លោក ស៊ិ​ក ប៊ុន​ហុក​៖ លោក នី ចរិយា អាច​នឹង​បាត់បង់​ដំណែង បើសិនជា​មានទោស​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅតែរក្សាដំណែងជាអគ្គលេខាធិការរង សម្រាប់លោក នី ចរិយា ដដែល ខណៈដែលលោក កំពុងតែត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) ឃាត់ខ្លួន។ លោក នី ចរិយា រួមទាំងមន្ត្រីអាដហុក៤រូបទៀត នឹងត្រូវបញ្ចូលទៅសាលាដំបូងរាជធានីភ្នំពេញ តាមការចោទប្រកាន់របស់អង្គភាពប្រឆាំងអំពើពុករលួយ។

លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានអះអាងថា ដំណែងជាអគ្គលេខាធិការរងរបស់លោក នី ចរិយា មិនត្រូវដកហូតឬប៉ះពាល់នោះទេ។ លោកបញ្ជាក់ថា ការបញ្ឈប់ឬបន្តមុខងាររបស់លោក នី ចរិយា ត្រូវរងចាំមើលសេចក្តីសម្រេចរបស់តុលការជាមុខសិន។

ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ប្រធាន គ.ជ.ប រូបនេះ បានពន្យល់ថា ប្រសិនបើតុលាការសម្រេចទោសលោក នី ចរិយា ពីបទមជ្ឈិមឬបទឧក្រិដ្ឋណាមួយ នោះលោក នី ចរិយា នឹងត្រូវបាត់បង់ឋានៈជាអគ្គលេខាធិការរងដោយស្វ័យប្រវត្តិ។ ប៉ុន្តែប្រសិនបើតុលាការមិនបានចោទប្រកាន់លោក នី ចរិយា ពីទោសអ្វីទេ នោះលោក នឹងអាចចូលបំពេញការងារក្នុងគ.ជ.ប ជាធម្មតា។

លោក ស៊ិ​ក ប៊ុន​ហុក​៖ លោក នី ចរិយា អាច​នឹង​បាត់បង់​ដំណែង បើសិនជា​មានទោស​

លោក ស៊ិក ប៊ុនហ៊ុក សុំបដិសេធ មិនបកស្រាយពីចំណាត់របស់អង្គភាពប្រឆាំងអំពើពុករលួយមកលើលោក នី ចរិយា ដែលជាមន្ត្រីរបស់ខ្លួន ថាខុសឬត្រូវនោះទេ។ ប្រធាន គ.ជ.ប រូបនេះថា ខ្លួនគ្មានសិទ្ធិអ្វីដែលអាចលូកដៃចូលក្នុងដែនសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយឡើយ ដោយលោកថា បញ្ហាលោក នី ចរិយា នេះទុកឲ្យស្ថាប័នមានសមត្ថកិច្ច ជាអ្នកដោះស្រាយទៅតាមផ្លូវច្បាប់ចុះ ។

យ៉ាងណាក៏ដោយ លោក ស៊ិក ប៊ុនហ៊ុក មិនបានព្រងើយកន្លើយនឹងលោក នី ចរិយា នោះទេ។ លោក បានបញ្ចូលមន្ត្រីរបស់ខ្លួន ឲ្យទៅឃ្លាំមើលនិងតាមដាន ស្ថានការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ ជាប់ជានិច្ច ជុំវិញការសាកសួរ លោក នី ចរិយា។

បន្ទាប់ពីសាកសួរ លោក នី ចរិយា និងមន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤រូបទៀត អស់រយៈពេល២ថ្ងៃ អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនពួកគេទាំង៥ និងត្រៀមបញ្ជូនទៅឲ្យតុលាការចាត់ការតាមផ្លូវច្បាប់។ មន្ត្រីអាដហុកទាំង៤នាក់នោះគឺ លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុនី។

ការសាកសួររបស់អង្គភាពប្រឆាំងអំពើពុករលួយ ធ្វើឡើងក្រោយពីកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ទំលាយលិខិតចំនួន៤ទំព័រ ដែលសរសេរដោយដៃផ្ទាល់។ ក្នុងលិខិតបើកចំហនោះ កញ្ញា ខុម ចាន់តារាទី បានចោទមន្ត្រីអាដហុកខាងលើ រួមទាំងលោក នី ចរិយា ផង ថាបានលួងលោមនាង ឲ្យកុហកសាធារណជននិងសមត្ថកិច្ច ជុំវិញទំនាក់ទំនងស្នេហារបស់ខ្លួន ជាមួយឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ៕

ប្រភពៈ camnews