កិច្ច​សម្ភាសន៍​កម្រ​​ពី​ជីវិត​ឯកជន មាស សុខ​សោភា នឹង​បង្ហាញ​លើ PNN

កិច្ច​សម្ភាសន៍​ដ៏​កម្រ​មួយ​ពាក់ព័ន្ធ​នឹង​ជីវិត​ឯកជន​របស់​តារា​ចម្រៀង​ជួរ​មុខ​ប្រចាំ​ផលិតកម្ម ថោន កញ្ញា មាស សុខ​សោភា នឹង​ចាក់​ផ្សាយ​ជូន​ទស្សនា​លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន (PNN) នៅ​ដើម​សប្តាហ៍​ក្រោយ​។​

 

កំពូល​តារា​ចម្រៀង​រូប​នេះ នឹង​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី ស៊ី​អារម្មណ៍ ឬ Chit Chat Show របស់ ភី​អិន​អិន ដោយ​នឹង​ជជែក​វែកញែក​ពាក់​ព័ន្ធ​ជីវិត​ឯកជន​របស់​នាង ជាមួយ​ពិធីករ​ពេញ​ដោយ​សំនួន​វោហារ​មិន​ចេះ​រីង​ស្ងួត​លោក ប៉ែន ចំរ៉ុង​។ ក្នុង​កិច្ច​សម្ភាសន៍​នេះ ក៏​មាន​វត្តមាន​ម្ដាយ​តារា​រូប​នេះ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ផងដែរ​។

 

កិច្ច​សម្ភាសន៍​កម្រ​​ពី​ជីវិត​ឯកជន មាស សុខ​សោភា នឹង​បង្ហាញ​លើ PNN

 

អ្នក​នាង លួង ភីរ៉ូនីកា អ្នក​ផលិត​កម្មវិធី ស៊ី​អារម្មណ៍ បាន​ប្រាប់​ឲ្យ​ដឹង​ថា មនុស្ស​ជា​ច្រើន​ធ្លាប់​ទទួល​បាន​ភាព​រីក​រាយ ជាមួយ​នឹង​ការ​ច្រៀង ក៏​ដូចជា​សម្តែង​របស់​កញ្ញា មាស សុខ​សោភា ប៉ុន្តែ​ពួកគេ​កម្រ​បាន​ឃើញ​កិច្ច​សម្ភាសន៍​ផ្ទាល់​របស់​នាង ពិសេស​គឺ​អ្វី​ដែល​ពាក់​ព័ន្ធ​ក្នុង​ជីវិត​ឯកជន​តែ​ម្ដង​។ កម្មវិធី នឹង​ផ្តល់​ជូន​ទស្សនិកជន​នូវ​អ្វី​ដែល​មិន​ធ្លាប់​ទទួល​បាន​ពីមុន​មក​អំពី​ជីវិត​ឯកជន​របស់ មាស សុខ​សោភា។

 

សុខ​សោភា គឺ​ជា​កំពូល​តារា​ចម្រៀង​មួយ​រូប ក្នុង​ដួង​ចិត្ត​ប្រិយមិត្ត ខណៈ​កំពូល​តារា​ចម្រៀង​រូប​នេះ​ តែង​បង្ហាញ​ខ្លួន​ជា​រឿយៗ​លើ​ឆាក​តន្ត្រី​នៃ​បណ្តា​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ជាច្រើន ក៏​ដូច​ជា​ព្រឹត្តិការណ៍​តន្ត្រី​តាម​បណ្តា​ខេត្ត​ក្រុង​ទូទាំង​ប្រទេស។

 

កម្មវិធី ស៊ី​អារម្មណ៍ ឬ Chit Chat Show របស់ ភី​អិន​អិន គឺ​ជា​កម្មវិធី​កម្សាន្ត​ដ៏​មាន​ប្រជាប្រិយភាព​មួយ ចាក់​ផ្សាយ​ជូន​ទស្សនា​រៀង​រាល់​ថ្ងៃ​ចន្ទ វេលា​ម៉ោង ៨:៣០​យប់ បន្ទាប់​ពី​កម្មវិធី មុខរបរ​ខ្ញុំ ឬ My Place​។​

 

ចាប់​តាំង​ពី​ផ្តើម​ផ្សាយ​ដំបូង​អំឡុង​ខែ​មករា ដើម​ឆ្នាំ​២០១៦​នេះ ស៊ី​អារម្មណ៍ បាន​បង្ហាញ​ជូន​ប្រិយមិត្ត នូវ​វត្តមាន​តារា​ល្បីៗ​ក្នុង​វិស័យ​សិល្បៈ​ជាច្រើន​របស់​កម្ពុជា ជាពិសេស កាល​ពី​ពេល​កន្លង​ទៅ តារា​កិត្តិយស​ចូលរួម​ក្នុង​កម្មវិធី មាន​ដូចជា លោក ចាន់ វឌ្ឍនាកា លោក ហេង ពិទូ ក៏ដូចជា កញ្ញា យូរី ជាដើម​។

 

​ស៊ី​អារម្មណ៍ ទទួល​បាន​ការគាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិកជន ដោយ​មាន​ចំនួន​អ្នក​តាម​ដាន​ទស្សនា​យ៉ាង​ច្រើន​ទាំង​លើ​កញ្ចក់​ទូរទស្សន៍ ទាំង​លើ​បណ្តាញ​សង្គម ខណៈ​ទំព័រ​ហ្វេសប៊ុក និង​គណនី YouTube របស់​កម្មវិធី​ស៊ី​អារម្មណ៍ មាន​ចំនួន​អ្នកទស្សនា​រាប់​លាន​ដង​។​

 

ស៊ី​អារម្មណ៍ ក៏​ជា​កម្មវិធី​ថ្មី​មួយ ក្នុង​ចំណោម​កម្មវិធី​ជាច្រើន​របស់ ភី​អិន​អិន ដែល​បង្កើត​ឡើង​ដើម្បី​បំពេញ​តម្រូវ​ការ​ទស្សនិកជន​ក្នុង​ម៉ោង​មាស​របស់​ខ្លួន ដោយ​រាប់​បញ្ចូល​ទាំង​កម្មវិធី​កំពុង​ទទួល​បាន​ប្រជា​ប្រិយ​ភាព​ខ្លាំង គឺ​កម្មវិធី ការ​ណាត់​ជួប​ដ៏​អស្ចារ្យ ឬ The Date Show ដែល​បង្ហាញ​ជូន​ពី​អ្វី តារា​សិល្បៈ​ជា​ច្រើន​ចង់​ធ្វើ តែ​មិន​ធ្លាប់​បាន​ធ្វើ ក្នុង​ជីវិត​ឯកជន​របស់​ពួកគេ​។

 

ភី​អិន​អិន បាន​បង្កើត​កម្មវិធី​កម្សាន្ត​ក្នុង​ស្រុក​ថ្មីៗ​ជាច្រើន ដើម្បី​បំពេញ​ក្នុង​ម៉ោង​មាស​របស់​ខ្លួន ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បម្រាម​របស់​ក្រសួង​ព័ត៌មាន​កាលពី​ពេល​ថ្មីៗ តម្រូវ​ឲ្យ​គ្រប់​ស្ថានីយ​ទូរទស្សន៍​ទាំង​អស់ រាប់​បញ្ចូល​ទាំង​ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែ​កាប​ផង​នោះ ត្រូវ​ចាក់​ផ្សាយ​កម្មវិធី ក៏​ដូច​ជា​រឿង​ផលិត​ក្នុង​ស្រុក ក្នុង​អំឡុង​ម៉ោង​មាស​របស់​ខ្លួន​ចន្លោះ​ពី​ម៉ោង ៧ ដល់​ម៉ោង ៩​យប់ ជំនួស​ឲ្យ​ភាពយន្ត និង​កម្មវិធី​បរទេស​៕

ឈុត​ខ្លី​ពី​កម្មវិធី ស៊ី​អារម្មណ៍ សូម​​មើល​វីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ៖ ពាណិជ្ជកម្ម​