ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ម្នាក់​ដែល​ប៉េ​អឹ​ម​បាញ់​ស្លាប់​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​កក្រើក​រាជធានី​ភ្នំពេញ​ គឺជា​មុខសញ្ញា​ទើប​ចេញពី​គុក​

​សមត្ថកិច្ច​បាន​បញ្ជាក់​អះអាង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០១៦​នេះ​ថា​ ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ម្នាក់​ដែល​កម្លាំង​កងរាជអាវុធហត្ថ​(PM)​រាជធានី​ភ្នំពេញ​ បាញ់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ ក្រោយ​ពេល​បាញ់​តដៃ​ច្រើន​គ្រាប់​ជាមួយ​សមត្ថកិច្ច​ចម្រុះ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ កាលពី​រសៀល​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ នៅ​ត្រង់​ចំណុច​ផ្ទះ​លេខ​៣៧​ យីហោ​ លី​ កុក​ហ៊ុយ​ ខ្វៃ​ជ្រូក​ ផ្លូវ​លេខ​៣៥១​ សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ យ៉ាង​កក្រើក​នោះ​ គឺជា​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ដែល​ទើប​ដោះ​លែង​ចេញពី​ពន្ធនាគារ​ ។​

​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ដែល​ជា​មុខសញ្ញា​ចាស់​ និង​ត្រូវ​សមត្ថកិច្ច​បាញ់​ស្លាប់​នឹង​កន្លែង​នោះ​ មានឈ្មោះ​ លឹ​ម​ គឹ​ម​តេ​ង​ ភេទ​ប្រុស​ ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ និង​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៣​ ពី​បទ​ជួញដូរ​ និង​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ ហើយ​ឧក្រិដ្ឋជន​រូប​នេះ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​កាលពី​អំឡុង​ខែមេសា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ។​

​នេះ​គឺជា​ព័ស្តុតាង​មួយ​ដែល​បង្ហាញ​អំពី​រូបភាព​នៃ​ការ​មិន​រាងចាល​របស់​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ ដែល​ត្រូវ​បាន​ស្ថាប័ន​តុលាការ​ផ្តន្ទាទោស​ក្នុង​កម្រិត​ស្រាល​ពេក​ បង្កប់​ដោយ​អំពើ​ពុក​រលួយ​ ហើយ​មានឱកាស​ឆាប់​បាន​ចេញពី​គុក​ ទទួល​បាន​សេរីភាព​ និង​ជួញដូរ​គ្រឿងញៀន​សា​ជា​ថ្មី​ទៀត​ខ្លាំងក្លា​លើស​ដើម​ ។​

​សូម​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​ពាក់ព័ន្ធ​ទាំងអស់​ (​ទាំង​ថ្នាក់ដឹកនាំ​ប្រទេស​គ្រប់​ស្ថាប័ន​ ទាំង​ប៉ូលិស​ ទាំង​ប៉េ​អឹ​ម​ ទាំង​តុលាការ​…)​ មេត្តា​ពិចារណា​គិតគូរ​ឲ្យ​បាន​ច្បាស់លាស់​អំពី​រឿងរ៉ាវ​គ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ​នេះ​ផង​ កុំ​ឲ្យ​ឈ្លក់​តែ​ទៅ​នឹង​ផលប្រយោជន៍​ស៊ីសំណូកសូកប៉ាន់​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​សម្បើម​ពេក​ ៕​

ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ម្នាក់​ដែល​ប៉េ​អឹ​ម​បាញ់​ស្លាប់​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​កក្រើក​រាជធានី​ភ្នំពេញ​ គឺជា​មុខសញ្ញា​ទើប​ចេញពី​គុក​

Related