ពលរដ្ឋ​រងគ្រោះ​ដីធ្លី ​រង់ចាំ​ពន្លឺ​យុត្តិធម៌​ពី​លោក​អភិបាលខេត្ត​កណ្ដាល​

ពលរដ្ឋ​រងគ្រោះ​ដីធ្លី ​រង់ចាំ​ពន្លឺ​យុត្តិធម៌​ពី​លោក​អភិបាលខេត្ត​កណ្ដាល​



កណ្ដាល ៖ ប្រជាពលរដ្ឋ​ស្រុក​កៀនស្វាយ និង​ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​ រាប់ពាន់​គ្រួសារ​បាន​អះអាង​ថា​ ជា​ជនរងគ្រោះ​បញ្ហា​ដី​ធ្លី​ ដែល​ត្រូវ​បាន​លោក ឡោក ហ៊ួ រំលោភបំពាន​យក​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​នេះ ​រង់ចាំ​ពន្លឺ​យុត្តិធម៌​ពី​លោក ម៉ៅ ​ភិ​រុណ អភិបាលខេត្ត​កណ្តាល ដែល​បាន​សន្យា​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០០​នាក់ នៅ​ក្នុង​កន្លែង​វេទិកា​សាធារណៈ​ កាលពី​ថ្ងៃ​ទី​២៥ ​ខែ​មីនា ​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ​ថា ​នឹង​ចេញមុខ​ដោះស្រាយ​ជំងឺ​រ៉ាំរ៉ៃ​នេះ​។

ការ​រង់ចាំ​ពន្លឺ​យុត្តិធម៌​ពី​លោក​អភិបាលខេត្ត​កណ្តាល​យ៉ាង​អន្ទះសា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងពីរ​ស្រុក​ខាងលើ​ រហូត​មក​ទល់​ពេលនេះ អូស​បន្លាយ​ពេល​ជាង​១​ខែ​ហើយ ​ហាក់​ដូចជា​ស្ងាត់​ឈឹង​តែម្ដង។ ឬមួយ​លោក​អភិបាលខេត្ត​កណ្តាល​រង់ចាំ​សញ្ញា​ភ្លើង​ខៀវ​ពី​សម្ដេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​ ទើប​ដោះស្រាយ?។

គួរ​រំលឹក​ថា ក្រោយពី​លោក​អភិបាល​ខេត្ត​កណ្តាល ដឹកនាំ​បើក​វេទិកា​សាធារណៈ​នោះ​មក ​លោក ​ឡោក​ ហ៊ួ​ បាន​យក​គ្រឿងចក្រ​៥-៦​គ្រឿង បន្ត​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​ ជម្រក​ត្រី​ពង​កូន ក្នុង​តំបន់​អតីត​ដែន​ឡូត៍​នេសាទ​លេខ​៣-៤ ​និង​លើក​ទំនប់​ឡោមព័ទ្ធ​យក​ដី​បឹង​រដ្ឋ ក្រោម​លេស​យក​ប្រជាពលរដ្ឋ​ធ្វើជា​ខែល​។ មិនតែប៉ុណ្ណោះ បាន​លើក​ទំនប់​រំលោភ​បំពាន​យក​ដី​អាស្រ័យ​ផល​កសិកម្ម​របស់​ប្រជាពលរដ្ឋ​យ៉ាង​គឃ្លើន​លើស​ដើម​។ មានន័យថា​ផ្គើន​អភិបាលខេត្ត និង​បង្ក​ឲ្យ​រាស្ត្រ​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី​កាន់តែ​ក្តៅ​ក្រហាយ។

ប្រជាពលរដ្ឋ​ដែល​ជា​ជនរង​គ្រោះ​បាន​រៀបរាប់​ថា គ្រឿងចក្រ​ក្រុម​លោក ​ឡោក ​ហ៊ួ ​ឈូស​ឆាយ​រំលោភ​យក​ដី​រាស្ត្រ​ និង​ដី​ដែន​នេសាទ​នៅ​ពេល​សព្វថ្ងៃ​នេះ លើ​ស្រុក​ចំនួន​២​ ក្នុង​ខេត្ត​កណ្តាល​ គឺ​ស្រុក​កៀនស្វាយ​ និង​ស្រុក​ស្អាង​គឺ​លួច​ធ្វើ​សកម្មភាព​នៅ​ពេល​យប់។

ហេតុនេះ ​ពលរដ្ឋ​ម្ចាស់​ដី​មិន​ហ៊ាន​ចូល​ទៅ​ហាមឃាត់​នៅ​ពេល​យប់​ងងឹត​បានទេ ពីព្រោះ​ឆ្មាំ​ការពារ​គ្រឿងចក្រ​ គឺជា​កម្លាំង​ប្រដាប់​អាវុធ។ ទម្រាំ​ដល់​ពេល​ភ្លឺ​ឡើង ក្រុម​គ្រឿងចក្រ​របស់​លោក​ឡោក ​ហ៊ួ​ ដកថយ​ទៅ​លាក់​ក្នុង​ព្រៃ​បាត់​អស់។ ក្នុង​ករណី​នេះ​ លោក​អភិបាល​ខេត្ត​កណ្តាល​ក៏​បាន​ដឹង​ដែរ ​ហើយ​បាន​បញ្ជា​មក​អភិបាលស្រុក​កៀនស្វាយ​ចុះ​អន្តរាគមន៍​ឃាត់​គ្រឿង​ចក្រ​របស់​ក្រុម​លោក ​ឡោក ហ៊ួ ផង​ដែរ តែ​ហាក់​គ្មាន​ប្រសិទ្ធភាព។ និយាយ​រួម​ លោក​ ឡោក​ ហ៊ួ​ ស្តាប់​ចូល​ត្រចៀក​ខាង​ស្តាំ ចេញទៅ​ត្រចៀក​ខាងឆ្វេង។

នៅ​ពេល​រដ្ឋអំណាច​ស្រុក​ចេញ​ផុត គ្រឿងចក្រ​លោក​ ឡោក ​ហ៊ួ​ ចេញ​ធ្វើ​សកម្មភាព​ដដែល​ទំហំ​ នៃ​ការទន្ទ្រាន​យក​ដី​បឹង​រដ្ឋ​ និង​ដី​រាស្ត្រ​ពី​សំណាក់​លោក ឡោក ហ៊ួ​ តាម​ការ​ប៉ាន់ស្មាន​មិន​តិច​ជាង​៦.០០០​ហិកតា​នោះ​ទេ។ ក្នុង​នោះ រំលោភ​យក​ដី​របស់​អង្គការ​កាំ​ហ្វី​ត ចំនួន​១.០០០​ហិកតា​ផង​ដែរ​។

សង្គ្រាម​ដីធ្លី​រវាង​លោក​ ឡោក ​ហ៊ួ​ ជាមួយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​កៀនស្វាយ និង​ស្រុក​ស្អាង ក្នុង​ស្ថានភាព​ពេលនេះ​ ទាមទារ​ឲ្យ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​ចេញ​មុខ​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ ​ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ជូន​រាស្ត្រ បើ​ពុំ​នោះ​ទេ​ ជំងឺ​រ៉ាំរ៉ៃ​នេះ​ នឹង​ក្លាយ​ទៅ​ជា​ជំងឺ​មហារីក​មិន​អាច​វះកាត់ ឬ​ព្យាបាល​ជា​បាន​ឡើយ៕ពលរដ្ឋ​រងគ្រោះ​ដីធ្លី ​រង់ចាំ​ពន្លឺ​យុត្តិធម៌​ពី​លោក​អភិបាលខេត្ត​កណ្ដាល​

ពលរដ្ឋ​រងគ្រោះ​ដីធ្លី ​រង់ចាំ​ពន្លឺ​យុត្តិធម៌​ពី​លោក​អភិបាលខេត្ត​កណ្ដាល​