អាណិកជន​ខ្មែរអាមេរិក​ម្នាក់ ​បាន​គាំងបេះដូង​ស្លាប់​ ពេល​បញ្ជូន​ទៅ​ពេទ្យ​

អាណិកជន​ខ្មែរអាមេរិក​ម្នាក់ ​បាន​គាំងបេះដូង​ស្លាប់​ ពេល​បញ្ជូន​ទៅ​ពេទ្យ​



​ភ្នំពេញ ៖ បុរស​ជា​អណិកជន​ខ្មែរ-អាមេរិក​ម្នាក់​ បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បាន​ពាក់​កណ្ដា​ល​ផ្លូវ ដែល​ការ​ស្លាប់​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ និង​គ្រូពេទ្យ​បញ្ជាក់​ថា បណ្ដាល​មកពី​គាំងបេះដូង​​ ហើ​យ​គាត់​តែងតែមាន​អាការៈ​បែបនេះ​យូរ​មក​ហើយ​ តែ​ពេល​កន្លង​មក​ចេះតែ​សង្គ្រោះ​ទាន់​ពេល​វេលា រហូត​មកដល់ពេលនេះ​ដោយសារ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក​ទើប​មិនអាច​សង្គ្រោះ​បាន​ឡើយ​។​

ហេតុការណ៍​នេះ ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១៩​ព្រលប់​ថ្ងៃទី​២៩​ ខែមេសា​ ឆ្នាំ​២០១៦​ នៅ​ចំណុ​ច​ផ្ទះ​ដន្លង​របស់​គាត់​ក្នុងភូមិ​ព្រៃ​កំបុត​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែនជ័យ​។

​ជនរងគ្រោះ​មាន ឈ្មោះ​ កាប់ កន ភេទ​ប្រុស ​អាយុ៥៤​ឆ្នាំ ​ជា​អាណិកជន​ខ្មែរ ​រស់នៅ​សហរដ្ឋអាមេរិ​ក​ មាន​ប្រពន្ធក្រោយ​ ឈ្មោះ​ ឃឹម សុធា​ អាយុ​៣៧​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ ​ស្នាក់នៅ​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​ និង​មាន​ស្រុកកំណើត​នៅ​ឯ​ខេត្តពោធិ៍សាត់​។​

បើ​តាម​សាច់ញាតិ​នៃ​សព​បាន​ឲ្យ​ដឹង​ថា ​បុរស​រូប​នេះ​គាត់​មាន​ប្រពន្ធដើម​នៅ​ឯ​សហរដ្ឋអាមេរិក​ឯ​ណោះ ​តែ​គាត់​បាន​មក​លេង​ស្រុក​ខ្មែរ​ ដែល​ជា​ស្រុកកំណើត​របស់​ខ្លួន ​ដោយ​បាន​ស្នាក់នៅ​ជាមួយ​ដន្លង​ និង​ប្រពន្ធក្រោយ​របស់​គាត់​ តែ​គាត់​តែងតែមាន​អាការៈ​ជំងឺ​ថប់ដង្ហើម​ពោល​គឺ​ពិបាក​ដកដង្ហើម​។ នៅ​ពេល​ជំងឺ​របស់​គាត់​ធ្វើទុក្ខ​ម្ដងៗ​បងប្អូន​ និង​ក្រុម​គ្រួសារ ​តែង​យក​គាត់​ទៅ​ពេទ្យ​ជាប្រចាំ​។​

ដូច​គ្នា​នេះ​ដែរ ​នៅមុន​នោះ​គាត់​មាន​អាការៈ​បែបនេះ​ដែរ​ នៅពេល​មកដល់​មន្ទីរពេទ្យ​បន្ទាប់ពី​ពិនិត្យ​និង​ព្យាបាល​រួចមក​គាត់​ក៏​បាន​ធូរស្បើយ​ឡើងវិញ ប៉ុន្តែ​រហូតមកដល់​ម៉ោង​កើតហេតុ​អាការៈ​រោគ​រប​ស់​គាត់​បាន​ចាប់ផ្ដើម​រើ​ឡើងវិញ​ម្ដងទៀត ​ទើប​ក្រុម​គ្រួសារ​បាន​នាំ​គាត់​មក​ពេទ្យ​ឯកជន​ចោមចៅ ​តែ​ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​អ្នក​ជំងឺ​ធ្ងន់ធ្ងរ​ ហើយ​ខាង​ពេទ្យ​របស់​លោក​គ្មាន​លទ្ធភាព​មើល​ទេ​។​

ប្រភព​បន្ត​ថា ​នៅ​ពេល​ឮ​គ្រូពេទ្យ​និយាយ​បែបនេះ​ក្រុម​គ្រួសារ​បាន​ដឹក​មកកាន់​មន្ទីរពេទ្យ​នៅក្នុង​ក្រុង​ភ្នំពេញ ​តែ​នៅពេល​ដឹក​មិនទាន់​ដល់​មកដល់​ពេទ្យ​ផង​ ក៏​​ដាច់ខ្យល់​ស្លាប់​តែម្ដង​។​

ចំពោះ​ករណី​ស្លាប់​ពាក់ព័ន្ធ​នឹង​អាណិកជន​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នគរបាល​ក្រុង​ចុះ​ទៅ​ពិនិ​ត្យ​ឡើងវិញ ​ទើប​ដឹក​សព​មក​តម្កល់ទុក​រង់ចាំ​ក្រុម​គ្រួសារ​មក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អាណិកជន​ខ្មែរអាមេរិក​ម្នាក់ ​បាន​គាំងបេះដូង​ស្លាប់​ ពេល​បញ្ជូន​ទៅ​ពេទ្យ​