លោក ធន់ សារ៉ាយ៖ ACU ​ឃាត់​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​

លោក ធន់ សារ៉ាយ៖ ACU ​ឃាត់​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​

រូប​ឯកសារ៖ លោក ធន សារ៉ាយ ​ប្រធាន​អង្គការ​អាដហុកអ្នក​ទាំង​ប្រាំ​នាក់​នោះ​មាន លោក នី សុខា ​លោក យី សុខសាន្ត ​លោក ណៃ វ៉ងដា លោកស្រី លឹម មុនី​ និង​លោក ​នី ចរិយា ​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​ក៏​ជា​អតីត​ប្រធាន​ក្រុម​ស៊ើបអង្កេត​នៃ​អង្គការ​អាដហុក​ដែរ។
វ៉ាស៊ីនតោន—

អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការអាដហុក​ចំនួន​បួន​នាក់​និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឃាត់​ខ្លួន​ទុក​សាកសួរ​រហូត​ដល់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​សុក្រ​ដោយ​មិនទាន់​ដោះលែង​មិន​វិញ​ទេ។ ​

អ្នក​ទាំង​ប្រាំ​នាក់​នោះ​មាន លោក នី សុខា ​លោក យី សុខសាន្ត ​លោក ណៃ វ៉ងដា លោកស្រី លឹម មុនី​ និង​លោក ​នី ចរិយា ​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​ក៏​ជា​អតីត​ប្រធាន​ក្រុម​ស៊ើបអង្កេត​នៃ​អង្គការ​អាដហុក​ដែរ។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កំពុង​សាកសួរ​ពួកគេ​ទាក់​ទិន​នឹង​ការ​អះអាង​របស់​នារី​ម្នាក់​ឈ្មោះ​ ខុម ចាន់តារ៉ាទី​ ហៅ​ស្រី​មុំ ​ដែល​ចោទ​ថា​ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​បាន​បង្គាប់​នាង​ឱ្យ​ឆ្លើយ​កុហក​តុលាការ​នៅ​ក្នុង​សំណុំរឿង​ស្នេហា​លួចលាក់​រវាង​នាង​ជាមួយ​នឹង​លោក​ កឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ហើយ​ពេល​បច្ចុប្បន្ន​នាង​កំពុង​តែ​ប្តឹង​ទារ​លុយ​ចំនួន​៣០ម៉ឺន​ដុល្លារ។

លោក ធន សារ៉ាយ ​ប្រធាន​អង្គការ​អាដហុក​ចាត់​ទុក​ថា ​នេះ​គឺ​ជា​ការ​ឃាត់​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្សដោយសារ​តែ​ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ គិត​ត្រឹម​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃ​ព្រហស្បតិ៍​ឈាន​ចូល​ថ្ងៃសុក្រ​ទៅ​ហើយ​នោះ។ នេះ​បើ​តាម​ការ​ផ្តល់​បទសម្ភាសន៍​របស់​លោក​ប្រាប់​វិទ្យុ​ VOD។ លោក ធន សារ៉ាយ​ បាន​បន្ត​ថា ​លោក​បាន​ហៅ​ទូរស័ព្ទ​ទៅ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​គឺ​ លោក​ ឱម យ៉ិនទៀង ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ហើយ​លោក ឱម យ៉ិនទៀង បញ្ជាក់​ថា​ មិន​អនុញ្ញាត​ឲ្យ​យក​មន្រ្តី​ទាំង​នោះ​ចេញ​ទេ។

រហូត​មក​ដល់​ម៉ោង​១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​សុក្រ​នេះអ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​បួន​នាក់​និង​មន្ត្រី​គ.ជ.ប​ក៏​នៅ​តែ​មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​មក​វិញ​នៅ​ឡើយ​ដែរ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ថា កិត្យា ​អ្នក​រាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី ​ដែល​នៅ​តាមដាន​យក​ព័ត៌មាន​នៅ​ពី​ខាង​មុខ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ប្រាប់ VOA។

អ្នកស្រី​ ធីតា ឃឹះ ​ប្រធាន​អង្គការ​សីលការ​ដែល​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កោះ​ហៅ​សាកសួរ​នៅ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែរ​បាន​ប្រាប់​ VOA ថា ​អ្នកស្រី​ឆ្ងល់​ពី​មូលហេតុ​ដែល​អ្នកស្រី​ត្រូវ​ហៅ​សាកសួរ​នោះ​ទេ​ ព្រោះ​អង្គការ​របស់​អ្នកស្រី​គ្រាន់តែ​រួម​ជាមួយអង្គការ​ផ្សេងទៀតចេញ​សេចក្តី​ថ្លែង​ការណ៍ការពារ​សិទ្ធិ​និង​កិត្តិយស​ស្ត្រី។​

លោកស្រី ធីតា ឃឹះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​អស់​ជា​ច្រើន​ម៉ោង៕