្លាប់ទំនងជាមានការកើនឡើង។ បើតាមតួលេខផ្លូវការនៅក្នុងប្រទេសឥណ្ឌា កំដៅផែនដីបានសម្លាប់មនុស្ស២.៤២២នាក់ ហើយនៅឆ្នាំនេះបានសម្លាប់មនុស្ស១៥០នាក់ទៀត ដែលគេស្តីបន្ទោសលើកំដៅខ្លាំងបំផុតកាលពីពីរសប្តាហ៍មុន។ បន្ថែមពីលើនេះ កំដៅនេះបានសម្លាប់សត្វពាហនៈ ធ្វើឲ្យកន្លែងស្តុកទឹករីងស្ថួត ហើយបំផ្លាញដំណាំផងដែរក្នុងរដ្ឋអ្នកមានរបស់ប្រទេសគឺរដ្ឋ Maharashtra ។

នៅក្នុងប្រទេសម៉ាឡេស៊ីសាលារៀនរាប់រយត្រូវបិទទ្វារ ហើយបន្លែរបស់កសិករជាច្រើនត្រូវខូចខាត។ ក្នុងប្រទេសថៃអង្ករនៅរដូវប្រាំងនឹងត្រូវចុះថយ។ ប្រទេសវៀតណាមដែលជាអ្នកនាំកាហ្វេចេញលំដាប់ទី២ក្នុងពិភពលោកនឹងប៉ះពាល់ដោយភាពរាំងស្ងួតផងដែរ៕

ទ្វីប​អាស៊ី​រង​ការ​ឡើង​កំដៅ​ខ្លាំង

ផ្លាកមួយ ដែលសរសេរថា «ដីសម្រាប់លក់ ឬជួល» ត្រូវបានឃើញដាក់នៅលើដីស្រែបែកក្រហែងមួយនៅខេត្ត Ban Lieu ប្រទេសវៀតណាម កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦។

ប្រភពៈ VOA