លោក មាគ វុ​ឌ្ឍី នាយក​គ្រប់គ្រង​តំបន់​អភិរក្ស​WCS ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​បំផ្លាញ​ព្រៃឈើ

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ក្រុម​ឈ្មួញ​បន្តសកម្មភាព​ដឹកឈើ​ប្រណីត​ចេញពី​តំបន់​អភិរក្ស​WCS យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដោយមាន​ការបើក​ដៃ​ពី​លោក មាគ វុ​ឌ្ឍី នាយក​គ្រប់គ្រង​តំបន់​អភិរក្ស​WCS ទើប​ឈ្មួញ​អាច​ដឹកឈើ​ចេញពី​តំបន់​នេះ​ឆ្លងកាត់​ស្រុក​កែវ​សីមា យ៉ាង​រលូន​។ ក្នុង​មួយថ្ងៃ​មាន​រថយន្ត​ដឹកឈើ​មិនតិចជាង​២០​គ្រឿង​ទេ ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ភូមិ​កា​ទី ហើយ​ភាគច្រើន​ជា​រថយន្ត​ឡង់​គ្រី​ស័​រ និង​រថយន្ត​កែច្នៃ​ត​ទ្រុង​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​WCS ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ឈ្មួញ​ធំៗ​រកស៊ី​ដឹកជញ្ជូន​ឈើ​ចេញពី​ភូមិ​កា​ទី ឆ្លងកាត់​ផ្លូវ​សាលាស្រុក​ចាស់ និង​ផ្លូវ​ស្រែ​អម្ពិល មាន​៣​នាក់​ដោយ​ពួកគេ​សហការគ្នា​បង់លុយ​ប្រចាំខែ​ឲ្យ​លោក មាគ វុ​ឌ្ឍី នាយក​គ្រប់គ្រង​តំបន់​អភិរក្ស​WCS​។ ជាងនេះទៅទៀត​ក្រុម​ឈ្មួញ​ក៏បាន​បង់លុយ​ជាប្រចាំ​ទៅ​ឲ្យ​លោក ជុ​យ សុឃាង នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាមផ្លូវ​ជាច្រើន​ស្ថាប័ន ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ចំណែក​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ទំនងជា​ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ទើប​បណ្ដោយ​ឲ្យ​បទល្មើស​បន្ត​កើតមាន​ឥតឈប់ឈរ​ដូច​សព្វថ្ងៃនេះ​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​កែវ​សីមា បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ឈ្មួញ​បាន​ដឹកឈើ​ទៅ​លក់​ឲ្យ​ម៉ូយ​នៅ​ច្រក​ឡា​បា​ខេ កាត់មុខ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា ហើយ​បន្ត​យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រក​ង៉ាំ​យូ​លិ​ត នៅក្រោយ​បន្ទាយ​បញ្ជាការ​អនុ​សេនា​ធំ​លេខ​២(​គ​២) ដែល​គ្រប់គ្រង​ដោយ​លោក ទៀ ខូវ​ម៉េង​។ ចំណែក​ឈ្មួញ​ខ្លះទៀត​ដឹកឈើ​តាម​ត្រពាំង​កំ​ផ្លោត ឡើងមក​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ​១៤០ យកទៅលក់​ឲ្យ​មន្ត្រី​យោធា​នៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​WCS ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​ដោយសារតែ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពុករលួយ​៕

13115517_1017519358341654_1180488815_n 13090469_1017519338341656_1566442713_n 13090452_1017519328341657_1685527567_n