បង្ក្រាប​ក្រុម​រក្សាទុក​ ចែកចាយ​ និង​ប្រើប្រាស់​ថ្នាំញៀន​៤​នាក់​

បង្ក្រាប​ក្រុម​រក្សាទុក​ ចែកចាយ​ និង​ប្រើប្រាស់​ថ្នាំញៀន​៤​នាក់​



កំពង់ឆ្នាំង ៖ ជនសង្ស័យ​រក្សាទុក ​និង​ចែកចាយ​ថ្នាំញៀន​៤​នាក់ ​រួម​នឹង​វត្ថុតាង​ថ្នាំញៀន​ ត្រូវ​បាន​កម្លាំង​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​កំពង់ត្រឡាច ​ធ្វើការ​ឡោម​ព័ទ្ធ​បង្ក្រាប​បាន​ភ្លាមៗ​ ខណៈ​ដែល​ក្រុម​នេះ​កំពុង​ធ្វើ​សកម្មភាព​ផឹកស៊ី​ ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន។
ហេតុការណ៍​ឡោមព័ទ្ធ​បង្ក្រាប​ករណី​ចែកចាយ​ថ្នាំញៀន​ខាង​លើ​នេះ​ធ្វើឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី ​ថ្ងៃ​ទី​២៨ ខែ​មេសា​ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ឈ្មោះ ហ៊ីម ​ជុ ស្ថិត​ក្នុង​ភូមិ​ច្រក​រមៀត​ឃុំ​អូរឫស្សី ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។

សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​ដែល​ស្ថិត​ក្នុង​ការ​បង្ក្រាប​ខា​ងលើ​នេះ​បាន​និយាយ​ឲ្យ​ដឹង​ថា ​នៅមុន​ឈាន​ដល់​ការ​បង្ក្រាប​បាន​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ខាង​លើ​នេះ ​កម្លាំង​របស់​លោក​បាន​ទទួល​ព័ត៌មាន​ថា ​មានការ​ចែកចាយ​ និង​ប្រើប្រាស់​ថ្នាំញៀន​ និង​ច្បាស់​ពី​ទីតាំង ​ភ្លាមៗនោះ​ សមត្ថកិច្ច​បាន​ធ្វើការ​ឡោមព័ទ្ធ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ និង​វត្ថុតាង​ថ្នាំញៀន​ភ្លាមៗ​ និង​បាន​រាយការណ៍​ជូន​លោក​ឧត្ដមសេនីយ៍​ត្រី មាស​ សុវណ្ណ​ មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត​ លោក គីម​ ហុង​សាន្ត ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍​ទោ និល​ ប៊ុនធឿន មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ ​រួម​នឹង​វត្ថុតាង​មក​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ។

ជនសង្ស័យ​ចែកចាយ​ថ្នាំញៀន​ទាំង​៤​នាក់​ខាង​លើ​នេះ ១-ឈ្មោះ ហ៊ីម ​អា​លី ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ។ ២-ឈ្មោះ ម៉ាត់ ​ពីសា​វី ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ។ ៣-ឈ្មោះ ស​ គីម​យ៉ាន ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ។ ៤-ឈ្មោះ ហ៊ីម ​ជុ អាយុ​២៧​ឆ្នាំ។​ ពួកគេ​ទាំង​៤​នាក់​ជា​ជនជាតិខ្មែ​-ឥស្លាម ​រស់នៅ​ក្នុង​ភូមិ​ច្រក​រមៀត​ ឃុំ​អូរឫស្សី ​ស្រុក​កំពង់ត្រឡាច​។ ក្នុង​នោះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ស្រុក​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​៣០​កញ្ចប់ ​ស្មើ​២,៧៣​ក្រាម​ កាំបិត​៣ ដាវ​១ ទូរស័ព្ទ​៣​គ្រឿង កាបូប​ដៃ​១ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​១ លុយ​ក្លែងក្លាយ​ក្រដាស​៥០​មួយ​សន្លឹក រួម​នឹង​សម្ភារៈ​ដែល​បម្រើ​ដល់​ការ​ជក់​មួយ​ចំនួន​ផង​ដែរ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ កងរាជអាវុធហត្ថ​ខេត្ត​ ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់​បាន​សារភាព​ថា​ថ្នាំ​ទាំងអស់​នេះ​ គឺ​ពួកគេ​បាន​ទិញ​ពី​ជនជាតិ​វៀតណាម​នៅ​ម្តុំ​ស្វាយប៉ាក ​សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ឫស្សី​កែវ​ ក្រុងភ្នំពេញ។

ក្រោយ​ការ​សាកសួរ សមត្ថកិច្ច​កងរាជអាវុធហត្ថ​កសាង​ឯកសារ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់​នៅ​ថ្ងៃ​នេះ​ផង​ដែរ​៕
បង្ក្រាប​ក្រុម​រក្សាទុក​ ចែកចាយ​ និង​ប្រើប្រាស់​ថ្នាំញៀន​៤​នាក់​