អេនឌី ខឹង​​អ្នក​ជំនាន់​ក្រោយ យក​បទ​លោក​មក​ច្រៀង​គ្មាន​សុំ​ការ​អនុញ្ញាត

នៅ​ព្រឹក​នេះ តារា​ចម្រៀង និង​សម្ដែង អេនឌី បាន​ប្រាប់ Sabay ថា លោក​មាន​ការ​អន់​ចិត្ត​ខ្លាំង ក្រោយ​ពី​បទ​ចម្រៀង​របស់​លោក​មួយ​បទ​មាន​ចំណង​ជើង​ថា “នឹក​បង​៥០%​ផង” ត្រូវ​ផលិតកម្ម​ក្នុង​ស្រុក​មួយ​យក​មក​ច្រៀង និង​ថត​ជា​វីដេអូ​ចម្រៀង​ដោយ​មិន​សុំ​ការ​អនុញ្ញាត​ពី​លោក។

 

បទ “នឹក​បង​៥០%​ផង” លោក អេនឌី ប្រាប់​ថា​លោក​បាន​និពន្ធ និង​ច្រៀង​ដោយ​ខ្លួន​ឯង កាល​ពី​ប្រមាណ​១០​ឆ្នាំ​មុន។ ឥឡូវ​បទ​នេះ ត្រូវ​បាន​ផលិតកម្ម នេត្រា យក​មក​ថត​ជា​វីដេអូ​ចម្រៀង ដែល​ច្រៀង​ដោយ​លោក ពៅ ពេជ្រ។ បញ្ហា​នេះ​សាមី​ខ្លួន អេនឌី បាន​បញ្ជាក់​ថា លោក អន់​ចិត្ត​យ៉ាង​ខ្លាំង​លើ​រឿង​នេះ។

 

អេនឌី ខឹង​​អ្នក​ជំនាន់​ក្រោយ យក​បទ​លោក​មក​ច្រៀង​គ្មាន​សុំ​ការ​អនុញ្ញាត

បទ “នឹក​បង​ ៥៦០% ផង” របស់​ អេនឌី

 

“បទ​នេះ គឺ​ជា​បទ​របស់​ខ្ញុំ​ផ្ទាល់ និង​តែង​ទំនុក​ច្រៀង​ដោយ​ខ្ញុំ​បាទ​ផ្ទាល់ លំនាំ​បទ​បរទេស តែ​បែរ​ជា​ត្រូវ​ប្អូន ពៅ ពេជ្រ ជា​តារា​ចម្រៀង​ថ្មី​គាត់​យក​ច្រៀង​បទ​របស់​ខ្ញុំ​មក​ច្រៀង​ហើយ​ថត MV ធ្វើ​ព្រងើយ ដោយ​គ្មាន​សុំ​ការ​អនុញ្ញាត​ពី​ខ្ញុំ​មួយ​ម៉ាត់​សោះ តើ​សមរម្យ​រឺ​អត់​? “។

 

តារា​ប្រុស​រូប​នេះ បន្ត​ថា បើ​ទោះ​ជា​យក​ទៅ​ច្រៀង​ក៏​ដោយ ប៉ុន្តែ​បើ​ត្រឹម​តែ​ច្រៀង​លើ​ឆាក​តន្ត្រី​អី​នោះ លោក​មិន​ប្រកាន់​ទេ។ “បើ​គាត់​យក​មក​ថត​ច្រៀង​ធម្មតា រឺ​ច្រៀង​តាម​ស្ថានីយ​ទូរទស្សន៍​ផ្សេង​ៗ នោះ​ខ្ញុំ​មិន​ថា​អី​ទេ តែ​នេះ​គាត់​ចំលង​ទាំង​ទំនុក​ហើយ​ថត​ជា MV ទៀត ដូច​វា​ហួស​ហេតុ​ពេក​ហើយ…!។

 

លោក អេនឌី ដែល​បច្ចុប្បន្ន​កំពុង​ដើរ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​នោះ បាន​បញ្ជាក់​ទៀត​ថា លោក​ក៏​មិន​ថា​អី​ដែរ ប្រសិន​ផលិតកម្ម​ខាង​លើ ចង់​ធ្វើ​បទ​នេះ​សារ​ជា​ថ្មី​ឡើង​វិញ ដោយ​គ្រាន់​តែ​និពន្ធ​ទំនុក​ច្រៀង​ថ្មី​ដោយ​ខ្លួន​ឯង​ទៅ​បាន​ហើយ ព្រោះ​បទ​ភ្លេង​មិន​មែន​ជា​របស់​លោក​និពន្ធ​ទេ ឬ​ហោច​ណាស់ ក៏​គួរ​សុំ​សិទ្ធិ​ពី​លោក​មួយ​ម៉ាត់​ក៏​បាន ប្រសិន​មិន​ចង់​ចំណាយ​ពេល​និពន្ធ​ទំនុក​ថ្មី។

 

“វា​មិន​ត្រឹម​ត្រូវ ព្រោះ​វា​ជា​គំនិត​របស់​ខ្ញុំ​ទាំង ខ្ញុំ​មិន​សប្បាយ​ចិត្ត​នឹង​ទង្វើ​ខុស​ឆ្គង​របស់​ប្អូន​ទេ គួរ​ពិចារណា​ឡើង​វិញ​ផង តើ​សាក​សម​រឺ​អត់ ដែល​ប្អូន​ធ្វើ​របៀប​នេះ? ហើយ​លោក​ដែល​ជា​ម្ចាស់​ផលិតកម្ម ហេតុ​អី​គាត់​អាច​ធ្វើ​ទៅ​រួច ខ្ញុំ​ដូច​ជា​ឆ្ងល់​ដល់​ហើយ គាត់​មាន​គិត​ខ្លះ​ដែរ​អត់​ ថា​ខុស​រឺ​ត្រូវ​នោះ? ( គំនិត​គួរ​ពិចារណា)។ អេនឌី បន្ថែម។

 

អេនឌី ខឹង​​អ្នក​ជំនាន់​ក្រោយ យក​បទ​លោក​មក​ច្រៀង​គ្មាន​សុំ​ការ​អនុញ្ញាត

បទ “នឹក​បង៥០%​ផង” ថត​ជា​វីដេអូ​ចម្រៀង​ថ្មី​ដោយ​ផលិតកម្ម នេត្រា

យ៉ាង​ណា​បញ្ហា​នេះ​ដដែល អេនឌី បញ្ជាក់​ទៀត​ថា លោក​មិន​សប្បាយ​ចិត្ត​ខ្លាំង ព្រោះ​ថា បញ្ហា​ខាង​លើ បាន​ធ្វើ​​ឲ្យ​ប៉ះ​ពាល់​ដល់​ផែន​ការ​ធំ​របស់​លោក​ ចំពោះ​បទ​ចម្រៀង​តែ​មួយ​គត់​ដែល​លោក​និពន្ធ​ដោយ​ខ្លួន​ឯង កាល​គ្រា​ដែល​លោក​​បាន​ជួប​ប្រទះ​ស្នេហា​គ្រា​ដំបូង។ “ខ្ញុំ​កំពុង​និយាយ​ជាមួយ​ផលិតកម្ម​មួយ ដើម្បី​ចេញMVហើយ​គេ​កំពុង​រក​នឹក​សាច់​រឿង ព្រោះ​ខ្ញុំ​ចង់​ធ្វើ​អោយ​វា​ល្អ​បំផុត ទាំង​តួ​សំដែង​ស្រី​ផង​ដែរ កំពុង​រក​នឹក​តែ​ឥឡូវ​មក​លួច​យើង​ស្រស់​ៗ អញ្ចឹង​មិន​ដឹង​និយាយ​យ៉ាង​ម៉េច”។

 

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ ភាគី​ខាង​ផលិតកម្ម នេត្រា មិន​ទាន់​អាច​ទំនាក់ទំនង​សុំ​ការ​អធិប្បាយ​បាន​ទេ​នៅ​ព្រឹក​នេះ៕

 

 

 

អេនឌី ខឹង​​អ្នក​ជំនាន់​ក្រោយ យក​បទ​លោក​មក​ច្រៀង​គ្មាន​សុំ​ការ​អនុញ្ញាត

 

អេនឌី ខឹង​​អ្នក​ជំនាន់​ក្រោយ យក​បទ​លោក​មក​ច្រៀង​គ្មាន​សុំ​ការ​អនុញ្ញាត

 

អេនឌី ខឹង​​អ្នក​ជំនាន់​ក្រោយ យក​បទ​លោក​មក​ច្រៀង​គ្មាន​សុំ​ការ​អនុញ្ញាត

អេនឌី និង​មិត្តភក្ដិ ក្នុង​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន(រូបថត៖ ផ្ដល់​ដោយ អេនឌី)

 

 

អត្ថបទ៖ ទារិកា