ភ្នំពេញ​ក្រោន​អាច​សងសឹក​ក្រុម​បឹងកេត​អង្គរ​បាន​អត់​ល្ងាច​នេះ?

ល្ងាច​ម៉ោង​៦​នេះ ក្រុម​ភ្នំពេញ​ក្រោន​នឹង​បើក​ទ្វារ​​កីឡដ្ឋាន RSN ​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ​ជើង​ខ្លាំង ​បឹង​កេត​អង្គរ ​ក្នុង​សប្ដាហ៍​ទី​៦ ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League ។ កាល​ពី​ចុង​រដូវ​កាល​មុន បឹង​កេត​ធ្លាប់​បំបាក់​ក្រោន ៤-២ ​ម្ដង​មក​ហើយ​នៅ​ស្ដាត​ចាស់ ដូច្នេះ​ចាំ​មើល​នៅ​ល្ងាច​នេះ ថា​តើ​ក្រុម​របស់ Sam ​អាច​សងសឹក​វិញ​បាន​ដែរ​ឬ​អត់?

 

ភ្នំពេញ​ក្រោន​អាច​សងសឹក​ក្រុម​បឹងកេត​អង្គរ​បាន​អត់​ល្ងាច​នេះ?

 

លោក ប្រាក់ សុវណ្ណារ៉ា ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម​បឹង​កេត​អង្គរ​បាន​និយាយ​ថា​ ប៉ះ​ក្រោន​គឺ​ជា​ប្រកួត​សំខាន់​ខ្លាំង។ ​ដូច្នេះ​​កូន​​ក្រុម​របស់​លោក​ត្រូវ​រៀបចំ​ខ្លួន​ឱ្យ​ល្អ ដើម្បី​ត្រៀម​ប្រកួត​មួយ​នេះ។ ក្រោន​នៅ​រដូវ​កាល​នេះ​ក្រោម​ការ​ដឹក​នាំ​របស់ Sam ​គឺ​លោក​ប្រាក់ សុវណ្ណារ៉ា ​មើល​ឃើញ​ថា​ មិន​សូវ​ជា​មាន​ការ​ខុស​ប្លែក​អ្វី​ទេ ដូច្នេះ​លោក​រំពឹង​ថា ​បឹង​កេត​នឹង​ធ្វើ​បាន​ល្អ។

 

ដូច​គ្នា​នេះ​ដែរ លោក Sam Schweingruber ​គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន​បាន​បញ្ជាក់​ដែរ​ថា បឹង​កេត​ជា​ក្រុម​ខ្លាំង ព្រោះ​មាន​កីឡាករ​ល្អ​ៗ​ច្រើន ​ជា​ពិសេស​កីឡាករ​បរទេស។ ​ទោះ​​យ៉ាង​នេះ​ក្ដី ប្រសិន​បើ​កូន​ក្រុម​របស់​លោក​ប្រឹង​ប្រែង​ឱ្យ​អស់​សមត្ថភាព នោះ​សង្ឃឹម​ភាគ​រយ​ឈ្នះ​គឺ​នៅ​តែ​មាន​ដដែល។

 

ចំពោះ​ជើង​កីឡាករ​របស់​ក្រុម​ទាំង​ពីរ​វិញ​គឺ​ក្រុម​ភ្នំពេញ​ក្រោន​​​ត្រូវ​អវត្តមាន​កីឡាករ​សំខាន់ Booyen Shane ​ដែល​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​អាហ្វ្រិក ខណៈ​ដែល​កែវ សុខផេង និង​ធារី ចន្ថាប៊ីន ​សុទ្ធ​តែ​អាច​ចូល​លេង​បាន​វិញ​អស់​ហើយ។ ចំណែក​​ឯ​ក្រុម​បឹង​កេត​វិញ លោក ប្រាក់ សុវណ្ណារ៉ា ​បាន​បញ្ជាក់​ថា​ កូន​ក្រុម​ទាំង​អស់​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ។

 

ប្រវត្តិ​ជួប​គ្នា​របស់​ក្រុម​ទាំង​ពីរ​បើ​គិត​ត្រួស​ៗ​ទៅ​ គឺ​១១​ប្រកួត​កន្លង​មក​នេះ ​ភ្នំពេញ​ក្រោន​ឈ្នះ​បាន​តែ​៤​ដង​ប៉ុណ្ណោះ ដោយ​ក្រៅ​ពី​នោះ​ចាញ់​៦​ដង និង​ស្មើ​១​ដង។ នៅ​រដូវ​កាល​មុន ​ក្រុម​ទាំង​ពីរ​នេះ​ប៉ះ​គ្នា​គឺ​ជើងទីមួយ​ក្រោន​ស្មើ ០-០ ​នៅ​ទឹក​ដី​ខ្លួន​ឯង ហើយជើងទីពីរ​​នៅ​​ដី​បឹង​កេត​វិញ ចាញ់​ដោយ​លទ្ធផល ៤-២ ។

 

ខាង​ក្រោម​នេះ​ជា​វីដេអូ​សម្ដី​ផ្ទាល់​របស់​ក្រុម​ទាំង​ពីរ៖
 

 

វេលា​ម៉ោង​៦​ល្ងាច​នៅ​ថ្ងៃ​នេះ​ដែរ ​ក៏​មាន​មួយ​ប្រកួត​ទៀត​ដែរ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​ក្រុម​ស៊ីម៉ាក់​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ណាហ្គាវើល៕

 

អត្ថបទ៖ មុន្នី រម្យ