ហេតុអ្វីវៀតណាមមិនអរគុណកម្ពុជាចំពោះថ្ងៃ៣០មេសា១៩៧៥?

វៀតណាមបានទទួលឯករាជ្យពីបារាំងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥។ ក្រោយការទទួលបានឯករាជ្យ១០ឆ្នាំគឺនៅឆ្នាំ១៩៥៥ វៀតណាមបែងចែកជាពីរ គឺវៀតណាមខាងជើងនៅក្រោមប្លុកកុម្មុនីស្តដែលមានសហភាពសូវៀតដឹកនាំ និងវៀតណាមខាងត្បូងស្ថិតក្រោមប្លុកសេរីមានអាមេរិកដឹកនាំនៅក្នុងឥទ្ធិពលនៃសង្គ្រាមត្រជាក់។ រហូតដល់ថ្ងៃទី៣០ខែមេសាឆ្នាំ១៩៧៥ វៀតណាមខាងជើងវាយឈ្នះហើយគ្រប់គ្រងវៀតណាមទាំងមូល។

នៅក្នុងសង្គ្រាមវៀតណាមបានធ្វើឲ្យប្រជាជននិងយោធាវៀតណាមប្រមាណ៣លាននាក់បានស្លាប់ ចំណែកយោធាអាមេរិកវិញស្លាប់អស់ប្រមាណ៦ម៉ឺននាក់។

តើកម្ពុជាបានដើរតួនាទីអ្វីខ្លះក្នុងការជួយឲ្យវៀតណាមមានឯកភាពជាតិ?

អ្នកប្រវត្តិសាស្ត្រនានាបានលើកឡើងថា ចំណុចដែលកម្ពុជាជួយឲ្យវៀតណាមអាចរួបរួមគ្នាបាននោះគឺ សម្តេចសីហនុ បានអនុញ្ញាតឲ្យវៀតណាមខាងជើងយកដីខ្មែរខ្លះនៅភាគខាងកើតដើម្បីដឹកជញ្ជូនស្បៀងនិងសព្វាវុធវាយប្រហារវៀតណាមខាងត្បូងដែលមានការជួយជ្រោមជ្រែងពីអាមេរិក។

ហេតុអ្វីវៀតណាមមិនអរគុណកម្ពុជាចំពោះថ្ងៃ៣០មេសា១៩៧៥?ទិដ្ឋភាពសង្គ្រាមវៀតណាម (រូបពី wikipedia)

សាស្ត្រាចារ្យប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញលោក វង់ សុធារ៉ា មានសាសន៍ថាដើម្បីវាយយកវៀតណាមខាងត្បូងពីការគ្រប់គ្រងដោយអាមេរិក មេដឹកនាំវៀតណាមខាងជើងមានទំនាក់ទំនងល្អជាមួយកម្ពុជា ហើយបានប្រើប្រាស់ដីខ្លះនៅភាគខាងកើតរបស់កម្ពុជា។ លោកបន្តថា៖ “វៀតណាមបានបង្កើតផ្លូវលំនៅខេត្តរតនៈគិរី មណ្ឌលគិរី ហើយធ្វើសកម្មភាពនៅភាគខាងកើតនៃដងទន្លេមេគង្គឬក៏សឹងទារកងព័ទរំដោះ វៀតណាមខាងត្បូងនៅចន្លោះឆ្នាំ១៩៦៤ដល់១៩៧៥“។

ផលវិបាកបន្ទាប់ពីកម្ពុជាបើកផ្លូវលំហូជីមិញឲ្យវៀតណាមខាងជើងជញ្ជូនស្បៀងនិងសព្វាវុធទៅវាយប្រហារ វៀតណាមខាងត្បូងនោះ អាមេរិកដែលគ្រប់គ្រងវៀតណាមខាងត្បូងបានទម្លាក់គ្រាប់លើទឹកដីកម្ពុជាដើម្បីទប់ស្កាត់វៀតណាមខាងជើង។ ទីបំផុតវៀតណាមខាងជើងវាយយកបានវៀតណាមខាងត្បូង ហើយប្រកាសទៅជាវៀតណាមតែមួយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។

ផ្លូវលំហូជីមិញគឺផ្លូវយុទ្ធសាស្ត្រមួយនាំឲ្យវៀតណាមខាងជើងអាចវាយឈ្នះអាមេរិក ហើយអាចគ្រប់គ្រងវៀតណាមខាងត្បូងវិញ។ វៀតណាមខាងត្បូងនិងខាងជើងនៅឆ្ងាយពីគ្នា ហើយបើមិនមានផ្លូវលំហូជីមិញជាផ្លូវកាត់នោះវៀតណាមខាងជើងមិនអាចទទួលបានជ័យជម្នះទេ ហើយប្រទេសវៀតណាមអាចនៅចែកជាពីរដូចកូរ៉េបច្ចុប្បន្ននេះ។

អ្នកវិទ្យាសាស្ត្រនយោបាយនានាក៏បានលើកឡើងថា មូលហេតុនៃការទម្លាក់គ្រាប់របស់អាមេរិកធ្វើឲ្យអ្នកនយោបាយនៅក្នុងសង្គមខ្មែរប្រេះឆាកាន់តែខ្លាំងរហូតដល់កើតមានរដ្ឋប្រហារនៅឆ្នាំ១៩៧០និងរដ្ឋប្រហារឆ្នាំ១៩៧៥បានទាញកម្ពុជាធ្លាក់ចុះនៅភ្នក់សង្គ្រាមបន្តបន្ទាប់។

ទោះយ៉ាងណាពេលរំលឹកខួប៤១ឆ្នាំនៃការរួបរួមវៀតណាមនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ក៏ដូចជាពិធីក្នុងពេលកន្លងមកមេដឹកនាំវៀតណាមមិនដែលថ្លែងអរគុណកម្ពុជានោះទេ។

ដោយឡែកថ្នាក់ដឹកនាំកម្ពុជាពេលធ្វើពិធីរំលឹកខួបនៃការដួលរលំរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា តែងរំលឹកខួបនៃការជួយជ្រោមជ្រែងពីវៀតណាម។

លោក វង់ សុធារ៉ា បញ្ជាក់ថាក្នុងប្រវត្តិកម្ពុជានិងវៀតណាមធ្លាប់ជួយគ្នាតាំងពីសតវត្សរ៍ទី១៧ “ការជួយគ្នាទៅវិញទៅមករបស់វៀតណាមនិងកម្ពុជាចាប់តាំងពីដើមសតវត្សរ៍ទី១៧មកម៉្លេះ គ្រាន់តែខ្មែរមិនដែលចេះទារសារគុណពីវៀតណាមម្តងណាសោះមានតែវៀតណាមទេដែលមិនភ្លេចក្នុងការទាមទារសារគុណពីខ្មែរ“

សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិលោក សាមិន ចម្រើនជ័យ លើកឡើងថាមូលហេតុដែលវៀតណាមមិនដែលថ្លែងពីគុណសម្បត្តិរបស់កម្ពុជានោះ ព្រោះមេដឹកនាំវៀតណាមតែងគិតថាកម្ពុជាស្ថិតនៅក្នុងឥណ្ឌូចិនដែលខ្លួនគ្រប់គ្រង៖ “វៀតណាមគាត់មិនដែលចាត់ទុកកម្ពុជាជាប្រទេសស្មើខ្លួនឬខ្ពស់ជាងខ្លួននោះទេ គឺវៀតណាមតែងតែប្រកាន់ថា ខ្លួនជាមេគេនៅក្នុងតំបន់ឥណ្ឌូចិន“។

ឯកសារប្រវត្តិសាស្ត្រនានាបង្ហាញថា ផ្លូវលំហូជីមិញដែលបង្កើតឡើងនៅអំឡុងឆ្នាំ១៩៥៩-៦០ ចេញពីវៀតណាមខាងជើងកាត់ឡាវនិងកម្ពុជាឆ្ពោះទៅវៀតណាមខាងត្បូង ហើយបានដំណើរការដឹកជញ្ជូនគ្រាប់នៅឆ្នាំ១៩៦៤-៦៥នោះជាហេតុនាំឲ្យអាមេរិកទម្លាក់គ្រាប់លើទឹកដីខ្មែរប្រមាណ២លាន៧សែនតោនបណ្តាលឲ្យពលរដ្ឋខ្មែរស្លាប់ប្រមាណ១សែនទៅ៥សែននាក់៕

ប្រភពៈ VOD