កម្មវិធី​ មុខរបរ​ខ្ញុំ របស់ PNN ឈាន​ដល់​វគ្គ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៥ យប់​នេះ

មុខ​របរ​ខ្ញុំ ឬ My Place ដែល​ជា​កម្មវិធី​ជីវិត​ពិត កំពុង​ចាក់​ផ្សាយ​ក្នុង​ម៉ោង​មាស​របស់​ស្ថានីយ​ទូរទស្សន៍​ PNN​ បាន​ឈាន​ដល់​ការ​ជម្រុះ​បេក្ខភាព​ប្រជែង​របស់​ខ្លួន​ជា​លើក​ទី​៥ ដោយ​នឹង​ចាប់ផ្តើម​បោះ​ឆ្នោត​នៅក្នុង​កម្មវិធី​យប់​ថ្ងៃ​សុក្រ​នេះ​។​

 

ការ​បោះ​ឆ្នោត​ធ្វើឡើង ក្រោយ​ការ​ប្រកួត​ប្រជែង​ត​ទល់​គ្នា​យ៉ាង​សកម្ម​រយៈពេល​មួយ​សប្តាហ៍​រវាង​បេក្ខជន​មួយ​ចំនួន​នៅក្នុង​កម្មវិធី​នេះ​។​

 

មុខរបរ​ខ្ញុំ ជា​កម្មវិធី​ជីវិត​ពិត​ថ្មី​មួយ​នៃ​ម៉ោង​មាស​របស់​ស្ថានីយទូរទស្សន៍ PNN ជា​កន្លែង​ប្រមូលផ្តុំ​បេក្ខជន ១៣​រូប ដើម្បី​ធ្វើការ​ជា​ក្រុម បង្កើត​ចេញ​ជា​អាជីវកម្ម​ពិតប្រាកដ​មួយ ពោល​គឺ​ភោជនីយដ្ឋាន​តែ​ម្តង​។ កម្មវិធី​នេះ មាន​ផ្សាយ​ជូន​ទស្សនា​រៀង​រាល់​ចន្ទ ដល់​ថ្ងៃ​សុក្រ វេលា​ម៉ោង ៨​យប់​។​

 

កម្មវិធី​ មុខរបរ​ខ្ញុំ របស់ PNN ឈាន​ដល់​វគ្គ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៥ យប់​នេះ

 

មាន​បេក្ខជន​៤​នាក់​ហើយ​បាន​ចាកចេញ​ពី​កម្មវិធី​នេះ ដូចជា កញ្ញា ​ចិន ស្រី​ពៅ កញ្ញា ​ឆុប ស្រីលក្ខ លោក​ រតនា រួម​នឹង​លោក ពៅ​ណា ។ ការ​ចាកចេញ​របស់​ពួកគេ​ គឺ​កើត​ឡើង​ពី​ការ​បោះ​ឆ្នោត​សម្រេច​ពី​សមាជិក​នៅក្នុង​ក្រុម​របស់​ពួកគេ​ផ្ទាល់​តែម្តង​។

 

សម្រាប់​ពេល​នេះ កម្មវិធី​នៅ​សល់​បេក្ខជន​ប្រកួត​ប្រជែង​ចំនួន​៨​រូប ដែល​កំពុង​ដំណើរការ​អាជីវកម្ម​ភោជនីយដ្ឋាន​របស់​ពួកគេ​។

 

សប្តាហ៍​នេះ កម្មវិធី មុខរបរ​ខ្ញុំ គឺ​កាន់​តែ​ប្លែក​ជាមួយ​នឹង​ការ​ប្រែប្រួល​ក្នុង​អាជីវកម្ម​ភោជនីយដ្ឋាន​របស់​ពួកគេ​។ ប៉ុន្តែ​បេក្ខជន បេក្ខនារី ហាក់​កាន់​តែ​រង​សម្ពាធ​តានតឹង​ខ្លាំង​ឡើង​នៅ​សប្តាហ៍​នេះ​។

 

មិន​ដូច​ទៅ​នឹង​កម្មវិធី​ជីវិត​ពិត​ដទៃទៀត មុខរបរ​ខ្ញុំ ឬ My Place ផ្តោត​សំខាន់​លើ​ការអប់រំ​បង្កើត​គំនិត​អាជីវកម្ម​។ មុខរបរ​ខ្ញុំ បាន​ផ្សាយ​ជូន​ទស្សនា​ចំនួន​៨​សប្តាហ៍​មក​ហើយ ខណៈ​បេក្ខជន បេក្ខនារី​ក្នុង​កម្មវិធី ត្រូវ​ស្ថិត​ក្នុង​ការ​ប្រកួត​ប្រជែង និង​ផល​ពិបាក​ជាច្រើន ក្នុង​ដំណើរការ​អាជីវកម្ម​ភោជនីយដ្ឋាន​របស់​ពួកគេ​។ ពួកគេ​គឺ​ប្រកួតប្រជែង​ដើម្បី​ប្រាក់រង្វាន់ ២០​លាន​រៀល​។

 

សប្តាហ៍​ក្រោយ បេក្ខជន និង​ប្រឈម​មុខ​ប្រកួត​ប្រជែង​គ្នា​ជាមួយ​វិញ្ញាសា​ថ្មី​មួយទៀត ដែល​ផ្តល់​ជូន​អ្នក​ទស្សនា​បាន​ឃើញ​ទិដ្ឋភាព​ប្រកួត​ប្រជែង​របស់​ពួកគេ​នៅ​ខាង​ក្រៅ​ភោជនីយដ្ឋាន​របស់​ខ្លួន​វិញ​ម្តង​។​ មុខរបរ​ខ្ញុំ ចាប់​ផ្តើម​ចាក់ផ្សាយ​ដំបូង​នៅ​ថ្ងៃ​ចន្ទ​ទី ១៤ ខែ​មីនា ដោយ​ផ្សាយ​ជូន​ទស្សនា ៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ រៀងរាល់​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ វេលា​ម៉ោង ៨ យប់​។​

 

ក្រៅ​ពី​ផ្តល់​ឱកាស​ទទួល​បាន​ជំនាញ​អាជីវកម្ម​សម្រាប់​បេក្ខជន កម្មវិធី មុខរបរ​ខ្ញុំ ក៏​ផ្តល់​ជូន​នូវ​ការ​អប់រំ និង​ជំនាញ​ពិត​ប្រាកដ​មួយ​ផង​ដែរ សម្រាប់​ទស្សនិកជន​របស់​ខ្លួន​។ កម្មវិធី​នេះ​បង្កើត​ឡើង​ក្នុង​ទស្សនវិស័យ​ចម្បង បង្ហាញ​ពី​ភាព​សាមញ្ញ​ក្នុង​ការ​ចាប់​ផ្ដើម​អាជីវកម្ម​មួយ​របស់​ពលរដ្ឋ​កម្ពុជា​វិធី​សាស្ត្រ​សម្រាប់​ដំណើរការ​អាជីវកម្ម​របស់​ពួកគេ ក៏​ដូចជា​ផ្តល់​ការ​កម្សាន្ត​ជាដើម​៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​