​ច្រក​ត្រពាំង​ផ្លុ​ងរ​ង​ការរិះគន់​ថាបើ​កដៃ​ឲ្យ​រថយន្ត​យួន​ដឹកទំនិញ​ខូចគុណភាព​ចូល​ស្រុក​ខ្មែរ​

ច្រកទ្វារព្រំដែន​ត្រពាំង​ផ្លុ​ង ស្ថិត​ក្នុងស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា​បើកដៃ​ឲ្យ​រថយន្ត​យួន​ដឹកទំនិញ​ខូចគុណភាព​ឆ្លងដែន​យកមក​ចាក់ចោល​លើដី​ខ្មែរ ហើយ​ឲ្យ​រថយន្ត​ទាំងនោះ​ត្រឡប់​ចូល​ទឹកដី​យួន​វិញ​យ៉ាង​រលូន​។ ប្រភព​ដដែល​បាន​រិះគន់ថា មន្ត្រី​ជំនាញ​របស់​ខ្មែរ​មិនបាន​បំពេញការងារ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ ដែល​សកម្មភាព​នេះ​វា​បង្ហាញថា​ប្រទេស​ខ្មែរ​ប្រៀបបាន​នឹង​ធុងសំរាម​របស់​យួន​ដែល​អាច​យក​របស់​គ្មាន​គុណភាព​មក​បោះចោល​បាន​។​

​នៅ​ចុង​សប្តាហ៍​ប្រជាពលរដ្ឋ​ស្រុក​ពញាក្រែក​បានបញ្ជាក់​ថា​ក្រុម​អ្នកបើករថយន្ត កុងតឺន័រ​៦​គ្រឿង ដឹកទំនិញ ខូចគុណភាព​ពី​ប្រទេស​យួន មកចាក់​នៅ​តំបន់​សូន្យ ប៉ុស្តិ៍​ច្រកទ្វារព្រំដែន​ត្រពាំង​ផ្លុ​ង ហើយ​បញ្ឆេះ​រថយន្ត បំរុង​ត្រឡប់ ចូល​ប្រទេស​វិញ តែ​ត្រូវ​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ហាមឃាត់​ហៅ​ចូលមក​សាកសួរ​។ ប្រភព​ដដែល​បញ្ជាក់ថា ការហៅ​អ្នកបើកបរ​រថយន្ត​យួន​មក​សាកសួរ​ធ្វើឡើង​ក្រោយពី​មានការ​ស្តីបន្ទោស​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​យ៉ាងខ្លាំង​ថា សមត្ថកិច្ច​ជំនាញ​របស់​ខ្មែរ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មិនបាន​បំពេញការងារ​ការពារ​ផលប្រយោជន៍​របស់​ខ្មែរ​នោះទេ តែ​បែរជា​ឲ្យ​បរទេស​មក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ពួកគេ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់ថា ច្រើន​ករណី​ហើយ​ដែល​រថយន្ត​យួន​ដឹកទំនិញ​ខូចគុណភាព​ឆ្លងដែន​យកមក​ចាក់ចោល​ក្នុង​ដី​ខ្មែរ ហើយ​សមត្ថកិច្ច​ជំនាញ​មិនបាន​ទប់ស្កាត់ និង​ព្យាយាម​លាក់បាំង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ទំនិញ​ដែល​យួន​ដឹកយក​មកចាក់​ចោល​លើដី​ខ្មែរ​ភាគច្រើន​ជា​ផលិតផល​អេ​ឡិច​ត្រូ​និ​ច និង​ផលិតផល​គីមី​ផ្សេងទៀត​ដែល​ត្រូវ​ប្រើពេល​រាប់រយឆ្នាំ​ដើម្បី​រលាយ ឬ​បំបែក​ធាតុ​នៅក្នុង​ដី​។​

ច្រក​ត្រ​ពាំ​ផ្លុ​ង​នៅក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ត្រូវគេ​ដឹងថា​មិន​ត្រឹមតែ​បាន​បើកដៃ​ឲ្យ​រថយន្ត​យួន​ឆ្លងដែន​ដឹកទំនិញ​ខូចគុណភាព​ចូល​ដី​ខ្មែរ​នោះទេ តែ​ក៏បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ខ្មែរ​នាំចូល​ទំនិញគេចពន្ធ​ផងដែរ​។ ប្រជាពលរដ្ឋ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​បាន​បញ្ជាក់ថា រដ្ឋាភិបាល និង​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ​គប្បី​ត្រួតពិនិត្យ​ពី​ភាពមិនប្រក្រតី​នៅ​ច្រកទ្វារព្រំដែន​ត្រពាំង​ផ្លុ​ង​ឡើងវិញ​ផង ហើយ​បើ​នៅតែ​បណ្តែតបណ្តោយ​បន្តទៀត​ទំនិញ​ខូចគុណភាព និង​ទំនិញគេចពន្ធ​នៅតែ​បន្ត​ហូរ​ចូល​ដី​ខ្មែរ​ដដែល ហើយ​សមត្ថកិច្ច​តែងតែ​បង្ក្រាប​ក្រោយ​ការរិះគន់​របស់​ប្រជាពលរដ្ឋ​៕

866 867​    ​