ចាប់​ខ្លួន​មន្ត្រី​​សិទ្ធិ​មនុស្ស​​៤​រូប​​និង​​មន្ត្រីគ.ជ.ប.​១​រូប ពី​បទ​ចោទ​ដ៏​«អាថ៌កំបាំង»

តើការចាប់ខ្លួន មន្ត្រីរបស់សមាគមអាដហុកទាំងបួននាក់ និងមន្ត្រី គ.ជ.ប ដែលពាក់ព័ន្ធនឹងអំពើពុករលួយ ទាក់ទងនឹងបទចោទអ្វី? នៅពេលនេះ គ្មាននរណាដឹងឡើង បើសូម្បីលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយខ្លួនលោក ក៏ហាក់ដូចជាចង់លាក់ទុក ពីបទចោទនេះសិន មិនព្រមបញ្ចេញឲ្យក្រុមអ្នកសារព័ត៌មានដឹងឡើយ។

«ខ្ញុំនិយាយមុនមិនបាន នៅមុនម៉ោង» នេះជាសំដី របស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រ ទី២៩ ខែមេសានេះ ដើម្បីចង់ដឹងពីបទចោទណាមួយ ដែលអាចឈានទៅធ្វើការចាប់ខ្លួនមន្ត្រី របស់សមាគមអាដហុក៤នាក់ និងមន្ត្រី អគ្គលេខាធិការរង របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតមួយនាក់។ លោក យ៉ិនទៀង បានអះអាងទៀតថា រហូតលុះត្រាតុលាការទទួលធ្វើការចោទប្រកាន់ នោះលោកនឹងធ្វើសន្និសីទសារព័ត៌មានប្រកាសប្រាប់ ហើយនឹងសរសេរជាលាយលក្ខណ៍អក្សរបន្ថែមទៀត។

ចម្លើយរបស់លោក ឱម យ៉ិនទៀង បានបង្កនូវភាពមន្ទិល ទាក់ទងនឹងការចាប់ខ្លួន ឬការបង្ខាំងសេរីភាពមនុស្ស ក្នុងនាមជាពលរដ្ឋ ដោយ«ខុសច្បាប់» ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយរបស់លោក។ ប៉ុន្តែយ៉ាងហោចណាស់ លោកប្រធានអង្គភាពរូបនេះ បានបង្ហើយបន្តិចថា ការឃាត់ខ្លួនទាំងនេះ ដោយយោងទៅតាមមាត្រា «ណាមួយ» នៃច្បាប់ប្រឆាំងអំពើពុករលួយ និងដោយសារចម្លើយ របស់អ្នកទាំងប្រាំ មានលក្ខណៈ«ស៊ីចង្វាក់»គ្នា ជាមួយនឹងភស្ដុតាង និងចម្លើយរបស់អ្នកដទៃទៀត។

ចាប់​ខ្លួន​មន្ត្រី​​សិទ្ធិ​មនុស្ស​​៤​រូប​​និង​​មន្ត្រីគ.ជ.ប.​១​រូប ពី​បទ​ចោទ​ដ៏​«អាថ៌កំបាំង»ផ្លាកសញ្ញា របស់អង្គភាពប្រឆាំងអំពើពុករលួយ។ (រូបថត MONOROOM.info/ D. KEO)

ក្នុងចំណោមមនុស្សទាំងប្រាំ មានមន្ត្រីសិទ្ធិមនុស្ស មកពីសមាគមអាដហុក ៤នាក់ (លោក នី សុខា – លោក យី សុខសាន្ត – លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី) និងអគ្គលេខាធិការរង មកពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺលោក នី ចរិយា។ អ្នកទាំងប្រាំរូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការឃាត់ខ្លួន កាលពីយប់ថ្ងៃទី២៨ ខែមេសា រាប់ចាប់តាំង ពីម៉ោង២០មក នៅក្នុងសំនុំរឿង«កឹម សុខា-ស្រីមុំ» បន្ទាប់ពីលិខិតចំហរមួយ របស់នាង ខុម ចាន់តារាទី ហៅ ស្រីមុំ ត្រូវបានផ្សាយចេញ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ នាង ចាន់តារាទី បានសរសេរចោទមន្ត្រីទាំងនេះ ថាបានលួងលោមឲ្យនាង និយាយកុហក ឬធ្វើសាក្សីក្លែងក្លាយ ទៅឲ្យតុលាការ ទាក់ទងនឹងទំនាក់ទំនងស្នេហា ដ៏គួរឲ្យសង្ស័យ រវាងរូបនាង និងលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ។

អតីតមន្ត្រីច្បាប់ចាស់វស្សាមួយរូប ពីប្រទេសកម្ពុជា លោក ព្រហ្ម គិត បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ការប្រកាសឃាត់ខ្លួន នៅបន្ទាប់ពីការសាកសួរនោះ ជាទង្វើខុសនិតិវិធីច្បាប់ របស់អង្គភាពប្រឆាំងអំពើពុករលួយ និងជាកង្វះខាតដ៏ធំ នៅក្នុងប្រព័ន្ធអនុវត្តច្បាប់ របស់ប្រទេសកម្ពុជាសព្វថ្ងៃ។ មន្ត្រីចូលនិវត្តន៍រូបនេះ បានពន្យល់ថា៖ «អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ នៅក្នុងលិខិតកោះហៅ អស់លោកទាំងប្រាំនាក់ ថាគ្រាន់តែឲ្យចូលខ្លួន ដើម្បីអង្គភាពស្ដាប់ចម្លើយប៉ុណ្ណោះ។ តែនៅពេលអ្នកទាំងនោះ ឈានជើងជាន់អង្គភាព ៗមិនបញ្ជាក់ឲ្យច្បាស់ ថាការផ្ដល់ចម្លើយនោះ ក្នុងនាមអ្វី? ក្នុងនាមសាក្សី ឬក្នុងនាមជនសង្ស័យ?»

លោក ព្រហ្ម គិត បានបញ្ជាក់ទៀតថា៖ «ទីមួយ បើក្នុងនាមជាសាក្សី អង្គភាពត្រូវប្រាប់ឲ្យអ្នកទាំងប្រាំ ត្រឡប់ទៅផ្ទះវិញសិន ដើម្បីបញ្ជៀសការបង្ខាំងមនុស្ស ទាំងមិនដឹងហេតុផល និងចាំបាច់ត្រូវត្រឡប់ ទៅចាប់ខ្លួនមនុស្សទាំងនេះតាមក្រោយវិញ  បើរកឃើញថា អ្នកទាំងនោះពិតជាជនសង្ស័យ។ ទីពីរ បើក្នុងនាមជាជនសង្ស័យ ដូច្នេះការឃាត់ខ្លួន ត្រូវរាប់ចាប់តាំងពីម៉ោងដំបូង ពីនាទីដំបូង ដែលជនទាំងប្រាំ បានឈានជើងចូលក្នុងអង្គភាព និងត្រូវមានបទចោទច្បាស់លាស់ ថាឃាត់ខ្លួនគេពីរឿងអ្វី។ បទចោទនេះ ត្រូវប្រកាសប្រាប់សាមីខ្លួន មុននឹងធ្វើការចាប់ខ្លួន។ ហើយតំណាងការពារខ្លួនខាងផ្លូវច្បាប់ របស់សាមីខ្លួន (មេធាវី) ក៏ត្រូវដឹងពីបទចោទនេះដែរ។»

លោក ព្រហ្ម គិត បានសង្ស័យថា អង្គភាពប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយលោក ឱម យ៉ិនទៀង មិនបានធ្វើការស៊ើបអង្កេតអ្វី ឲ្យបានហ្មត់ចត់ឡើយ នៅមុនការកោះហៅជនទាំងនេះ ចូលទៅសាកសួរ។ លោកបានពន្យល់បន្ថែមថា៖ «ហេតុអ្វីបានជាខ្ញុំ ដាក់ការសង្ស័យដូច្នេះ? ព្រោះហៅគេចូលទៅហើយ ឲ្យគេនៅរង់ចាំខ្លួន ដើម្បីធ្វើការថ្លឹងថ្លែង ជាមួយចម្លើយអ្នកដទៃ។ ការកំណត់ឲ្យគេរង់ចាំ រហូតលុះត្រាពេលចាប់ខ្លួន នៅក្នុងទីកន្លែងខ្លួននេះ ជាទង្វើបង្ខាំងមនុស្ស ដោយខុសច្បាប់។»៕

ប្រភពៈ monoroom