រាស្ត្រម្ចាស់ឆ្នោតចង់ឃើញ​រដ្ឋសភា​នីតិកាល​ទី​៥​ដែល​មាន​២​គណបក្ស​មិនក្លាយទៅជា​”​សភា​ប្រថាប់ត្រា​”​ឲ្យ​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​

​រឿងរ៉ាវ​ប្លែកៗ​នៃ​របៀបរបប​ដឹកនាំ​ប្រទេស​នៅ​កម្ពុជា​បាន​កើត​មាន​ឡើង​រួច​មក​ហើយ​ ចាប់តាំងពី​បង្កើត​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​នា​ឆ្នាំ​១៩៩៣​ ដូច​ជា​ មាន​សហនាយករដ្ឋមន្ត្រី​(​នាយក​រដ្ឋមន្ត្រី​២)​ មាន​សហរដ្ឋមន្ត្រី​(​រដ្ឋមន្ត្រី​២)​ គណបក្ស​នយោបាយ​ចាញ់ឆ្នោត​ឡាំប៉ា​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ មានការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំនួន​២​លើក​ក្នុង​១​ឆ្នាំ​ មានការ​សម្រេចសេចក្តី​រំលោភ​បំពាន​លើ​អំណាចតុលាការ​ពី​សំណាក់​នាយក​រដ្ឋមន្ត្រី​ ថ្នាក់ដឹកនាំ​ស្ថាប័ន​ជាតិ​ ទាំង​ព្រឹទ្ធសភា​ ទាំង​រដ្ឋសភា​ ទាំង​នាយក​រដ្ឋមន្ត្រី​មាន​ទីប្រឹក្សា​ចំនួន​រាប់រយ​នាក់​ និង​នាយក​រដ្ឋមន្ត្រី​គំរាម​ដក​តំណែង​ថ្នាក់ដឹកនាំ​រដ្ឋសភា​ ដែល​មិន​ដង្ហែ​តាម​អារម្មណ៍​របស់​ខ្លួន​…​។​ល​។​ ទោះបី​មាត្រា​៥១​ថ្មី​ វាក្យខណ្ឌ​ទី​៤​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែង​ថា​ "​អំណាច​បែងចែក​ដាច់​ពី​គ្នា​រវាង​អំណាចនីតិប្បញ្ញត្តិ​ អំណាចនីតិប្រតិបត្តិ​ និង​អំណាចតុលាការ​"​ក៏​ដោយ​ ។​

​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា​ជា​តំណាង​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ ពុំ​មែន​គ្រាន់តែ​ជា​តំណាង​ប្រជាពលរដ្ឋ​ក្នុង​មណ្ឌល​របស់​ខ្លួន​នោះ​ទេ​ ។​ សមាជិក​រដ្ឋសភា​មាន​សិទ្ធិ​ផ្តួចផ្តើម​គំនិត​ធ្វើ​ច្បាប់​ ។​ រដ្ឋសភា​ដែល​ជា​អង្គការ​អំណាចនីតិបញ្ញត្តិ​មាន​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​ប្រទេស​ជាតិ​ ដូច​ជា​ អនុម័ត​ថវិកាជាតិ​ ផែនការ​រដ្ឋ​ ការ​ឲ្យ​រដ្ឋ​ខ្តី​ប្រាក់​ពី​គេ​ ការ​ឲ្យ​រដ្ឋ​ឲ្យ​ប្រាក់​គេ​ខ្ចី​ ការ​សន្យា​នានា​ផ្នែក​ហិរញ្ញវត្ថុ​ និង​ការ​បង្កើត​ កែប្រែ​ ឬ​លុប​ចោល​ពន្ធដារ​ អនុម័ត​យល់ព្រម​ ឬ​លុប​ចោល​សន្ធិសញ្ញា​ ឬ​អនុសញ្ញា​អន្តរជាតិ​ និង​អនុម័ត​ច្បាប់​ផ្សេងៗ​ទៀត​…​។​ល​។​ លើស​ពី​នេះ​ តំណាងរាស្ត្រ​មាន​សិទ្ធិ​ដាក់​សំណួរ​ដល់​រាជរដ្ឋាភិបាល​,​ គណៈកម្មការ​ទាំងឡាយ​របស់​រដ្ឋសភា​អាច​អញ្ជើញ​រដ្ឋមន្ត្រី​មក​បំភ្លឺ​អំពី​បញ្ហា​អ្វីមួយ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទទួលខុសត្រូវ​របស់​ខ្លួន​,​ រដ្ឋសភា​អាច​ទម្លាក់​សមាជិក​គណៈរដ្ឋមន្ត្រី​ ឬ​ទម្លាក់​រាជរដ្ឋាភិបាល​ពី​តំណែង​ ដោយ​អនុម័ត​ញត្តិបន្ទោស​…​។​

​ម្យ៉ាងទៀត​ តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ​សភា​ដែល​តម្រូវ​ឲ្យ​ការ​ឃាត់ខ្លួន​ ការ​ចាប់ខ្លួន​ ការ​ចោទប្រកាន់​ ឬ​ការ​ឃុំខ្លួន​សមាជិក​ណាមួយ​នៃ​រដ្ឋសភា​ នឹង​អាច​ធ្វើ​ទៅ​កើត​ លុះត្រាតែ​មានការ​លើក​អភ័យឯកសិទ្ធិ​សភា​ជា​មុន​សិន​ ។​

​រដ្ឋសភា​នីតិកាល​ទី​៥​បច្ចុប្បន្ន​មាន​សមាជិក​ជា​តំណាងរាស្ត្រ​ចំនួន​១២៣​រូប​ ដែល​៦៨​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​៥៥​រូប​ទៀត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ខណៈ​ដែល​រដ្ឋសភា​នីតិកាល​ទី​៥​នេះ​ ក្នុង​រយៈពេល​ត្រឹមតែ​ប្រមាណ​១​ឆ្នាំ​មាន​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ខ្លួន​ចំនួន​៣០​នាក់​ ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ដោយ​មិន​ទាន់​គិត​ទៅ​ដល់ទី​ប្រឹក្សា​របស់​ប្រធានរដ្ឋសភា​មាន​ចំនួន​ខ្ទង់រយ​នាក់​ទៀត​ផង​ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ចំណាយ​ថវិកា​នៅ​ក្នុង​រដ្ឋសភា​មួយ​ឆ្នាំៗ​មិន​តិច​លាន​ដុល្លារ​អា​មេ​រិ​ក​ឡើយ​(​រួម​ទាំង​មានការ​បង្កើត​បន្ថែម​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​មួយទៀត​ គឺ​គណៈកម្មការ​អង្កេត​ បោសសំអាត​ និង​ប្រឆាំង​អំពើ​ពុក​រលួយ​)​ ។​

​រួម​សេចក្តី​មក​ បើ​យោង​ទៅ​តាម​សក្តានុពល​របស់​រដ្ឋសភា​នីតិកាល​ទី​៥​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ និង​ជា​ម្ចាស់​វាសនា​នៃ​ប្រទេស​ជាតិ​ ចង់​ឃើញ​រដ្ឋសភា​នីតិកាល​ទី​៥​ ដែល​មាន​សមាជិក​ជា​តំណាងរាស្ត្រ​មក​ពី​គណបក្ស​នយោបាយ​ចំនួន​២​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ សូមកុំ​ឲ្យ​ក្លាយទៅជា​"​សភា​ប្រថាប់ត្រា​"​ឲ្យ​រាជរដ្ឋាភិបាល​ដែល​ជា​ស្ថាប័ន​នីតិប្រតិបត្តិ​ មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​ ជា​នាយក​រដ្ឋមន្ត្រី​ ដូច​នីតិកាល​មុនៗ​តទៅ​ទៀត​ ដើម្បី​បាន​ចូលរួម​បម្រើ​ឲ្យ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ និង​ប្រទេស​ជាតិខ្មែរ​ទាំងមូល​ប្រកបដោយ​កិត្យានុភាព​ពិតប្រាកដ​ ៕​

រាស្ត្រម្ចាស់ឆ្នោតចង់ឃើញ​រដ្ឋសភា​នីតិកាល​ទី​៥​ដែល​មាន​២​គណបក្ស​មិនក្លាយទៅជា​”​សភា​ប្រថាប់ត្រា​”​ឲ្យ​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​រាស្ត្រម្ចាស់ឆ្នោតចង់ឃើញ​រដ្ឋសភា​នីតិកាល​ទី​៥​ដែល​មាន​២​គណបក្ស​មិនក្លាយទៅជា​”​សភា​ប្រថាប់ត្រា​”​ឲ្យ​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​

Related