ហួសចិត្ត ! គ្រាន់តែ​លឺឈ្មោះ ទាញ​ឈើ​ជ្រុង​វាយ​ស្លាប់

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​វាយ​នឹង​ឈើ​ជ្រុង​បណ្ដាល​ឲ្យ​របួសធ្ងន់ និង​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុង​ពិធី​បុណ្យសព​មួយ​កាលពី​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមេសា នៅ​ភូមិ​ព្រែក​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ឈ្មោះ លុក ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​កសិក បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ​រាជធានី​ភ្នំពេញ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ចាំ ម៉ា​ប់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កសិករ បាន​គេចខ្លួន​ក្រោយ​ពេល​កើតហេតុ ។ អ្នក​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ជាមួយ​គ្នា ។

មន្ត្រី​នគរបាល​បាន​ដកស្រង់​សំដី​សាក្សី​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ឈ្មោះ លុក ប៊ុ​ន​ធឿ​ន បាន​មក​អង្គុយ​លេង​កំដរ​ផ្ទះ​បុណ្យសព ។ ពេល​នោះ​មានឈ្មោះ ថុ​ក ភេទ​ប្រុស បាន​ឲ្យ​លុយ​២​ពាន់​រៀល​ទៅ​ជន​រង​គ្រោះ​ទៅ​ទិញ​ស្រា​នៅផ្ទះ​ឈ្មោះ នួន លី​ឡា ហៅ​ម៉ា​ប់ តែ​មិន​បើកទ្វារ​លក់​ស្រា​ឲ្យ​ក៏​ត្រឡប់​មក​វិញ មក​អង្គុយ​លេង​ជាមួយ​ឈ្មោះ ថុ​ក នៅផ្ទះ​បុណ្យសព​ដដែល ។ ពេល​កំពង់​អង្គុយ​និយាយ​គ្នា​ជាមួយ​ឈ្មោះ ថុ​ក ជន​រង​គ្រោះ​បាន​និយាយ​រឿង​ទៅ​ទិញ​ស្រា​ផ្ទះ​ឈ្មោះ ម៉ា​ប់ អត់​បើកទ្វារ​លក់​ស្រា​ឱ្យ ស្រប​ពេល​នោះ​ស្រាប់តែ​ឈ្មោះ ចាំ ម៉ា​ប់ ជា​ជនសង្ស័យ​ដែល​មានឈ្មោះ​ដូច​អ្នកលក់​ស្រា​ដើរមក​ដល់​ក្នុង​ស្ថានភាព​ស្រវឹងស្រា​បានលឺ ស្មានថា​និយាយដើម​ខ្លួន ក៏​ខឹង​រហូត​ទំនាស់​ពាក្យ​សំដី​គ្នា ។ ពេល​នោះ​ជនសង្ស័យ​បាន​ដើរទៅ​យក​ឈើ​ជ្រុង​ប៉ុន​កំភួនដៃ​ប្រវែង​ជាង​១​ម៉ែត្រ​នៅ​ក្បែ​នោះ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ លុក ប៊ុ​ន​ធឿ​ន ចំ​ក្បាល និង​ខ្លួន​ចំនួន​៣​ឈើ​ជ្រុង បណ្តាល​ឲ្យ​ដួល​ទៅ​ដី​របួសធ្ងន់ បន្ទាប់​មក​ជនសង្ស័យ​បាន​ទម្លាក់​ឈើ​ជ្រុង​ចោល​នៅ​កន្លែង​កើតហេតុ​រួច​គេចខ្លួន​បាត់​តែ​ម្តង ។ ភ្លាម​នោះ​ឈ្មោះ លុក ប៊ុ​ន​ធឿ​ន ត្រូវ​បាន​បងប្អូន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ រាជធានី​ភ្នំពេញ ក៏​បាន​ស្លាប់​នៅ​មន្ទី​ពេទ្យ​តែ​ម្តង ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​មេ​សា​នេះ ក្រុម​គ្រួ​សារបាន​បញ្ជូន​ជន​រង​គ្រោះ​មក​ដល់​ផ្ទះ​វិញ ។

ក្រោយ​ពេល​នគរបាល​បច្ចេកទេស​ស្រុក​ពិនិត្យ​សាកសព​ឃើញ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​មាន​ស្នាម​មុត​ផុង​លលាដ៍ក្បាល​ផ្នែក​ខាងលើ ស្នាម​ជាំ​ឆ្អឹងជំនី​ខាងស្តាំ និង​ស្នាម​ជាំ​នៅ​ស្មា​ខាងឆ្វេង ហើយ​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសា​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី និង​បាន​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​តាម​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ៕