លោក ​លី​ សារី​ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​កៀងគរ ​ដើម្បី​រក​មូលនិធិ​ ពី​សប្បុរសជន ​ក្នុង​ទិវា​៨​ឧសភា​២​០១៦

លោក ​លី​ សារី​ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​កៀងគរ ​ដើម្បី​រក​មូលនិធិ​ ពី​សប្បុរសជន ​ក្នុង​ទិវា​៨​ឧសភា​២​០១៦



បន្ទាយមានជ័យ​ ៖ នៅ​ព្រឹក​ថ្ងៃទី​២៩​ ខែមេសា ​ឆ្នាំ​២០១៦​ នៅ​សាល​ប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​បាន​បើក​កិច្ចប្រជុំ​ធ្វើការ​ការ​ផ្សព្វផ្សាយ​ស្ដីពី​ការ​ប្រមូល​មូលនិធិ​ និង​ធ្វើការ​កៀងគរ​ស្វែងរក​សប្បុរស​ជន​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ប្រមូល​ថវិកា​យក​ទៅ​ជួយ​សង្គ្រោះ​ដល់​ជន​ទីទ័លក្រ ចាស់ជរា​គ្មាន​ទីពឹង ទុរគត​ជន ស្ត្រី​មេម៉ាយ​គ្មាន​ទីពឹង​ជាដើម ក្នុង​ទិវា​៨​ឧសភា​ឆ្នាំ​២០១៦​​។​

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ និង​ជា​ប្រធាន​សាខា​កាកបាទក្រហម​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះ​ថា​ ជា​រៀងរាល់​ឆ្នាំ​នៅក្នុង​ពិភពលោក​គេ​តែងតែ​ប្រារព្ធ​ទិវា​៨​ឧសភា​នេះ​ឡើង​ ដើម្បី​កៀងគរ​រក​មូលនិធិ​ពី​សប្បុរសជន​នៅក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ ដើម្បី​ប្រមូ​ល​ថវិកា​យក​ទៅ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ណា​កំពុង​ជួបប្រទះ​នូវ​ការអត់ឃ្លាន ជួប​គ្រោះ​រាំង​ស្ងួត និង​គ្រោះធម្មជាតិ​ជាដើម​។​

លោក ​លី​ សារី​ បាន​បញ្ជាក់​ទៀត​ថា​ ទោះបីជា​ថវិកា​នៃ​ការចូលរួម​ក្នុង​កិច្ចការ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហម​កាលពី​ឆ្នាំ​២០១៥​កន្លងមក​មាន​ចំនួន​ជាង​១២​ម៉ឺន​ដុល្លារ​ក៏ដោយ​ ក៏​នៅ​មាន​កម្រិត​តែបើ​ប្រៀប​ទៅ​ឆ្នាំ​២០១៤​មាន​ចំនួន​មានការ​កើនឡើង​វិញ​។​ ដើម្បី​ឲ្យ​ការ​ប្រារព្ធ​ទិវា​៨​ឧសភា​ឆ្នាំនេះ​កាន់តែ​ទទួល​បាន​ការ​គាំទ្រ​ឲ្យ​កាន់តែ​ច្រើនជាង​ឆ្នាំមុន​ទៀត​នោះ​ សូម​ឲ្យ​អស់លោក​ជា​ក្រុមការងារ​គ្រប់​មូលដ្ឋាន​ចូលរួម​ជា​មតិ​ថា ​ត្រូវ​ធ្វើ​យ៉ាង​ណា​នៅ​ថ្ងៃមុខ​បន្ត​ ដើម្បី​ស្វែងរក​ការ​រីកចម្រើន​របស់​សា​ខា​កាកបាទក្រហមកម្ពុជា​ ខេត្តបន្ទាយមានជ័យ​។​

លោក​ លី​ សារី​ បាន​បញ្ជាក់​ទៀត​ថា ​ក្នុង​នោះ​បើ​ក្រុមការងារ​ឯកភាព​អញ្ជើញ​លោក​ឧបនាយក​រដ្ឋ​ម​ន្ត្រី កែ​ គឹមយ៉ាន ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​ឲ្យ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​៨​ឧសភា​នេះ​ ក្នុង​កិច្ចពិភាក្សា​របស់​ក្រុ​ម​ការងារ​ឯកភាព​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់​ លោក​ឧបនាយករដ្ឋមន្ត្រី កែ ​គឹមយ៉ាន​ នោះ​ប្រាកដ​ជា​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​មានការ​រីកចម្រើន​ជាមិនខាន​ឡើយ​។

​លោក​ លី​ សារី​ បាន​បញ្ជាក់​ទៀត​ថា ​និយាយ​ជា​រួម​កិច្ច​ប្រជុំ​នេះ​គឺ​ធ្វើ​ឡើង​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ចូលរួម​ពី​មហាជន​ចូលរួម​ចំណាយ​ថវិកា​ឲ្យ​បាន​ច្រើន ​ដើម្បី​សាខា​កាកបាទក្រហម​ខេត្ត​បន្ទាយ​មា​ន​ជ័យ​យក​ទៅ​ជួយ​ក្នុង​កិច្ចការ​មនុស្សធម៌ ​ដល់​ជនរងគ្រោះ​ដោយ​ធម្មជាតិ​នានា​ ដែល​បច្ចុប្បន្ន​ និង​បន្តបន្ទាប់​កំពុង​រងគ្រោះ​កាន់តែ​ច្រើនឡើង ​ដើម្បី​ប្រមូល​មូលនិធិ​ផ្គត់ផ្គង់​មនុស្សធម៌​សម្រាប់​ផែនការ​បន្ត​៕

លោក ​លី​ សារី​ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​កៀងគរ ​ដើម្បី​រក​មូលនិធិ​ ពី​សប្បុរសជន ​ក្នុង​ទិវា​៨​ឧសភា​២​០១៦

លោក ​លី​ សារី​ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​កៀងគរ ​ដើម្បី​រក​មូលនិធិ​ ពី​សប្បុរសជន ​ក្នុង​ទិវា​៨​ឧសភា​២​០១៦