បទល្មើស​កាប់​ឈើ​នៅ​តំបន់ភ្នំ​ក្រហម ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី នៅតែ​កើតមាន​យ៉ាង​រាលដាល​

លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តរតនគិរី ក៏ដូចជា​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ត្រូវ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ រិះគន់ថា​មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នោះទេ​។ ជាក់ស្ដែង​ថ្មីៗ​នេះ​សកម្មភាព​កាប់​ឈើ​នៅ​តំបន់​ព្រំដែន​ចំណុច​ភ្នំ​ក្រហម ប៉ុស្ដិ៍​ហ្វា​តាម ស្រុក​អណ្ដូង​មាស កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​នៅពេល​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​២​នាក់​រាយការណ៍​បញ្ហា​នេះ បែរជា​ត្រូវ​ទទួលរង​នូវ​ការ​គំរាម​ដុត​ផ្ទះ​ទៅវិញ​។ ដូច្នេះ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​កុំ​ឲ្យ​ក្រុម​ជនល្មើស​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ពួកគាត់​តែងតែ​ចុះទៅ​រាយការណ៍​ពី​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ ហើយ​ឃើញ​មន្ត្រី​សមត្ថកិច្ច​ប្រចាំការ​នៅ​ប៉ុស្ដិ៍​ហ្វា​តាម និង​មន្ត្រី​កងរាជអាវុធហត្ថ​៣​នាក់​ចូលរួម​កាប់​ឈើ​នៅ​ចំណុច​ភ្នំ​ក្រហម​ផងដែរ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ពួកគេ​ឃុបឃិត​គ្នា​កាប់​ឈើ​ក្នុង​តំបន់ភ្នំ​ក្រហម​នៅពេល​ថ្ងៃ ហើយ​ពេលយប់​មាន​ជនជាតិ​យួន​មក​ដឹកឈើ​ចេញពី​តំបន់​នោះ​យ៉ាង​រលូន​។ ដោយសារតែ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​រាយការណ៍​បញ្ហា​នេះ​ជា​បន្តបន្ទាប់ ទើប​មន្ត្រី​សមត្ថកិច្ច​គំរាម​ដុត​ផ្ទះ​និង​សម្លាប់​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​តែង​រាយការណ៍​រឿង​ពួកគេ​ធ្វើ​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​។

ទាក់ទង​បញ្ហា​ខាងលើនេះ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បានដាក់​ពាក្យបណ្ដឹង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី និង​ក្រសួងមហាផ្ទៃ​ឲ្យ​ចាត់វិធានការ​លើ​មេ​ប៉ុស្ដិ៍​ហ្វា​តាម ស្រុក​អណ្ដូង​មាស និង​បក្ខពួក​ផងដែរ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​ទេ​។ សកម្មជន​ព្រៃឈើ​នៅក្នុង​ខេត្តរតនគិរី ក៏បាន​ឲ្យ​ដឹង​ដែរ​ថា រយៈពេល​ប្រមាណ​២​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​តាម​ព្រំដែន​ក្នុងស្រុក​អណ្ដូង​មាស​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​កំពុង​បន្ត​កើតឡើង​ឥតឈប់ឈរ ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ហេតុនេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​និង​ចាត់វិធានការ​ទប់ស្កាត់​ខ្លះ​ផង ព្រោះ​បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​នៅ​តំបន់ភ្នំ​ក្រហម ព្រំដែន​កម្ពុជា​-​យួន ស្រុក​អណ្ដូង​មាស នៅតែ​កើតមាន​ឥតឈប់ឈរ ហើយ​សមត្ថកិច្ច​ព្រំដែន​ប្រព្រឹត្ត​បទល្មើស​ដោយ​ខ្លួនឯង​តែម្តង​៕

f34d90958e9f06ddffff0703330e8bf2 Hong-0185 Hong-0184