គួរឲ្យភ្ញាក់ផ្អើល! រកឃើញ មន្ទីរពេទ្យមួយកន្លែង លួចលាក់ ទិញលក់ និងដោះដូរទារក យ៉ាងសម្ងាត់

ឥណ្ឌា៖ កាលពីពេលថ្មីៗនេះ គេបានរកឃើញ មន្ទីរពេទ្យមួយកន្លែង លួចលាក់ទិញលក់ និងដោះដូរទារក ដែលឪពុកម្តាយបោះបង់ចោល ឬមិនត្រូវការ យ៉ាងសម្ងាត់ ក្នុងតម្លៃប្រហែល ១,០០០ផោន (ប្រហែល ១,៤០០ដុល្លារអាមេរិក) ក្នុងម្នាក់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទារកជាច្រើននាក់ ដែលកើតមក ដោយសារតែ អំពើរំលោភ ឬ អត់ខាន់ស្លា ត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ ឯកជនមួយកន្លែង ឈ្មោះ Palash Hospital ស្ថិតក្នុងទីក្រុង Gwalior ប្រទេសឥណ្ឌា ហើយបានលក់ ទៅឲ្យអ្នកដទៃវិញ ដើម្បីធ្វើជាកូនចិញ្ចឹម។

លោក Prateek Kumar ជាមន្ត្រីប៉ូលិសម្នាក់ បានប្រាប់សារព័ត៌មាន Times of India ឲ្យដឹងថា «ទារក២នាក់ ត្រូវបានប៉ូលិសជួយសង្គ្រោះ ចេញពីមន្ទីរពេទ្យខាងលើ ប៉ុន្តែទារក៣នាក់ផ្សេងទៀត ត្រូវបានលក់ ទៅឲ្យប្តីប្រពន្ធ ដែលគ្មានកូន នៅក្នុងរដ្ឋ Uttar Pradesh និង Chhattisgarh»។

គួរបញ្ជាក់ផងដែរថា ប៉ូលិសបានឆ្មក់ចូល មន្ទីរពេទ្យខាងលើ កាលពីយប់ ថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ បន្ទាប់ពីទទួលបានព័ត៌មាន អំពីការជួញដូរទារក រួចមក។

ទោះបីជាយ៉ាងណាក៏ដោយ មនុស្សចំនួន៥នាក់ ត្រូវបានចោទប្រកាន់ ក្នុងនោះរួមមានទាំង នាយកមន្ទីរពេទ្យ ឈ្មោះ TK Gupta ពីបទទិញ ឬ ល្បួងជនរងគ្រោះ ធ្វើជាទាសករ និងជួញដូរអនីតិជន ក្នុងគោលបំណង យកទៅធ្វើអំពើពេស្យាចារ។ ជាមួយគ្នានេះដែរ អ្នកចាត់ការ នៅក្នុងមន្ទីរពេទ្យ ឈ្មោះ Arun Bhadoria ក៏ត្រូវបានឃាត់ខ្លួន ផងដែរ។

មន្រ្តីប៉ូលិសម្នាក់ បានប្រាប់ឲ្យដឹងទៀតថា «នៅពេលដែលនារីវ័យក្មេង ឬគ្រួសាររបស់នាង មករកគ្រូពេទ្យ នៅមន្ទីរពេទ្យខាងលើ ដើម្បីទម្លាក់កូនក្នុងផ្ទៃ ក្រុមគ្រូពេទ្យទាំងនោះ តែងតែប្រើវិធីសាស្រ្ត បញ្ចុះបញ្ចូលពួកគេ ឲ្យទុកកូន នៅក្នុងផ្ទៃ ដោយធានាថា ការសម្រាលកូន នឹងមានសុវត្ថិភាព ហើយសម្ងាត់បំផុត។ នៅពេលដែលទារក បានសម្រាលចេញមក ស្រ្តីជាម្តាយ នឹងត្រូវគេបណ្តេញចេញ ពីមន្ទីរពេទ្យ ខណៈខាងមន្ទីរពេទ្យ នឹងចាប់ផ្តើមស្វែងរក គូស្វាមីភរិយា ដែលចង់ទិញទារកនោះ»។ មន្ត្រីប៉ូលិសដដែលបន្ថែមថា «នៅក្នុងករណីមួយ ទារិកាម្នាក់ ត្រូវបានគេយក មកដោះដូរ ជាមួយនឹង ទារកម្នាក់ផ្សេងទៀតផងដែរ»៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ ករណី ស្រដៀងគ្នានេះ ក៏ធ្លាប់កើតមាន នៅក្នុងប្រទេសកម្ពុជាយើងដែរ។

កាលពីវេលាម៉ោង៨:៣០នាទី ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ មានករណី បងប្អូនប្រជាពលរដ្ឋ ប្រទះឃើញ សពទារកទំនង ដូចជាបង្កើតមិនរួច ហើយទារកស្លាប់។

សពទារកម្នាក់នេះ ត្រូវជនមិនស្គាល់អត្តសញ្ញាណ បានយកមកប្លុងចោល នៅម្តុំគំនរសំរាម ក្បែរផ្លូវ៣០ម៉ែត្រ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដោយមានការអាណិតអាសូរ ទើបលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានណែនាំឲ្យកំលាំងប្រជាការពារ របស់លោកធ្វើការចាត់ចែង រៀបចំរកទីកន្លែងល្អ ដើម្បីបញ្ចុះសពទារកនោះ ឲ្យបានត្រឹមត្រូវ៕

រីឯនៅប្រទេសចិន ក៏ធ្លាប់មានគេប្រទះឃើញ សពទារកទើបកើត ត្រូវម្តាយបោះចោល លើដំបូលសំយ៉ាបអគារ យ៉ាងអណោចអធម ផងដែរ។

អ្នកនិយមលេងអុិនធឺណែតជាច្រើន បាននាំគ្នាខឹងសម្បារយ៉ាងខ្លាំង ក្រោយមានគេបង្ហោះរូបថត បង្ហាញសាកសពទារក ដែលទើបនឹងកើតម្នាក់ ត្រូវបានម្តាយបោះចោល លើដំបូលសំយ៉ាបអគារ យ៉ាងអណោចអធមដូចជាខ្មោចសត្វ។

រូបថតសាកសពទារកទើបនឹងកើតម្នាក់ ត្រូវបានម្តាយបោះចោល នៅលើដំបូលសំយ៉ាបអគារ ត្រូវបានអ្នកនិយមលេងអុិនធឺណែត យកមកបង្ហោះ បង្កើតបានជាការខឹងសម្បារ និងហួសចិត្តទៅលើម្តាយអប្រិយ គ្មានបេះដូងមួយរូបនោះជាខ្លាំង។

បើតាមប្រភពពីសារព័ត៌មានបានឲ្យដឹងថា សាកសពទារកកំសត់ម្នាក់នោះ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅលើដំ​បូលសំយ៉ាបអគារ ជាកន្លែងទុកយាន្តជំនិះមួយកន្លែង កាលពីថ្ងៃទី២៣ ខែមករា កន្លងទៅថ្មីៗនេះ នៅផ្លូវ Huayuan ទិក្រុង Jiangyou ក្នុងខេត្ត សុីឈួន ប្រទេសចិន។

ក្នុងនោះដែរ មានអ្នកនិយមលេងអុិនធឺណែត ជាច្រើនមានការខឹងសម្បារ និងបានដាក់មតិទៅលើរូបថតនោះ ដូចខាងក្រោមនេះថា៖

"មើលទិដ្ឋភាពនេះទៅ! ខ្ញុំពិតជាចង់យំណាស់ ឱក្មេងកំសត់អើយ! រាង្គកាយដ៏តូចមួយ ត្រូវគេទុកចោលក្រោមសីតុណ្ហភាពដ៏ត្រជាក់។ ប្រសិនបើអ្នកមិនចង់បានគេ យ៉ាងហោចណាស់ ក៏គួរទុកគេចោល នៅឯមន្ទីរពេទ្យទៅ! តើអ្នកគិតថា ជីវិតមួយនេះគឺជាអ្វី? "

"បេះដូងខ្ញុំពិតជាឈឺណាស់! ប្រសិនបើអ្នកមិនចង់បានគេ ក៏អ្នកមិនគួរបោះគេចោលដែរ! តើម្តាយក្មេងនេះសមជាមនុស្សដែរទេ?"

"បច្ចុប្បន្ននេះ មនុស្សបានបាត់បង់ សមត្ថភាពធ្វើជាម្តាយដ៏ល្អមួយរូប ទៅហើយ"៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរឲ្យភ្ញាក់ផ្អើល! រកឃើញ មន្ទីរពេទ្យមួយកន្លែង លួចលាក់ ទិញលក់ និងដោះដូរទារក យ៉ាងសម្ងាត់
រូបភាព៖ រកឃើញ មន្ទីរពេទ្យមួយកន្លែង លួចលាក់ ទិញលក់ និងដោះដូរទារក យ៉ាងសម្ងាត់

គួរឲ្យភ្ញាក់ផ្អើល! រកឃើញ មន្ទីរពេទ្យមួយកន្លែង លួចលាក់ ទិញលក់ និងដោះដូរទារក យ៉ាងសម្ងាត់
រូបភាព៖ រកឃើញ មន្ទីរពេទ្យមួយកន្លែង លួចលាក់ ទិញលក់ និងដោះដូរទារក យ៉ាងសម្ងាត់

គួរឲ្យភ្ញាក់ផ្អើល! រកឃើញ មន្ទីរពេទ្យមួយកន្លែង លួចលាក់ ទិញលក់ និងដោះដូរទារក យ៉ាងសម្ងាត់
រូបភាព៖ ប្រទះឃើញសពទារក ត្រូវគេយកមក បោះចោល នៅស្ទឹងមានជ័យ

គួរឲ្យភ្ញាក់ផ្អើល! រកឃើញ មន្ទីរពេទ្យមួយកន្លែង លួចលាក់ ទិញលក់ និងដោះដូរទារក យ៉ាងសម្ងាត់
រូបភាព៖ ប្រទះឃើញ សពទារកទើបកើត ត្រូវម្តាយបោះចោល លើដំបូលសំយ៉ាបអគារ យ៉ាងអណោចអធម