អ្នក​គាំទ្រ​និង​អ្នក​ប្រឆាំង​លោក ​Trump​ បាន​ប៉ះ​ទង្គិច​គ្នា

អ្នក​គាំទ្រ​និង​អ្នក​ប្រឆាំង​លោក ​Trump​ បាន​ប៉ះ​ទង្គិច​គ្នា

មន្ត្រីប៉ូលិស​ចាប់​អ្នក​ដែល​តវ៉ា​ប្រឆាំង​នឹង​បេក្ខជន​ប្រធានា​ធិបតី​ លោក Donald Trump នៅ​ខាង​ក្រៅ​សណ្ឋគារ​ Hyatt Regency កាល​ពី​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ២០១៦។

កាល​ពី​យប់​ថ្ងៃ​ព្រ​ហស្បតិ៍​ មាន​មនុស្ស​មួយ​ចំនួន​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ពេល​ដែល​ពួក​ប៉ូលិស​បាន​បំបែក​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ពួក​អ្នក​គាំទ្រ​និង​ពួក​អ្នក​ប្រឆាំង​លោក Donald Trump ​ដែល​ជា​បេក្ខជន​ប្រធានាធិបតី​នាំ​មុខ​គេ​ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​សម្បូរ​រឿង​ចម្រូង​ចម្រាស់​ នៅ​ក្នុង​ផ្នែក​ខាង​ត្បូង​នៃរដ្ឋ​ California។​

នៅ​ក្នុង​ការ​ប៉ះ​ទង្គិចនោះ​ ពួក​ប៉ូលិស​ដែល​មាន​កាន់​ឧបករណ៍​ទប់​ទល់​នឹង​កុប្បកម្ម​និង​ជិះ​សេះ​បាន​បង្កើត​ជា​របាំង​មួយ​រវាង​ពួក​ជន​ទាំង​ពីរ​ក្រុម​នេះ​នៅ​ខាង​ក្រៅ​រង្គដ្ឋាន​ Pacific ​នៃ​ស្រុក​ Orange​ ជា​ទី​ដែល​លោក​ Trump ​បាន​ថ្លែង​សុន្ទរកថា​ឃោសនា​បោះឆ្នោត​មួយ។​

កញ្ចក់​បង្អួច​ឡាន​ប៉ូលិស​មួយ​គ្រឿង​បាន​ត្រូវ​វាយ​បំបែក​ហើយ​ប៉ូលិស​មួយ​ចំនួន​បាន​ត្រូវ​របួស​នៅ​មុន​ពេល​អាជ្ញាធរ​អាច​ត្រួត​ត្រា​ហ្វូង​មនុស្ស​នេះ​បាន។

កាល​ពី​ពេលមុ​ន​នោះ​ក្នុង​ថ្ងៃព្រហស្បតិ៍​ដដែល​ លោក ​Trump ​ដែល​ជាសេដ្ឋី​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​បាន​និយាយ​មើល​ងាយ​ដល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ស្រី​ Hillary Clinton ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​ឱ្យ​បាន​កាន់​តំណែង​ប្រធានាធិបតី​ស.រ.អា.​ដោយ​លោក​បាន​និយាយ​ថា​ លោក​ស្រី​មិន​អាច​មាន​ឱកាស​នេះ​បាន​ទេ​ លើក​លែង​តែ​មាន​ការ​ពិត​ជាក់​ស្តែង​មួយ​ថា ​លោក​ស្រី​ប្រើ​«ឋានៈ​លោក​ស្រី​ជា​ស្ត្រី»​ក្នុង​សេចក្តី​សង្ឃឹម​ថា​ នឹង​ក្លាយ​ទៅ​ជាប្រធានាធិបតី​ស្ត្រី​ទីមួយ​របស់​ស.រ.អា.។

អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​រូប​នេះ​បាន​និយាយ​ប្រាប់​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង​ NBC News ​ថា​«លោក​ស្រី​ Clinton​ ប្រើ​ឋានៈ​នោះដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​មាន​នរណា​ម្នាក់​ធ្វើ​បែប​នេះ​ពី​ពេល​មុនៗ​ទេ។ អ្វី​ទាំង​អស់​ដែល​ខ្ញុំ​ធ្វើ​គឺ​ធ្វើ​ឱ្យ​ឃើញ​ច្បាស់​លាស់​អំពី​ការណ៍​នេះ​ គឺ​ថា​បើគ្មាន​ឋានៈ​ជា​ស្ត្រី​ទេ​ Hillary​ ជា​មនុស្ស​ម្នាក់​ដែល​មិន​អាច​ឈរ​ឈ្មោះ​សម្រាប់​តំណែង​មួយ​ក្នុង​ក្រុម​ប្រឹក្សា​ក្រុង​បាន​ឡើយ»៕