ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ខួប​កំណើត​របស់​តារា​ក្បាច់​គុណ​ចិន លី លានជៀ មាន​ពាក្យ​អ្វី​ជូនពរ​គាត់​ដែរ​ឬ​ទេ ?

តារាក្បាច់គុនចិន Jet Li ដែលប្រជាជនហៅថា លី លានជៀ គឺតារាសម្ដែងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូបទាំងនៅអាស៊ី ក៏ដូចជាពិភពលោក ហើយលោកក៏ជាតារាសម្ដែងជនជាតិអាស៊ីមួយរូបដែលបានសម្ដែងខ្សែភាពយន្តជាច្រើនក្នុងផលិតកម្ម Hollywood ផងដែរ។

ប៉ុន្តែអ្នកមានដឹងទេថាថ្ងៃនេះគឺជាថ្ងៃខួបកំណើតគម្រប់ ៥៣ ឆ្នាំរបស់គាត់ ។ តើប្រិយមិត្តមានពាក្យអ្វីចង់ជូនពរគាត់ដែរឬទេ?

ប្រវត្តិសង្ខេបខ្លះរបស់លោក លី លានជៀ (Jet Li)

លោក លី លានជៀ ( Jet Li) បានកើតនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ១៩៦៣ នៅក្នុងទីក្រុង Beijing ប្រទេស ចិន ហើយលោកគឺជាកូនពៅនៅក្នុងគ្រួសារដែលមានបងប្អូន ៥ នាក់។ នៅពេលគាត់អាយុ ២ ឆ្នាំឪពុករបស់គាត់បានទទួលមរណៈភាព បានបានធ្វើឲ្យគាត់ក្លាយទៅជាក្មេងកំព្រាឪពុកទាំងវ័យក្មេង។

ដោយសារជីវភាពក្រីក្រគ្មានប្រាក់គ្រប់គ្រាន់សម្រាប់រៀននៅសាលារៀនល្អៗ នៅអាយុ ៨ ឆ្នាំគាត់ក៏បានចូលរៀននៅសាលាក្បាច់គុន Wushu ។ រហូតដល់គាត់មានអាយុ ១១ គាត់ក៏បានទទួលជ័យជំនៈក្នុងការប្រកួតក្បាច់គុន Wushu ថ្នាក់ជាតិ។ ដោយសារជ័យជំនះហើយគាត់ក៏ទទួលបានឱកាសធ្វើដំណើរទៅកាន់ប្រទេសជាង ៤៥ ជុំវិញពិភពលោក។ នៅឆ្នាំ ១៩៧៤ គាត់បានទៅកាន់សហរដ្ឋអាមេរិកដើម្បីសម្ដែងក្បាច់គុន ឲ្យប្រធានាធិបតីទី ៣៧ របស់អាមេរិកគឺលោក Richard M. Nixon

នៅអាយុ ១៧ ឆ្នាំគាត់ក៏បានលាឈប់ពីកីឡាករជម្រើសជាតិ (ផ្នែកក្បាច់គុន Wushu) ដោយចាប់ផ្ដើមប្រឡូកក្នុងវិស័យភាពយន្ត ជាមួយនឹងការជួយជ្រោមជ្រែងពីអ្នកដឹកនាំរឿងលោក Chang Hsin Yen ហើយខ្សែភាពយន្តដំបូងដែលគាត់បានបានសម្ដែងមានចំណងជើងថា Shaolin Temple (1982)។ ដោយមើលឃើញសមត្ថភាពសម្ដែងដ៏អស្ចារ្យរបស់គាត់ គាត់ក៏បានទទួលឱកាសថតខ្សែភាពយន្តជាច្រើនទៀត រហូតអាចសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺក្នុងវិស័យភាពយន្តចិន។

ដោយចាប់អារម្មណ៍នឹងសមត្ថភាពរបស់គាត់ ផលិតកម្មនៅ Hollywood បានអញ្ជើញលោកឲ្យចូលរួមសម្ដែងនៅក្នុងខ្សែភាពយន្តមួយដែលមានចំណងជើងថា Lethal Weapon 4 ដោយដើរតួជាតួចិត្តអាក្រក់ ហើយខ្សែភាពយន្តនេះបានចាក់បញ្ចាំងនៅឆ្នាំ 1998 ។ បន្ទាប់មកគាត់ក៏ទទួលបានឱកាសថតខ្សែភាពយន្តជាច្រើននៅ Hollywood ដូចជារឿង The Mummy: Tomb of the Dragon Emperor និង រឿង The Expendables ជាដើម។

ងាកមករឿងគ្រួសារវិញ លោក Jet Li បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកស្រី Huang Qiuyan នៅឆ្នាំ ១៩៨៧ ប៉ុន្តែនៅឆ្នាំ ១៩៩០ ពួកគាត់ទាំងពីរក៏បានលែងលះគ្នាដោយបន្សល់នូវចំណងដៃកូនស្រីចំនួន ២ នាក់។ បន្ទាប់មកនៅឆ្នាំ ១៩៩៩ លោកក៏បានរៀបអាពាហ៍ពិពាហ៍ម្តងទៀតជាមួយនឹងលោកស្រី Nina Li Chi ដោយរក្សាចំណងអាពាហ៍ពិពាហ៍នេះមកដល់បច្ចុប្បន្ន ហើយបង្កើតបានកូនស្រីចំនួន ២ នាក់។

គួរបញ្ជាក់ឲ្យដឹងផងដែរថានៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខ ខ្សែភាពយន្តថ្មីមួយរបស់គាត់ដែលមានចំណងជើងថា League of Gods នឹងចាប់ផ្ដើមចាក់បញ្ចាំងហើយ ដោយមានការចូលរួមពីតារាសម្ដែងល្បីៗជាច្រើនដូចជា ប្ដីប្រពន្ធ Huang Xiaoming និង Angelababy, លោក Louis Koo និង លោក Wen Zhang ជាដើម៕

ប្រែសម្រួលដោយ ៖ ជលស័យ
ឯកសារយោង ៖ , , 


  • ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ខួប​កំណើត​របស់​តារា​ក្បាច់​គុណ​ចិន លី លានជៀ មាន​ពាក្យ​អ្វី​ជូនពរ​គាត់​ដែរ​ឬ​ទេ ?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កំសាន្ត
Tags: