អភិបាលខេត្ត​កោះកុង ផ្ដល់​លេខ​ទូរ​សព្ទ​បន្ទាន់​ឲ្យ​ពលរដ្ឋ​រាយការណ៍​ពី​បញ្ហា​ខ្វះ​ទឹក​

​អាជ្ញាធរ​ខេត្តកោះកុង  បានផ្ដល់​លេខ​ទូរ​សព្ទ​បន្ទាន់​ចំនួន​២​ខ្សែ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍  ពី​បញ្ហា​ខ្វះ​ទឹក​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​។  តាមរយៈ​លិខិត​ណែនាំ​របស់ខ្លួន​លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង  ក៏បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ស្រុក​-​ក្រុង ចុះទៅ​ត្រួតពិនិត្យ​តាមដាន​ពី​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន និង​រាយការណ៍​មក​អាជ្ញាធរ ដើម្បី​ចាត់វិធានការ​ដោះស្រាយ​តាម​តម្រូវការ​ផងដែរ​។

​អាជ្ញាធរ​ខេត្តកោះកុង បានដាក់​លេខ​ទូរ​សព្ទ​ចំនួន​២​ខ្សែ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកោះកុង រាយការណ៍​បន្ទាន់​ករ​ណី​ពួកគាត់​ប្រឈម​នឹង​កង្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​។ តាមរយៈ​លិខិត​ស្តីពី​ការចាត់វិធានការ​តាមដាន ត្រួតពិនិត្យ​ប្រមូល​ព័ត៌មាន ពី​បញ្ហា​ខ្វះ​ទឹក​របស់​ពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​របស់​រដ្ឋបាលខេត្ត​កោះកុង លេខ​ទូរ​សព្ទ​បន្ទាន់​ទាំងពីរ​ខ្សែ គឺ​លេខ ០១៦ ៥០២៣០៥ និង​លេខ ០៩៧ ៥៦៦ ០៤ ៥១​។

​ក្រៅពី​ដាក់​លេខ​ទូរ​សព្ទ​បន្ទាន់  លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង ក៏បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ស្រុក និង​ក្រុង ចុះទៅពិនិត្យ និង​ប្រមូល​ព័​ត៍​មាន​នៅតាម​មូលដ្ឋាន​ដែល​ជួប​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ដែរ ព្រមទាំង​ធ្វើ​របាយការណ៍​មកកាន់​រដ្ឋបាលខេត្ត ដើម្បី​ចាត់វិធានការ​ដោះស្រាយ ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​ពលរដ្ឋ​។

​កន្លងមក​រដ្ឋបាលខេត្ត​កោះកុង បាន​ដោះស្រាយ​បញ្ហា​ទឹក នឹង​បាន​ចែកជូន​ទឹក​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាន​មួយចំនួន​ផងដែរ ទៅដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ទឹក​ប្រើប្រាស់​។

​ស្ថានភាព​អាកាសធាតុ បានធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ការរស់នៅ និង​ការ​បង្កបង្កើនផល របស់​ប្រជាពលរដ្ឋ​យ៉ាងច្រើន​។ បណ្ដា​ភូមិ ឃុំ ឬ​ស្រុក​មួយចំនួន​នៅតាម​បណ្តា​ខេត្ត​នានា កំពុង​ប្រឈម​នឹង​ការខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​។ ទោះជា​នៅ​កម្ពុជា មិនទាន់មាន​មនុស្ស​ស្លាប់​ដោយសារ អាកាសធាតុ​ក្តៅ​ដ៏​ដោយ ប៉ុន្តែ​មាន​ត្រី​រាប់​តោន​នៅក្នុង​ខេត្តពោធិ៍សាត់ គោ ក្របី​ជាង​៣០០​ក្បាល​នៅ​ខេត្តស្ទឹងត្រែង និង​ស្វា​ខ្មៅ​ប្រមាណ​៥០​ក្បាល​នៅ​ខេត្តបាត់ដំបង ត្រូវបាន​គេ​ប្រទះឃើញ​ងាប់​ដោយសារ​ខ្វះ​ទឹក​៕