កាត់​ប៉េ​រី​ណេ​រួច គួរ​ធ្វើ​ម៉េច​ទើប​ឆាប់​ជា​វិញ​?

កាត់​ប៉េ​រី​ណេ​រួច គួរ​ធ្វើ​ម៉េច​ទើប​ឆាប់​ជា​វិញ​?

​ស្ត្រី​មាន​ផ្ទៃពោះ និង​ការ​សម្រាលកូន អាច​នឹង​បង្កើន​ភាព​តានតឹង និង​ការឈឺចាប់​ដល់​ពួកគេ​ច្រើន  ហើយ​រឿង​មួយ ដែល​ត្រូវ​ឆ្លងកាត់​ដែរនោះ​គឺ ការ​កាត់​ប៉េ​រី​ណេ​តែម្តង ក្នុង​ពេល​សម្រាលកូន​ដោយ​ធម្មជាតិ​។ ក្នុងពេល​សម្រាល ស្បូន​នឹង​កន្ត្រាក់​ដោយ​ខ្លួនឯង ដើម្បី​អនុញ្ញាត​ឲ្យ​កូនកើតចេញ​។ យ៉ាងណាមិញ វា​អាច​នឹង​មាន​ពេលខ្លះ ដែល​គ្រូពេទ្យ​ត្រូវការ​កាត់​ប៉េ​រី​ណេ ដើម្បី​ជំរុញ​ដល់​ភាពងាយស្រួល ដល់​ការ​សម្រាល​។ ការ​កាត់​ប៉េ​រី​ណេ​នេះ អាច​មាន​ការឈឺចាប់​ខ្លាំង និង​ពិបាក​តិចតួច​ដែរ ក្រោយ​ពី​សម្រាល​រួច​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី​វិធី​ខ្លះ ដែល​អាច​ព្យាបាល​បេរី​ណេ​នេះ ឲ្យ​ឆាប់​ជា​វិញ​បាន​។
​លាង​សម្អាត និង​រក្សា​ភាព​ស្ងួត​
​ចូរ​ចាំ​ថា តំបន់​ទ្វារមាស ជា​កន្លែង​ដែល​មាន​សំណើម​ជាប់​ដោយ​ខ្លួនឯង ដូច្នេះ វា​អាច​នឹង​ជា​ការបារម្ភ​តិចតួច​ដែរ ដែល​នាំ​ឲ្យ​កន្លែង​នេះ អាច​កក​កើតរោគ​បាន ក្នុង​ពេលវេលា​ណាមួយ​។ ដូច្នេះ អ្នក​គួរតែ​ប្រើប្រាស់​សំឡី ដើម្បី​សម្អាត​តំបន់​នេះ ពីមុខ​ទៅក្រោយ ក្រោយ​ពី​ចេញ​ពី​បន្ទប់ទឹក​។ បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា វា​ដូចជា​មាន​សំណើម ចូរ​ទៅ​បន្ទប់ទឹក និង​លាង​សម្អាត​វា​ឡើង​វិញ​ទៅ និង​ប្រើប្រាស់​កន្សែង​ស្ងួត​សម្អាត​ជានិច្ច​។​
​ឲ្យមាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​
​ឥឡូវនេះ ដំបៅ​ប៉េ​រី​ណេ ក៏​ត្រូវការ​ខ្យល់​ដកដង្ហើម​ដែរ​។ ប៉ុន្តែ រឿង​នេះ​មិន​អាច​កើតមាន បាន​ពេញ​មួយ​ថ្ងៃ​ឡើយ ដូច្នេះ អ្នក​អាច​ព្យាបា​ម​ធ្វើ​វា​នៅពេល​យប់ ជាពិសេស ពេល​កំពុង​តែ​គេង​តែម្តង ដោយ​មិនបាច់​ស្លៀកខោ​ទ្រនាប់​ឡើយ​។
​ប្រើ​ថ្នាំ​តាម​ពេលវេលា​
​រឿង​មួយ​ដែល​អាច​សង្គ្រោះ​អ្នក ពី​ការឈឺចាប់​បាន​នោះ​គឺ ការប្រើប្រាស់​ថ្នាំ​ទៀង​ពេលវេលា ទៅ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​។
​ប្រុងប្រយ័ត្ន​ពេលធ្វើ​ចលនា​
​ចូរ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន ក្នុងពេល​កំពុង​អង្គុយ និង​ងើបឈ​ពី​កៅអី​។ កាលណា​ដែល​ប្រើ​កម្លាំង​បង្ខំ​ពេក សុទ្ធ​តែ​ធ្វើឲ្យមាន ការឈឺចាប់​ខ្លាំង ដល់​តំបន់់​ទ្វារមាស​ទាំងអស់​។ អ្នក​ត្រូវ​តែ​បន្ទន់​ជង្គង់​យឺតៗ​ជានិច្ច មុន​ពេល​ព្យាយាម​អង្គុយ​។
​ប្រើ​សំឡី​អនាម័យ​
​ទោះបីជា​ទឹក​ឈាម​ក្រោយ​សម្រាល ឬ​ការ​ធ្លាក់ឈាម​តាម​ទ្វារមាស​ឈប់​មាន មុន​ពេលរ​បួស​ជា​ក៏ដោយ ក៏​ត្រូវតែ​ប្រើ​សំឡី​អនាម័យ​បន្ត​ទៀត​ដែរ ព្រោះ​វា​នឹង​ជួយ​បឺត​ស្រូប​ឈាម​ទៀត បើសិនជា​ដំបៅ​ចាប់ផ្តើម​ហូរឈាម​ទៀត​។​
​កាត់​ក្រចក​ឲ្យ​ខ្លី​
​រឿង​នេះ​ពិត​ជា​សំខាន់​ណាស់ ព្រោះ​អ្នក​អាច​ធ្វើឲ្យ​ដំបៅ រង​ការឈឺចាប់​បាន ខណៈពេល​កំពុង​តែ​លាប​ក្រែម បំបាត់​ការឈឺចាប់​។ មួយវិញទៀត ចូរ​លាង​សម្អាត​ដៃ​ជានិច្ច មុន​ពេល​លាប​ក្រែម​លើ​ដំបៅ​។
​ប្រើ​ថង់​ទឹកកក​
​ថង់​ទឹកកក តែងតែ​ជា​ជម្រើស​ដ៏​ល្អ​បំផុត សម្រាប់​ដោះស្រាយ​បញ្ហា​របួស ដោយ​ការឈឺចាប់ ជាពិសេស តំបន់​ឯកជន​តែម្តង​។ អ្នក​អាច​ប្រើ​វា ដើម្បី​ស្អំ​បំបាត់​ការឈឺចាប់ ហើយ​ក៏​ជួយ​ឲ្យ​របួស ឆាប់​ជា​វិញ​ដែរ​។
​ក្នុងពេល​នោម​
​ការ​នោម ពិតជា​ងាយ​ធ្វើឲ្យ​តំបន់​ប៉េ​រី​ណេ រង​ការឈឺចាប់​ខ្លាំងណាស់​។ ដើម្បី​កាត់បន្ថយ​ការឈឺចាប់​នេះ អ្នក​គួរតែ​លាង ឬ​ចាក់ទឹក​ក្តៅ​ឧណ្ហៗ នៅលើ​ទ្វារមាស​ផង​ក្នុង​ពេល​នោម​។
​ចៀសវាង​ការ​ទល់លាមក​
​ការដាក់​សម្ពាធ ដោយ​ការធ្វើ​ចលនា​របស់​ពោះវៀន អាច​ធ្វើឲ្យ​ដំបៅ​ប៉េ​រី​ណេ កាន់តែ​ឈឺចាប់​ខ្លាំង​បាន​។ ដូច្នេះ អ្នក​គួរតែ​ពិនិត្យ​ទៅលើ​របប​អាហារ ដោយ​ប្រុងប្រយ័ត្ន​ផង និង​ព្យាយាម​ញ៉ាំ​អាហារ​សរសៃ​ឲ្យបាន​ច្រើន ដើម្បី​ចៀសវាង​ការ​ទល់លាមក​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។