បច្ចុប្បន្ន​ទ្រព្យសកម្ម​វិស័យ​មីក្រូហិរញ្ញវត្ថុ កើនឡើង​ដល់ ១៤,៦២៦ ប៊ី​លាន​រៀល​

បច្ចុប្បន្ន​ទ្រព្យសកម្ម​វិស័យ​មីក្រូហិរញ្ញវត្ថុ កើនឡើង​ដល់ ១៤,៦២៦ ប៊ី​លាន​រៀល​



ភ្នំពេញ ​៖ បច្ចុប្បន្ន​ទ្រព្យសកម្ម​វិស័យ​មីក្រូហិរញ្ញវត្ថុ បាន​វិវត្ត​ជា​លំដាប់ ដោយ​កើន​ឡើង​ដល់ ១៤,៦​២​៦ ប៊ី​លាន​រៀល ស្មើនឹង​១៨​ភាគរយ​របស់​គ្រឹះស្ថាន​ធនាគារ និង​កំពុង​ផ្តល់​ឥណទាន ដល់​ប្រជាពល​រដ្ឋ​ប្រមាណ ២,២​លាន​នាក់ ព្រមទាំង​បាន​ផ្តល់​សេវា​សន្សំ ដល់​ប្រជាជន​ប្រមាណ​១.៥​លាន​នាក់​។​

របាយការណ៍​នេះ ​ត្រូវ​បាន​បង្ហាញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ចុះ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦ ដែ​ល​បាន​ប្រកាស​អំពី​ការ​គ្រោង​នៃ​ការរៀបចំ​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច លើក​ទី​៣ ប្រចាំឆ្នាំ​២០១៦ លើ​ប្រធានបទ​ស្ដីពី «​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ៖ កាលានុវត្តភាព និង​ហានិភ័យ​» នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៦ ខាងមុខ​។

ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការរៀបចំ​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច លើក​ទី​៣ ស្ដីពី «​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​នេះ ធ្វើឡើង​ដើម្បី​ទទួល​បាន​ធាតុ​ចូល​បន្ថែម ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ពី​មជ្ឈដ្ឋាន ស្រាវជ្រាវ​ក្នុង​ការ​បន្ត​ពង្រឹង ស្ថិរភាព និង​ការ​អភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ឲ្យ​នៅតែ​បន្ត មាន​ភា​ព​រឹងមាំ និង​ប្រកបដោយ​ចីរភាព​។ លើស​ពី​នេះ ធនាគារជាតិ​បាន​លើក​ឡើង​ថា បន្ទាប់ពី​ការ​អនុម័ត ច្បាប់ ស្ដីពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ នៅ​ឆ្នាំ​១៩៩៩ វិស័យ​មីក្រូហិរញ្ញវត្ថុ​ត្រូវ​បាន​អភិវឌ្ឍន៍​ជា​លំដាប់ បច្ចុប្បន្ន​ទ្រព្យ​សកម្ម​វិស័យ​មីក្រូហិរញ្ញវត្ថុ ត្រូវ​បាន​វិវត្ត​ជា​លំដាប់ ដោយ​កើន​ឡើង​ដល់ ១៤,៦​២៦ ប៊ី​លាន​រៀល ស្មើនឹង​១៨​ភាគរយ​របស់​គ្រឹះស្ថាន​ធនាគារ និង​កំពុង​ផ្តល់​ឥណទាន ដល់​ប្រជាពល​រដ្ឋ​ប្រមាណ ២,២​លាន​នាក់ ព្រមទាំង​បាន​ផ្តល់​សេវា​សន្សំ ដល់​ប្រជាជន​ប្រមាណ​១.៥​លាន​នាក់​។

គួរ​បញ្ជាក់​ថា កាល​ពី​ពេល​ថ្មីៗ​នេះ ធនាគារជាតិ​នៃ​កម្ពុជា ​ក៏​បាន​ប្រារព្ធ​សន្និសីទ​ជាតិ មីក្រូហិរញ្ញវត្ថុ​លើក​ទី​២ ក្រោម​អធិបតីភាព​ដ៏​​ខ្ពង់ខ្ពស់​ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​អបអរសាទរ​ការ​រីក​ចម្រើន​វិស័យ​មីក្រូហិរញ្ញវត្ថុ​ក្នុង​រយៈ​ពេល ១​០​ឆ្នាំ ចុងក្រោយ​នេះ​។

ទន្ទឹម​នឹង​ការ​រីកចម្រើន​ក្នុង​រយៈ​ពេល​ជាង​២​ទសវត្សរ៍​កន្លង​មក​នេះ វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ក៏​បាន​ប្រឈម​នឹង​ការ​កើនឡើង​នៃ​ហានិភ័យ​ផង​ដែរ ប៉ុន្តែ​ដើម្បី​គ្រប់គ្រង​ហានិភ័យ​ធនាគារជាតិ បាន​ពង្រឹង​ជាប្រចាំ​លើ​ក្របខណ្ឌ​ច្បាប់ និង​បទប្បញ្ញត្តិ ព្រមទាំង​ពិនិត្យ​លើ​វិស័យ​នេះ ដើម្បី​បន្ត​រក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព​នៃ​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ ជាមួយគ្នា​នេះ ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​អ​ញ្ជើញ​អ្នកជំនាញ សេដ្ឋវិទូ និង​អ្នកស្រាវជ្រាវ ដើម្បី​ធ្វើការ​ស្រាវជ្រាវ ជុំវិញ​ប្រធានបទ​ខាង​លើក​នេះ បេក្ខជន ​ដែល​មាន​ចំណាប់អារម្មណ៍ អាច​ផ្ញើ​សំណើ​ស្រាវជ្រាវ ភ្ជាប់​មក​ជា​មួយ​នូវ​ប្រវត្តិរូប​សង្ខេប (CV) មកកាន់​អគ្គនាយកដ្ឋាន​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ឲ្យ​បាន​មុន​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២​០​១៦៕