បើក​រថយន្ត​បុក​បង្គោល​ភ្លើង សំណាងល្អ​មិន​មាន​អ្នក​រង​របួស​

បើក​រថយន្ត​បុក​បង្គោល​ភ្លើង សំណាងល្អ​មិន​មាន​អ្នក​រង​របួស​



កណ្ដាល ៖ យុវជន​ម្នាក់​បាន​បើក​រថយន្ត​ឡិច​ស៊ី​ស RX300 តាម​បណ្ដោយ​ផ្លូវ​លេខ​១០២ លុះ​ទៅ​ដល់​ចំណុច​មុខ​មន្ទីរ​គណបក្ស​ប្រជាជន​ខេត្ត​កណ្តាល​ មិន​ប្រយ័ត្ន បាន​បុក​បង្គោល​ភ្លើង​រង​ការ​ខូចខាត និង​រថយន្ត​ក៏​រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង​ផង​ដែរ តែ​មិន​បណ្តាល​ឲ្យ​អ្នក​ណាម្នាក់​រង​របួស​ឡើយ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជាង​៩​យប់ ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​មន្ទីរ​គណបក្ស​ប្រជាជន​ខេត្ត​កណ្តាល ស្ថិត​ក្នុង​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។

ប៉ូលិស​ចរាចរណ៍​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្កហេតុ​ម៉ាក Lexus RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 2N-8711 អ្នកបើកបរ​ឈ្មោះ នេ​ត សុ​ខះ ភេទ​ប្រុស អាយុ​ប្រហែល​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ។

ប៉ូលិស​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ឈ្មោះ នេ​ត សុ​ខះ បាន​បើក​រថយន្ត​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត លុះ​មក​ដល់​ចំណុច​ខាងលើ ក៏បាន​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​នៅ​ខាងឆ្វេង​ផ្លូវ រួច​រថយន្ត​បាន​បន្ត​រហូតដល់​មុខ​សាលាក្រុង​តាខ្មៅ​ទើប​ឈប់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​រថយន្ត ​និង​អ្នកបើកបរ​យក​មក​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ ដើម្បី​ធ្វើតាម​នីតិវិធី។ ករណី​នេះ​មិន​បណ្តាល​ឲ្យ​អ្នកណា​រង​របួស​ឡើយ។

ប៉ូលិស​បាន​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​នេះ បណ្ដាល​មកពី​អ្នកបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន ចំណែក​អ្នកបើកបរ​ត្រូវ​បាន​ឃាត់​បណ្ដោះអាសន្ន​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិ​វិធី៕
បើក​រថយន្ត​បុក​បង្គោល​ភ្លើង សំណាងល្អ​មិន​មាន​អ្នក​រង​របួស​

បើក​រថយន្ត​បុក​បង្គោល​ភ្លើង សំណាងល្អ​មិន​មាន​អ្នក​រង​របួស​