សំ វ៉ាន់ដេត ៖ គ្មាន​អ្វី​ចម្លែក​ទេ ដែល​ចាញ់​ក្រុម​ទ័ព ៥-១

លោក សំ វ៉ាន់ដេត ​គ្រូ​បង្វឹក​ក្រុម​ព្រះ​ខ័នរាជ​ស្វាយ​រៀង ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Facebook ​របស់​លោក​ថា វា​គ្មាន​អ្វី​ប្លែក​ទេ ​នៅ​ពេល​ដែល​ក្រុម​របស់​លោក​ចាញ់​ក្រសួង​ការពារ​ជាតិ​ ៥-១ ​ហើយ​នេះ​គ្រាន់​តែ​ជា​ការ​បរាជ័យ​មួយ​ដែល​យើង​ទទួល​យក​ការ​ពិត ហើយ​នឹង​ធ្វើ​ឱ្យ​បាន​ល្អ​នៅ​ប្រកួត​បន្ត។

 

សំ វ៉ាន់ដេត ៖ គ្មាន​អ្វី​ចម្លែក​ទេ ដែល​ចាញ់​ក្រុម​ទ័ព ៥-១សំ វ៉ាន់ដេត ​គ្រូ​បង្វឹក​ក្រុម​ព្រះ​ខ័នរាជ​ស្វាយ​រៀង

 

គ្មាន​នរណា​ស្មាន​ដល់​ដែល​ក្រុម​ខ្លាំង​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ចាញ់​ក្រុម​ក្រសួង​ការពារ​ជាតិ​ដោយ​លទ្ធផល ៥-១ ​នៅ​ក្នុង​ដី​ខ្លួន​ឯង​ កាល​ពី​ល្ងាច​ម្សិលមិញ​នេះ។ ប៉ុន្តែ​វា​បាន​កើត​ឡើង​ទៅ​ហើយ ដោយ​ក្រុម​របស់​លោក​ទេព ឡុងរចនា ​ពិត​ជា​ធ្វើ​បាន​ល្អ​មែន ដោយ​លេង​សហការ​គ្នា​បាន​សឹង​តែ​គ្រប់​តំបន់។

 

បរាជ័យ​ប្រកួត​ដំបូង​នេះ​ដែរ លោក សំ វ៉ាន់ដេត ​គ្រូ​បង្វឹក​ស្វាយ​រៀង​បាន​បង្ហាញ​អារម្មណ៍​ដែរ​ថា​៖ “​វា​គ្មាន​អ្វី​ប្លែក​ទេ​ គ្រាន់​តែ​ជា​ការ​បរាជ័យ​មួយ​ដែល​យើង​ទទួល​យក​ការ​ពិត​ ហើយ​យើង​នឹង​ធ្វើ​អោយ​បាន​ល្អ​នៅ​ប្រកួត​បន្ត​ទៀត​។អរគុណ​ពួក​អ្នក​ដែល​ធ្វើ​អោយ​ពួកយើង​យល់​ពី​ស្រមោល​អាក្រក់​ខ្លួន​ឯង។ សុំទោស​ បងប្អូន​ស្វាយរៀង​ខ្ញុំ​ពិត​ជា​ធ្វើ​អោយ​បងប្អូន​មិន​សប្បាយចិត្ត”។

 

៥​គ្រាប់​របស់​ក្រុម​ក្រសួង​ការពារ​ជាតិ​កាល​ពី​ម្សិលមិញ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្រុម​ស្វាយ​រៀង​ស្ងាត់​មាត់​នោះ ធ្វើ​បាន​ដោយ​កីឡាករ​ Kim Kyong Hon ២​គ្រាប់ Cheo Myong Ho ​មួយ​គ្រាប់ ​កីឡាករ​ ភួង ​សុខសាណា ១​គ្រាប់​និង​ការ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​របស់ ណុប តុលា ​មួយ​គ្រាប់។ ខណៈ​ដែល​មួយ​គ្រាប់​របស់​ក្រុម​ស្វាយ​រៀង​រក​បាន​ដោយ សំអឿន ពិដោរ៕

អត្ថបទ៖ មុន្នី រម្យ