សត្រូវបងប្អូនឯង៖ ក្រុងប៉េងកាំង លែងឆ្លើយតប (វគ្គទី២៤)

...ថែមទាំងមិនអាច កំណត់ព្រឹត្តិការណ៍ ទាំងនេះទៀតផង។ បទពិសោធន៍ទាំងឡាយ ដែលប្រមូលបានតាំងពី ការឡើងសោយរាជ្យ របស់ព្រះអង្គកាលពី ៣៤ឆ្នាំមុន (គិតត្រឹមឆ្នាំ១៩៧៥) ហាក់ដូចជាឥតបានការអ្វីទាំងអស់។ នៅឆ្នាំ១៩៤១ ពួកបារាំង បានសម្រេច ជ្រើសរើសខ្សែ នរោត្ដម គឺសម្ដេច នរោត្ដម សីហនុ ដែលមានព្រះជន្ម ១៩ព្រះវស្សា ឲ្យឡើងគ្រងរាជបល្ល័ង ជាជាងយកគូប្រជែង របស់ព្រះអង្គ ខាងខ្សែស៊ីសុវត្ថិ ពីព្រោះបារាំង ឃើញថាព្រះអង្គ ជាយុវក្សត្រមួយ អង្គស្រស់សង្ហាជាងគេ។

លោកស្រី ដឺគូ នៅពេលក្រឡេកឃើញសម្ដេច សីហនុ បានឧទានឡើងថា “គួរឲ្យស្រឡាញ់ណាស់ ក្មេងតូចច្រឡឹងនេះ !”។ លោកអគ្គទេសាភិបាលឥណ្ឌូចិន គឺឧត្ដមនាវីបារាំង ហ្សង់ដឺគូ បានសុំយាងព្រះអង្គ ឲ្យចូលរួមសោយអាហារថ្ងៃត្រង់ នៅវិមានរបស់លោក នាទីក្រុងព្រៃនគរ។ យុវក្សត្រដ៏ស្រស់សង្ហាអង្គនេះ បានផ្ដើម ប្រឡូកក្នុងឆាកនយោបាយ ដោយឆាប់រហ័ស។ មុខតំណែងរបស់ព្រះអង្គ បានផ្ដល់នូវការអនុគ្រោះ ឲ្យព្រះអង្គវិញយ៉ាងច្រើន។

សម្ដេច បានចាត់ការយ៉ាងឆ្លាត ដើម្បីដណ្ដើម “កន្លែង” គណបក្សនយោបាយ កម្ពុជានានា ដែលជាអ្នកទាមទារ ដោយទទូចនូវ ការបញ្ចប់ អាណាព្យាបាល របស់បារាំង ហើយធ្វើឲ្យគេជឿថា បុព្វហេតុជាតិនិយម ជាបុព្វហេតុផ្ទាល់របស់ព្រះអង្គ។ ឯករាជ្យភាព ដែលព្រះអង្គ អះអាង នឹងប្រធានាធិបតីបារាំង វ៉ាំងសង់ អូរីយ៉ូល (១៩៧៤-១៩៧៥) និងរដ្ឋមន្ត្រីការបរទេសអាមេរិក ហ្សន ហ្វូស្ទ័រឌុល (១៩៥៣-១៩៥៩) គឺជាមធ្យោបាយ សម្រេចជោគជ័យ តែមួយគត់ប្រឆាំងទល់នឹង ពួកកុម្មុនីស្ត ពីព្រោះថា ពួកនេះ សុទ្ធតែជាមនុស្សដំបូងៗគេ ដែលកាន់ទង់ជ័យ ក្នុងការប្រយុទ្ធប្រឆាំង អាណានិគមនិយម។

ព្រះអង្គចេះប្រើប្រាស់សារព័ត៌មាន អន្តរជាតិ ហើយសម្រេចបានផលយ៉ាង សម្បើមអស្ចារ្យ ដូចជានៅពេលដែល ព្រះអង្គនិរទេសខ្លួន ដោយស្ម័គ្រព្រះទ័យ ដើម្បីធ្វើឲ្យពួកបារាំង ធ្លាក់ទៅក្នុងស្ថានភាពលំបាក និងប្រមូលបានយុទ្ធិកជន យ៉ាងច្រើន ដែលជឿជាក់លើបុព្វហេតុ របស់ព្រះអង្គជាដើម។ ទីបំផុតនៅខែវិច្ឆិកា ឆ្នាំ១៩៥៣ ពួកបារាំងវបានប្រគល់ ឯករាជ្យមកឲ្យព្រះអង្គវិញ រួចហើយសម្ដេច បានបូជាថាមពលរបស់ព្រះអង្គ ដើម្បីវាយប្រយុទ្ធ នឹងវៀតមិញដែលដឹកនាំដោយ ហូជីមិញ ថែមទៀត។

ក្នុងរយៈពេល១៧ឆ្នាំ ដែលក្នុងថិរវេលានោះ សម្ដេចជាអ្នកគ្រប់គ្រប់គ្រង ប្រទេសកម្ពុជា ព្រះអង្គបានដឹកនាំ ប្រទេសក្នុងសភាព ពេញលេញទាំងស្រុង។ ដើម្បីកាន់កាប់អំណាចទាំងស្រុង ក្នុងឋានៈជាព្រះប្រមុខរដ្ឋ ជាជាងក្នុងឋានៈ ជាព្រះមហាក្សត្រ អាស្រ័យរដ្ឋធម្មនុញ្ញ នៅឆ្នាំ១៩៦០ សម្ដេច សីហនុ បានដាក់រាជ ដោយលើកព្រះបិតា ព្រះអង្គឲ្យឡើង សោយរាជ្យវិញ។ គ្មានអ្វីមួយដែលមិនសំខាន់ ចំពោះព្រះអង្គឡើយ ព្រះអង្គសរសេរ បទពិចារណាកថា ជាច្រើនចុះផ្សាយ ក្នុងកាសែត ដឹកនាំធ្វើគម្រោងការ ក្នុងវិស័យនយោបាយទឹក និងមណ្ឌលសុខភាពយ៉ាង ច្រើននៅតាមជនបទទាំងឡាយ។
គឺព្រះអង្គនេះហើយ ជាអ្នកជ្រើសរើស “សម្មតិកម្ម” (ឈ្មោះក្រៅ) ដាក់ឲ្យគណបក្សនានា ដែលប្រឆាំងជំទាស់ នឹងអំណាចផ្ទាល់ របស់ព្រះអង្គនោះ ខ្មែរខៀវសម្រាប់ ហៅពួកប្រឆាំងស្ដាំនិយម ឬសាធារណរដ្ឋនិយម ខ្មែរក្រហមសម្រាប់ហៅ ពួកមាននិន្នាការ និយមឆ្វេងជ្រុល ដោយចោទប្រកាន់អ្នកទាំងនោះថា សុទ្ធតែជារណបបរទេស។ ព្រះអង្គតាមអំពល់ខ្មែរក្រហម គ្មានឈប់ឈរ ដោយសាកល្បងយកពួកនោះ បញ្ជូលមកក្នុងរដ្ឋាភិបាល របស់ព្រះអង្គ ទៅតាមកាលៈទេសៈហុចឲ្យ។

ហេតុនេះហើយបានជានៅដើម ទស្សវត្សន៍៦០ មេដឹកនាំរបស់ពួកនេះជាច្រើននាក់ដូចជា ខៀវ សំផន, ហ៊ូ យន់, ហ៊ូ នឹម ត្រូវបានតែងតាំងជារដ្ឋមន្ត្រី ក្នុងរដ្ឋាភិបាលរបស់ព្រះអង្គ។ ខាងក្នុងប្រទេស ព្រះអង្គបាមសាកល្បង “ផ្ដាច់ជើង” ពួកនិយមឆ្វេងជ្រុល ដោយផ្ដើមបង្កើតចលនាមួយ ដែលមានលក្ខណៈពិសេស ខុសប្លែកពីធម្មតាគឺ “សង្គមនិយមព្រះពុទ្ធសាសនា” ដែលក្នុងការប្រព្រឹត្ត គឺជាការផ្ដាច់មុខមួយ របស់រដ្ឋកាន់កាប់ ដោយវរជនម្នាក់ ដែលច្រើនពុករលួយ ឬជាមនុស្សរស់នៅ ដោយសារគេ។ នៅក្រៅប្រទេស ព្រះអង្គចេះសម្ដែងតួជា “អ្នកស្វែងរក ឲ្យមានតុល្យភាពកម្លាំង” ដើម្បីការពារឯករាជ្យភាព និងបូរណភាពទឹកដី របស់ប្រទេសកម្ពុជា។ ប៉ុន្តែសង្គ្រាមនៅវៀតណាម កំពុងរាលដាលយ៉ាងខ្លាំង ហើយបញ្ហាផ្សេងៗ ក្នុងប្រទេស ក៏កំពុងកាន់តែដុនដាប ខ្លាំងណាស់ដែរ នៅទីបំផុតសម្ដេច សីហនុ ដែលជា “អ្នកស្វែងរក ឲ្យមានតុល្យភាពកម្លាំង” បានបរាជ័យក្នុងរឿងនេះ។

ដើម្បីបំពេញចិត្តវៀតណាម ខាងជើង ដែលព្រះអង្គ ចាត់ទុកជាអ្នកមានជ័យជម្នះ ពិតប្រាកដក្នុងជម្លោះនេះ ហើយដែលក្នុងនោះ ព្រះអង្គទតឃើញកម្លាំងថ្មី ងើបឡើងនៅឥណ្ឌូចិនទៀតនោះ ព្រះអង្គត្រូវតែពត់អព្យាក្រឹត្យភាព របស់ទ្រង់ឲ្យផ្អៀងទៅរកគេ ដោយយល់ព្រមផ្ដល់ ទីជម្រកតាមព្រំដែន និងអនុញ្ញាតឲ្យពួកនោះ នាំអាវុធឆ្លងកាត់ តាមច្រកកំពង់ផែ (កំពង់សោម) របស់កម្ពុជាថែមទៀត របស់កម្ពុជាថែមទៀត។

អំពើពុករលួយ ការគ្រប់គ្រងសេដ្ឋកិច្ចជាតិ មិនបានល្អ និងការបាត់បង់ជំនួយរបស់ អាមេរិកាំង បានបណ្ដាលឲ្យមានការ រវាតចិត្តខាងនយោបាយ។ ការកើនឡើង ក្នុងប្រទេស នូវភាពប្រទូសរ៉ាយចំពោះ វត្តមានរបស់ វៀតណាម បានត្រឹមតែដុតកំហឹង ឲ្យឆាបឆេះឡើង ថែមទៀតប៉ុណ្ណោះ។ ជាមួយនឹង ការគាំទ្រជាសម្ងាត់របស់ សហរដ្ឋអាមេរិក ឧត្ដមសេនីយ៍ លន់ នល់ បានធ្វើឲ្យសម្ដេចខ្ទាតចេញ ពីអំណាចក្នុងពេល ដែលព្រះអង្គយាង ត្រឡប់ពីសម្រាក ព្យាបាល ព្រះរោគ នៅប្រទេសបារាំង ដោយកាត់តាមទីក្រុងមូស្គូមកវិញ។ ត្រូវជំរុញដោយវៀតណាម និងចិន ព្រះអង្គបានជួយជ្រោមជ្រែង ឲ្យមានចលនាតស៊ូមួយ ហើយយក ទីក្រុងប៉េកាំង ជាលំនៅស្ថានបណ្តោះអាសន្ន របស់ព្រះអង្គ។

នៅរដូវក្ដៅឆ្នាំ១៩៧៥ សម្ដេច សីហនុ បានដណ្ដឹងសួរក្នុងព្រះទ័យថា តើលំនៅស្ថានបណ្ដោះអាសន្ននេះ មានលក្ខណៈសម្បត្តិ ល្មមនឹងក្លាយជា អចិន្ត្រៃយ៍មែនឬ...? ខុសប្លែកពីបណ្ដាស្ដេច ដែលត្រូវគេទម្លាក់ ពីតំណែង ព្រះអង្គពុំមានគណនីណាមួយ នៅឯធនាគារបរទេស សម្រាប់ប្រើប្រាស់ តាមសេចក្ដីត្រូវការឡើយ។

ដូច្នេះព្រះអង្គគ្មាន ការជ្រើសរើសណាផ្សេងទៀត ក្រៅតែពីយល់ព្រម ទទួលការឲ្យស្នាក់នៅ ដោយសេចក្ដីសប្បុរសពី បណ្ដាមិត្តចិន និងកូរ៉េខាងជើងប៉ុណ្ណោះ។ ម៉ៅ និងជូ បានធានាអះអាង នឹងព្រះអង្គថា ...(នៅមានត)

សត្រូវបងប្អូនឯង៖ ក្រុងប៉េងកាំង លែងឆ្លើយតប (វគ្គទី២៤)