ជម្លោះដីធ្លី​ក្នុង​ខេត្ត​ព្រះសីហនុ នៅតែ​ជា​រឿង​ស្មុគស្មាញ​គួរ​ឲ្យ​ព្រួយបារម្ភ​

​ករណី​ជម្លោះដីធ្លី​ជាច្រើន​សហគមន៍​នៅក្នុង​ខេត្ត​ព្រះសីហនុ មិនទាន់​ត្រូវបាន​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ចាត់វិធានការ​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រឈម​នឹង​ការលំបាក​សព្វបែបយ៉ាង​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជិត​១០​សហគមន៍ និង​ក្រុមអាជីវករ​លក់ដូរ​តាម​ឆ្នេរសមុទ្រ​បានស្នើ​ឲ្យ​អាជ្ញាធរខេត្ត​ជួយ​ចុះ​វាស់វែង​ដីធ្លី​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​ដល់​ពួកគាត់​ឲ្យ​បាន​ឆាប់ ដើម្បី​កុំ​ឲ្យ​អ្នកមាន​លុយ អ្នកមានអំណាច បំពាន​លើដី​ធ្លី​ពួកគាត់​តាម​អំពើ​ចិត្ត​ទៀត​។ ប៉ុន្តែ​ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​ព្រះសីហនុ បាន​រិះគន់ថា អាជ្ញាធរខេត្ត​នេះ​មិន​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ជ្រះស្រឡះ​នោះទេ​។

​កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ តំណាង​អាជីវករ​លក់ដូរ​តាម​ឆ្នេរ​អូរ​ឈើទាល និង​តំណាង​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ពី​ជិត​១០​សហគមន៍ មាន​គ្នា​ប្រមាណ​១០០​នាក់​បាន​ប្រមូលផ្ដុំ​នៅមុខ​សាលាខេត្ត ដើម្បី​អំពាវនាវ​ឲ្យ​លោក យន្ត មីន ជួយ​ដោះស្រាយ​ការលំបាក​របស់​ពួកគាត់​ជាបន្ទាន់​។ ក្នុងនោះ​តំណាង​អាជីវករ​លក់ដូរ​នៅ​ឆ្នេរ​អូរ​ឈើទាល​ដែល​ត្រូវ​អាជ្ញាធរ​ប្រើ​គ្រឿងចក្រ​ឈូស​កម្ទេច​តូប​លក់ដូរ​កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៦ បាន​អំពាវនាវ​ឲ្យ​អភិបាលខេត្ត ជួយ​រក​យុត្តិធម៌​ដល់​ពួកគាត់​ផង ព្រោះ​ពួកគាត់​កំពុង​ប្រឈម​នឹង​ការលំបាក​ផ្នែក​ជីវភាព​យ៉ាងខ្លាំង​។ ចំណែក​តំណាង​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ព្រែក​ត្របែក អណ្ដូងទឹក និង​ថ្ម​ធំ បានស្នើ​ឲ្យ​អាជ្ញាធរខេត្ត​ព្រះសីហនុ ព​ន្លឿ​ន​ការចុះ​កាត់​ខ្វៀ​ល​ដី​ហើយ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ដល់​ពួកគាត់​ក្នុង​សហគមន៍​១០៦​គ្រួសារ​នៅ​ឃុំ​រាម ស្រុក​ព្រៃនប់​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ជាច្រើន​សហគមន៍​ជាមួយ​អ្នកមាន​លុយ អ្នកមានអំណាច ដែល​អូសបន្លាយ​ពេលវេលា​ជាច្រើន​ឆ្នាំ​មកហើយ​នោះ មិនទាន់​ត្រូវបាន​អាជ្ញាធរខេត្ត​ព្រះសីហនុ ចាត់វិធានការ​ដោះស្រាយ​ឲ្យ​បាន​ជ្រះស្រឡះ​នៅឡើយ​ទេ​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុង​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត ក៏ដូចជា​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាច្រើន​សហគមន៍​នៅ​ខេត្ត​ព្រះសីហនុ ហើយ​ខ្វៀ​ល​ដី​ផ្ដល់​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​នីមួយៗ កុំ​ឲ្យ​ក្រុមហ៊ុន អ្នកមាន​លុយ អ្នកមានអំណាច ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក៏បាន​លើកឡើង​ដែរ​ថា ករណី​មន្ត្រី​អាជ្ញាធរ​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​តូប​លក់ដូរ​របស់​អាជីវ​ករ​នៅ​ឆ្នេរ​អូរ​ឈើទាល​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​៕

83លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ cd0d09af-5161-4b23-8a69-2424c65af429ប្រជាពលរដ្ឋតវ៉ានៅមុខសាលាខេត្តព្រះសីហនុ