តើ​អ្វី​ជា​ថ្នាំ​ប្រឆាំង​នឹង​ជាតិ​អាស៊ី​ត ( antacids) ?

តើ​អ្វី​ជា​ថ្នាំ​ប្រឆាំង​នឹង​ជាតិ​អាស៊ី​ត ( antacids) ?

ថ្នាំ​ប្រឆាំងនឹង​ជាតិ​អាស៊ីត គឺជា​ប្រភេទ​ថ្នាំ ដែល​ត្រូវបាន​ចាត់ទុក​ក្នុង​ក្រុម​ថ្នាំ ដែល​ជួយ​ដល់​ការ បន្សាប នូវ បរិមាណ​នៃ​ជាតិ​អាស៊ី​ត  ដែល​មាន​ផ្ទុក​នៅក្នុង​ក្រពះ​។ ពពួក​ថ្នាំ​នេះ មានឈ្មោះ​ដូច​ជា​៖ aluminium hydroxide, magnesium carbonate, magnesium  និង trisilicate ។ ពួកវា អាច​ស្ថិតនៅក្នុង​ឈ្មោះ​ម៉ាក ផលិតផល​ផ្សេងៗ​ជាច្រើន និង មាន​ជា​ថ្នាំ​គ្រាប់ និង ថ្នាំ​ទឹក​។​

មាន​ប្រភេទ​ថ្នាំ​ប្រឆាំងនឹង​ជាតិ​អាស៊ីត​ខ្លះ មាន​រួមបញ្ចូល​នូវ ថ្នាំ​ផ្សេងៗ​ដទៃទៀត ដែល​ត្រូវបាន​ហៅថា simeticone ដែល​វា​អាច​ជួយ​ក្នុងការ កាត់បន្ថយ​នូវ ខ្យល់​ដែល​ដក់​នៅក្នុង​ពោះ ។​

ប្រភេទ​ផ្សេង​ទៀត​នៃ​ថ្នាំ​នេះ ត្រូវបាន​គេ​ហៅថា alginates ដែល​វា​ត្រូវ​បាន​គេ​រកឃើញ នៅ​ក្នុង​ប្រភេទ​ខ្លះ​នៃ​ថ្នាំ​ប្រឆាំងនឹង​ជាតិ​អាស៊ីត​នេះ ។ សារជាតិ alginates ត្រូវបាន​ផ្សំ​បន្ថែម​ដើម្បី ជួយ​ដល់​ការ ការពារ ស្រទាប់​ខាង​ក្នុងនៃ បំពង់​អាហារ ពី​សារជាតិ​អាស៊ីត នៅក្នុង​ក្រពះ ។ សារជាតិ alginates រួមមាន​ដូចជា​៖ sodium, និង alginate alginic acid ។ ពួក​វា​ក៏​មាន​ស្ថិតនៅក្នុង ថ្នាំ​ប្រឆាំងនឹង​ជាតិ​អាស៊ីត ដែលមាន ឈ្មោះ​ផ្សេងៗ​ទៀត​ផង​ដែរ ។​

តើ​គេ​ប្រើ​ថ្នាំ​នេះ សម្រាប់​ព្យាបាល​ក្នុង​ស្ថានភាព​ជំងឺ​បែបណាខ្លះ​?
ថ្នាំ​ប្រឆាំងនឹង​ជាតិ​អាស៊ីត​នេះ អាច​នឹង​ត្រូវបាន​គេ​ប្រើ​សម្រាប់​៖

  • ​កាត់បន្ថយ​រោគសញ្ញា នៃ​ការ​ចាល់​ជាតិ​អាស៊ីត​ក្នុង​ក្រពះ ដែល​អាច​នឹង​បណ្តាលអោយ​អ្នក មាន​អាការៈ ក្រហាយ​ដើមទ្រូង ឬ រលាក​បំពង់​អាហារ ។ ស្ថានភាព​ទាំងនេះ ពេលខ្លះ ត្រូវបាន​គេ ហៅថា  ជំងឺ​នៃ​ការ​ច្រាល​អាហារ​ចេញពី​ក្នុង​ក្រពះ ( gastro-oesophageal reflux disease) ។​
  • ​ដើម្បី​សម្រាល​នូវ​រោគសញ្ញា ដែល​បណ្តាល​មកពី ជំងឺ​ដំបៅ​ក្នុង​ក្រពះ និង នៅក្នុង​ផ្នែក​នៃ​ចុង ពោះវៀន​ធំ ។​
  • ​នៅក្នុង​ស្ថានភាព​ផ្សេងទៀត វា​ក៏​មាន​អត្ថប្រយោជន៍​ផងដែរ ក្នុងការ​បន្សាប​នូវ​ជាតិ​អាស៊ីត ក្នុង​ក្រពះ ។ ជា​ឧទាហរណ៍ ជា​យូរៗ​ម្តង នៅក្នុង​ករណី​នៃ​ការ​មិន​រំលាយ​អាហារ​។

​វា​មាន​ផល​រំខាន​អ្វីខ្លះ ?
មនុស្ស​ភាគច្រើន ដែល​បាន​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ជាតិ​អាស៊ី​ត គឺ​មិន​បាន​ជួប​នឹង​ផល​រំខាន​អ្វី​នោះទេ​។ តែ ទោះជា​យ៉ាងណា​ក៏ដោយ ផល​រំខាន​ក៏​អាច​នឹង​កើតមាន​ចំពោះ មនុស្ស​ភាគ​តិច​មួយ​ចំនួន ដែល​បាន​ប្រើ​វា ។ បញ្ហា​ជា​ទូទៅ​មានដូចជា​៖ រាគ​, ទល់​លាមក និង ការ​ភើ​។​

ថ្នាំ​ប្រឆាំងនឹង​ជាតិ​អាស៊ីត​ដែល​មាន​ផ្ទុក ជាតិ​ម៉ាញ៉េ​ស្យូម គឺ​ហាក់​នឹង​មាន​ភាពងាយស្រួល​ក្នុងការ បញ្ចុះ​លាមក ខណៈពេលដែល ថ្នាំ​ប្រឆាំងនឹង​ជាតិ​អាស៊ីត ដែល​មាន​ផ្ទុក​ជាតិ អាលុយមីញ៉ូម អាច​នឹង​ធ្វើ អោយ​អ្នក​មាន​ការ​ទល់លាមក​។ ចំណែកឯ​ថ្នាំ​ប្រឆាំង​នឹង​ជាតិ​អាស៊ី​ត ដែលមាន​ផ្ទុក​នូវ​សារជាតិ​ទាំងពីរ នេះ គឺ​អាច​នឹង​មាន​តុល្យភាព​នូវ​ឥទ្ធិពល​ទាំងពីរ​នេះ ហើយ​វា​នឹង​អាច​កាត់បន្ថយ នូវ​ផល​រំខាន នៃ​ការ​រាគ និង អាការៈ​ទល់លាមក ។​

ដើម្បី​ដឹង​ពី​បញ្ជី​នៃ​ផល​រំខាន និង ទំនាក់ទំនង​នៃ​បញ្ហា ដែល​អាច​កើតមាន​ជាមួយនឹង ថ្នាំ​របស់​អ្នក នោះ អ្នក​ត្រូវ​ធ្វើ​ការពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ  និង ធ្វើការ​អាន​អោយ​ច្បាស់​នូវ​ក្រដាស​នៃ​ការណែនាំ ដែល​មាន​ភ្ជាប់​នៅក្នុង​ប្រអប់​ថ្នាំ ។​

ប្រសិនបើ​អ្នក​ប្រើ​ថ្នាំ ប្រភេទ​នេះ នោះ​អ្នក​គួរតែ ជៀស​វា​នូវ​ការ ប្រើ​វា​រួម​ក្នុង​ពេល​ជាមួយនឹង​ថ្នាំ​ដទៃ ទៀត​។ ពីព្រោះ​ថា​វា​អាច​នឹង​ធ្វើអោយ ប្រសិទ្ធភាព​នៃ​ការ​បឺត​ស្រូប​របស់​ថ្នាំ​ដទៃទៀត ត្រូវ​បាន​ធ្លាក់ចុះ ។​

ចំណុច​គួរ​ពិចារណា​ផ្សេងទៀត
អ្នក​គួរតែ​ធ្វើ​ការពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ ប្រសិនបើ​រោគសញ្ញា​របស់​អ្នក មាន​សភាព​កាន់តែ អាក្រក់​ឡើងៗ ឬ ប្រសិនបើ​អ្នក​បាន​ជួបនឹង បញ្ហា​ណាមួយ​ខាងក្រោម​នេះ ដែល​វា​អាច​ចង្អុលបង្ហាញ​ពី ភាពមិនប្រក្រតី​ដ៏​ធ្ងន់ធ្ងរ របស់​ពោះវៀន​អ្នក ៖

  • ​ក្អួត​ឈាម​។ វា​អាច​មាន​ពណ៌​ក្រហម​ស្រស់ ឬ ពណ៌​ដូច​ជា​កាហ្វេ​។​
  • ​មាន​ឈាម​នៅក្នុង​លាមក​។ វា​អាច​មាន​ឈាមក្រហម​ស្រស់ ឬ លាមក​អាច​មាន​ពណ៌​ខ្មៅ​។​
  • ​ស្រក​ទំងន់ ដោយ​មិន​មាន​មូលហេតុ​។​
  • ​មាន​ការពិបាក​ក្នុងការ​លេប​អាហារ រួមមាន​ដូចជា ការស្ទះ​អាហារ​នៅក្នុង បំពង់​អាហារ​។​
  • ​មានការ​ក្អួត ឬ ឈឺ​ក្នុង​ពោះ​ជា​បន្ត ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។