លោក​ អ៊ូ​ វី​រៈ​ សកម្មជន​សិទ្ធិ​មនុស្ស​កម្ពុជា​ ទទួល​រង​ការ​ប្តឹង​ពី​បក្ស​កាន់​អំណាច​ទៅ​តុលាការ​ ទារជំងឺចិត្ត​៤០០​លាន​រៀល​

​លោក​ អ៊ូ​ វី​រៈ​ សកម្មជន​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​ជា​អតីត​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​តំណាង​ដោយ​ឯកឧត្តម​ សុខ​ ឥ​សាន​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ដាក់​ពាក្យ​ប្តឹង​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០១៦​នេះ​ ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​សាធារណៈ​ បំពាន​ទៅ​លើ​មាត្រា​៣០៥​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​ពាក្យបណ្តឹង​របស់​ឯកឧត្តម​ សុខ​ ឥ​សាន​ តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ទាមទារ​ឲ្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ និង​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​លើ​លោក​ អ៊ូ​ វី​រៈ​ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក​ អ៊ូ​ វី​រៈ​ ស្មើនឹង​ទឹកប្រាក់​ចំនួន​៤០០​លាន​រៀល​ ។​

​ការណ៍​ដែល​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​នយោបាយ​កាន់​អំណាច​ដុះ​ស្លែ​នៅ​កម្ពុជា​ ប្តឹង​លោក​ អ៊ូ​ វី​រៈ​ ទៅ​តុលាការ​នោះ​ គឺ​បន្ទាប់​ពី​លោក​ អ៊ូ​ វី​រៈ​ បាន​ផ្តល់​បទ​សម្ភាសន៍​កាលពី​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០១៦​ ជាមួយ​វិទ្យុ​អាស៊ី​សេរី​ ដោយ​បាន​លើក​ឡើង​ថា​ "​យុទ្ធសាស្ត្រ​របស់​គណបក្សកាន់អំណាច​នៅ​ពេល​នេះ​ គឺ​ព្យាយាម​គាបសង្កត់​លោក​ កឹ​ម​ សុខា​ និង​ហិរញ្ញវត្ថុ​របស់​លោក​ ។​ …​ ការណ៍​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​រវល់​គិតគូរ​បំបាក់​គូប្រកួត​ប្រជែង​នយោបាយ​តាម​របៀប​នេះ​ នឹង​កាន់តែ​ធ្វើ​ឲ្យ​បាត់បង់​ប្រជាប្រិយភាព​ខ្លាំង​ ហើយ​មន្ត្រី​នៅ​ក្នុង​បក្ស​នេះ​មួយ​ចំនួន​ក៏​មិន​ពេញចិត្ត​ចំពោះ​យន្តការ​នេះ​ដែរ​ ។​ "​ ។​ ហើយ​ការ​លើក​ឡើង​របស់​លោក​ អ៊ូ​ វី​រៈ​ បែប​នេះ​ ត្រូវ​បាន​គណបក្សកាន់អំណាច​អះអាង​ថា​ ជា​ការ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ ដែល​ជា​ចេតនា​បំផ្លើស​ទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត​ នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ និង​កិត្តិ​ស័ព្ទ​គណបក្ស​ប្រជាជន​កម្ពុជា​ តាម​រយៈ​បំភ្លៃ​រឿងរ៉ាវ​សេ្ន​ហា​បុគ្គល​ឯកជន​រវាង​លោក​ កឹ​ម​ សុខា​ និង​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ "​ស្រី​មុំ​"​ ។​

​គេ​មិន​ទាន់​ដឹង​ថា​ តើ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​ចាត់ការ​យ៉ាងណា​ទៅ​លើ​លោក​ អ៊ូ​ វី​រៈ​ ជា​ជនសង្ស័យ​ក្រោម​ទម្ងន់​នៃ​បណ្តឹង​របស់​គណបក្សកាន់អំណាច​នោះ​នៅឡើយ​ទេ​ ៕​

លោក​ អ៊ូ​ វី​រៈ​ សកម្មជន​សិទ្ធិ​មនុស្ស​កម្ពុជា​ ទទួល​រង​ការ​ប្តឹង​ពី​បក្ស​កាន់​អំណាច​ទៅ​តុលាការ​ ទារជំងឺចិត្ត​៤០០​លាន​រៀល​ លោក​ អ៊ូ​ វី​រៈ​ សកម្មជន​សិទ្ធិ​មនុស្ស​កម្ពុជា​ ទទួល​រង​ការ​ប្តឹង​ពី​បក្ស​កាន់​អំណាច​ទៅ​តុលាការ​ ទារជំងឺចិត្ត​៤០០​លាន​រៀល​លោក​ អ៊ូ​ វី​រៈ​ សកម្មជន​សិទ្ធិ​មនុស្ស​កម្ពុជា​ ទទួល​រង​ការ​ប្តឹង​ពី​បក្ស​កាន់​អំណាច​ទៅ​តុលាការ​ ទារជំងឺចិត្ត​៤០០​លាន​រៀល​

Related