រោង​ម៉ាស៊ីន​អារឈើ​ក្នុង​បរិវេណ​ដី​សម្បទាន​ក្រុមហ៊ុន​ចិន នាំ​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ភ្នំ​ឱ​រ៉ា​ល់

​ប្រភពពី​សកម្មជន​ការពារ​ព្រៃឈើ​នៅ​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា រោង​ម៉ាស៊ីន​ដែលមាន​ម៉ាស៊ីន​អារឈើ​ប្រភេទ​រ៉ៃ បញ្ឈរ​និង​ផ្ដេក​៧​គ្រឿង កំពុង​បង្កប់​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ចិន​ដាំ​អំពៅ នៅ​ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រោង​ម៉ាស៊ីន​អារឈើ​នៅក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ចិន គឺជា​ទីតាំង​ប្រមូល​ឈើ​ពី​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​តំបន់​អភិរក្ស​ធនធានធម្មជាតិ​កោះកុង​ក្រោម យកមក​អារច្រៀក​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​។ ការដែល​ឈ្មួញ​អាចបង្កើត​រោង​ម៉ាស៊ីន​អារឈើ​យ៉ាង​ស្រួលៗ​បែបនេះ គឺអាច​មានការ​បើកដៃ​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ឱ​រ៉ា​ល់ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ម៉ាស៊ីន​អារឈើ​ខុសច្បាប់​៧​គ្រឿង​ត្រូវបាន​ឈ្មួញ​យកទៅដាក់​នៅក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​ចិន​ដាំ​អំពៅ​ក្នុង​តំបន់​ជាំ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ហើយ​ធ្វើ​សកម្មភាព​អារឈើ​ប្រមាណ​៥​ខែ​មកហើយ​។ មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដូចជា​កងរាជអាវុធហត្ថ និង​នគរបាល មិន​ចាត់វិធានការ​ប​ង្ក្រា​បរោ​ង​ម៉ាស៊ីន​អារឈើ​ខុសច្បាប់​នៅក្នុង​ឃុំ​តា​សាល​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អ្នក​ដែល​អាចដាក់​ម៉ាស៊ីន​អារឈើ​ខុសច្បាប់​នៅក្នុង​ទីតាំង​ដី​ដាំ​អំពៅ​របស់​ក្រុមហ៊ុន​ចិន​នោះ ជា​មន្ត្រី​យោធា​និង​ថៅកែ​ធំៗ​៥​ទៅ​៦​នាក់ ហើយ​ពួកគេ​មាន​ខ្នងបង្អែក​ដើម្បី​ការពារ​ផងដែរ​។

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​តា​សាល បាន​ឲ្យ​ដឹងថា ដោយសារតែ​រោង​ម៉ាស៊ីន​អារឈើ នៅក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​ចិន​ដាំ​អំពៅ​នៅ​ភូមិ​ជាំ ទើប​បង្ក​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​ដែន​ជម្រក​សត្វ​ភ្នំ​ឱ​រ៉ា​ល់ យ៉ាង​មហន្តរាយ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​ពាក់ព័ន្ធ​ដូចជា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​មន្ត្រី​ការពារ​ដែន​ជម្រក​សត្វ​ភ្នំ​ឱ​រ៉ា​ល់ សុទ្ធតែ​បានដឹង​យ៉ាងច្បាស់​ពីបទ​ល្មើ​សរោង​ម៉ាស៊ីន​អារឈើ​ខុសច្បាប់​កើតឡើង​នៅក្នុង​ឃុំ​តា​សាល ស្រុក​ភ្នំ​ឱ​រ៉ា​ល់​។ ប៉ុន្តែ​ប្រហែល​ពួកគេ​ជាប់ទាក់ទង​នឹង​ផលប្រយោជន៍ ទើប​នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ ហើយ​សូម្បីតែ​ប្រធាន​មន្ទីរ​កសិកម្ម​និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​។ ហេតុនេះហើយ​ទើប​ក្នុង​មួយខែៗ​រោង​ម៉ាស៊ីន​អារឈើ​នៅក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ចិន អាច​អារឈើ​បាន​រាប់ពាន់​ម៉ែត្រគូប​ដឹកជញ្ជូន​មក​ចែកចាយ​តាម​ដេប៉ូ​ធំៗ​ក្នុង​ខេត្តកំពង់ស្ពឺ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​៕

ses-158 ses-1-135