សម្តេច ហ៊ុន សែន អរគុណ​ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​កសាង​ផ្លូវ​រថភ្លើង​ភ្នំពេញ​-​ព្រះសីហនុ​

​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​កំពុងតែ​ធ្វើដំណើរ​ទៅកាន់​ខេត្ត​ព្រះសីហនុ តាម​រថភ្លើង បាន លើកសរសើរ និង​អរគុណ ដល់​អតីតព្រះមហាក្សត្រ សម្តេច ព្រះ នរោត្តម ស៊ី​ហ​នុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ទ្រង់​បាន​កសាង​ផ្លូវ​រថភ្លើង​នេះ​។  ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖« ផឹកទឹក នឹក​ដល់​ប្រភពទឹក ហូប​ផ្លែឈើ​នឹក​ដល់​អ្នក​ដាំ​។ ទូលបង្គំ​យើងខ្ញុំ សូម​អរ​ព្រះ​គុណ​ព្រះបិតា​ជាតិខ្មែរ សម្តេច ព្រះ​នរោត្តម សីហនុ ដែល​ព្រះអង្គ បាន​ដឹកនាំ​កសាង​ផ្លូវ​រថភ្លើង​នេះ ក្នុងសម័យ​សង្គមរាស្ត្រនិយម​នា​ទសវត្ស​១៩៦០ និង​បន្សល់​ទុកឱ្យ​កូនចៅ​បាន​ប្រើប្រាស់​រហូតដល់​សព្វថ្ងៃ​»​។​

​ក្នុង​សំណេរ​នោះ សម្តេច​ក៏​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ អាជីវករ និង​ពាណិជ្ជករ ជ្រើសរើស​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ទំនិញ តាម​មធ្យោបាយ​ផ្លូវដែក ដែល​ចំណាយ​ថវិកា​តិច មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ បន្ទាប់ពី​លោក​បញ្ជាក់ថា​៖«​ពេលនេះ យើង​មាន​ជម្រើស​ធ្វើដំណើរ​តាម​រថភ្លើង ឡើងវិញ​ហើយ​!»​។ 

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន Royal Railway បាន​ព្រមព្រៀង​ដាក់​ឲ្យ​ដំណើរការ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ និង​ពី​ខេត្ត​ព្រះសីហនុ​មក​ភ្នំពេញ​វិញ នៅ​រយៈ​៣​ថ្ងៃ ក្នុង​មួយ​សប្តាហ៍​គឺ​ថ្ងៃ​សុក្រ សៅរ៍ និង​ថ្ងៃអាទិត្យ​៕